ក្រុម​ឧទ្ទាម​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​យល់ព្រម​ដក​អាវុធ​ធុន​ធ្ងន់​

​មេបញ្ជាការ​ជាន់ខ្ពស់​របស់​ក្រុម​ផ្តាច់ខ្លួន​គាំទ្រ​រុ​ស្ស៊ី​ បាន​យល់ព្រម​ដក​អាវុធ​ធុន​ធ្ងន់​ចេញពី​ទី​សមរភូមិ​ប្រឈម​មុខ ​ស្ថិត​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​ទី​២២​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ ដែល​នេះ​ជា​សញ្ញា​មួយ​ នៃ​ការ​បញ្ឈប់​វាតទី​ទឹកដី​ទៅ​មុខ​របស់​ក្រុម​នេះ​ ហើយ​ក៏​ជា​ផ្នែក​មួយ​នៅ​ក្នុង​ការ​អនុវត្ត​តាម​គម្រោង​សន្តិភាព ​ដែល​បាន​ព្រមព្រៀង​ឡើងជា​លក្ខណៈ​អន្តរជាតិ​។​

​ការ​ផ្ទុះអាវុធ​បាន​ស្ងប់ស្ងាត់​នៅ​ទីតាំង​ផ្សេងៗ​ចាប់​តាំង​អំពី​កិច្ចព្រមព្រៀង​ឈប់​បាញ់​ចាប់ផ្តើម​មាន​ប្រសិទ្ធភាព​កាលពី​មួ​យស​ប្តា​ហ៍​កន្លង​ទៅ​ ប៉ុន្តែ​កិច្ចព្រមព្រៀង​សន្តិភាព​នេះ​ហាក់​មានការ​បំពារបំពាន​ ដោយសារ​តែ​ក្រុម​ឧទ្ទាម​បាន​វាយ​ដណ្តើម​គ្រប់គ្រង​ទីប្រជុំជន​ Debaltseve​ បង្ខំ​ឲ្យ​កងទ័ព​អ៊ុយ​ក្រែ​ន​រាប់​ពាន់​នាក់​រត់​ចាក​ចេញពី​ទីនោះ​។​

​ក្រុម​ឧទ្ទាម​បាន​គ្រប់គ្រង​ទីតាំង​យុទ្ធសាស្ត្រ​ដ៏​សំខាន់​គឺ​ទីប្រជុំជន​ Debaltseve​ នេះ​ ហើយ​ពួក​គេ​បាន​ប្រកាស​ដក​អាវុធ​ធុន​ធ្ងន់​ទាំងអស់​ ស្រប​ជាមួយ​ការ​ដោះ​ដូរ​ចំណាប់ខ្មាំង​រាប់​សិប​នាក់​ផង​ដែរ​ជាមួយ​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​កាលពី​ចុង​ស​ប្តា​ហ៍​មុន​។​ ក្រុម​ឧទ្ទាម​ចង់​បង្ហាញ​ឲ្យ​ឃើញ​ពី​សកម្មភាព​ អនុ​វត្តបទ​ឈប់​បាញ់​ឲ្យ​បាន​ពេញលេញ​។​

​ទីភ្នាក់ងារ​ព័ត៌មាន​របស់​រុ​ស្ស៊ី​ Interfax​ បាន​ផ្សព្វផ្សាយ​ដោយ​ដកស្រង់​ប្រភព​ពី​មេបញ្ជាការ​ក្រុម​បះបោរ​ ឈ្មោះ​ Eduard​ Basurin​ បញ្ជាក់​ថា​ «​គម្រោងការ​ត្រូវ​ចុះហត្ថលេខា​កាលពី​យប់មិញ​…​ដោយ​ចាប់ផ្តើម​អនុវត្ត​ចាប់ពី​ថ្ងៃនេះ​រហូត​ដល់​២​ស​ប្តា​ហ៍​ដើម្បី​ដក​អាវុធ​ធុន​ធ្ងន់​»​។​ ចំណែក​ទីភ្នាក់ងារ​ព័ត៌មាន​ TASS​ បាន​បញ្ជាក់​ដែរ​ថា​ លោក​ Eduard​ Basurin​ បាន​ថ្លែង​ថា​ ការ​ដក​អាវុធ​ធុន​ធ្ងន់​កំពុង​ស្ថិត​ក្នុង​កាលៈទេសៈ​រៀង​ចំ​នៅឡើយ​ ហើយ​សកម្មភាព​ពិតប្រាកដ​ នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​អង្គារ​(​ទី​២៤)​ ខែកុម្ភៈ​ តទៅ​។​

​ថ្លែង​តាម​ទូរស័ព្ទ​ អ្នកនាំពាក្យ​យោធា​អ៊ុយ​ក្រែ​ន​ លោក​ Andriy​ Lysenko​ បាន​ថ្លែង​ថា​ មិន​ទាន់​មានការ​អះអាង​បញ្ជាក់​ណាមួយ​នៅឡើយ​ថា​ ក្រុម​ឧទ្ទាម​ពិតជា​បាន​ដក​អាវុធ​របស់​ពួក​គេ​។​ អ្នករាយការណ៍​ព័ត៌មាន​រ៉​យ​ទ័​រ​បាន​បញ្ជាក់​ថា​ រថយន្ត​របស់​ក្រុម​បះបោរ​ប្រមាណ​២០​គ្រឿង​បាន​ដឹក​ប្រព័ន្ធ​កាំជ្រួច​មី​ស៊ី​ល​ប្រឆាំង​យន្តហោះ​ចម្បាំង​ និង​កាំភ្លើង​បាញ់​គ្រាប់បែក​ ចាក​ចេញពី​សមរភូមិ​ Debaltseve​ នោះ​ហើយដោយ​ឆ្ពោះទៅ​កាន់​ទីតាំង​ Donetsk​ វិញ​។​

​កាលពី​ចុង​ស​ប្តា​ហ៍​កន្លង​ទៅ​ រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​ និង​ក្រុម​ឧទ្ទាម​បាន​ព្រមព្រៀង​គ្នា​ ដោះ​ដូរ​អ្នកទោស​ប្រមាណ​២០០​នាក់​។​ ការណ៍​នេះ​ជា​សញ្ញា​មួយ​ចូលរួម​អនុវត្ត​តាម​កិច្ចព្រមព្រៀង​សន្តិភាព​ដែល​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​១២​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ នៅ​រដ្ឋធានី​ Minsk​ ប្រទេស​បេឡា​រុស​ ក្រោយ​ជំនួប​ពិភាក្សា​រវាង​មេដឹកនាំ​បារាំង​,​ អា​ល្លឺ​ម៉​ង់​,​ រុ​ស្ស៊ី​ និង​អ៊ុយ​ក្រែ​ន​រួច​មក​។​

​ភាគី​ទាំង​ពីរ​បាន​ទម្លាក់​កំហុស​គ្នា​ទៅ​វិញ​ទៅ​មក​ថា​ ជា​អ្នក​រំលោភ​លើ​កិច្ចព្រមព្រៀង​ឈប់​បាញ់​ ។​យោធា​អ៊ុយ​ក្រែ​ន​បាន​ថ្លែង​ថា​ ក្រុម​ឧទ្ទាម​បាន​វាយប្រហារ​១២​លើក​ទាំង​យប់​អធ្រាត្រ​មក​លើ​ទីតាំង​របស់​កងទ័ព​ រដ្ឋាភិបាល​ ដោយ​ក្នុង​នោះ​មាន​ប្រើ​កាំភ្លើង​ធុន​ធ្ងន់​ និង​កាំភ្លើងត្បាល់​ជាដើម​។​

​តាម​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​ កម្លាំងយោធា​អ៊ុយ​ក្រែ​ន​បាន​បញ្ជាក់​ថា​ នៅ​ទីប្រជុំជន​ Pesky​ ដែល​នៅ​ក្បែរ​តំបន់​ Donetsk​ នោះ​ជាទី​កន្លែង​មានការ​ផ្ទុះអាវុធ​យ៉ាង​ខ្លាំងក្លា​បំផុត​ ខណៈ​ដែល​ក្រុម​បះបោរ​ប៉ុនប៉ង​ឡោម​ព័ទ្ធ​ទីតាំង​ឈរជើង​របស់​កងទ័ព​អ៊ុយ​ក្រែ​ន​ស្ថិត​នៅ​តំបន់​ Shyrokyne​ ភាគ​ខាងកើត​ទីក្រុង​កំពង់​ផែ​ Mariupol​ នៃ​សមុទ្រ​ Azov​ ។

​ទីក្រុង​គៀវ​បាន​ចោទ​ក្រុម​បះបោរ​ថា​ កំពុង​ក​កើន​កម្លាំង​ទ័ព​ និង​សព្វាវុធ​នៅ​ភាគ​អាគ្នេយ៍​អ៊ុយ​ក្រែ​ន​ ហើយ​ថា​ កងទ័ព​អ៊ុយ​ក្រែ​ន​កំពុង​ប្រុង​ជើងការ​ទប់ទល់​ការ​វាយប្រហារ​ពី​ក្រុម​បះបោរ​ចូល​ទី​កាន់​តំបន់​ Mariupol​ ។​

​ទីភ្នាក់ងារ​ព័ត៌មាន​ DAN​ របស់​ក្រុម​បះបោរ​បាន​ផ្សព្វផ្សាយ​ថា​ កងទ័ព​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​បាន​បាញ់ប្រហារ​ចូល​ទី​កាន់​ទីតាំង​ Donetsk​ ហើយ​ការ​ប្រើ​កាំភ្លើង​ធុន​ធំ​នៅ​តែ​ឮ​សូរ​សំឡេង​នៅឡើយ​កាលពី​ថ្ងៃអាទិត្យ​ ។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​ខាងលើ​នេះ​ដែរ​ នៅ​មុន​ការ​ប្រកាស​ដក​អាវុធ​ធុន​ធ្ងន់​របស់​ក្រុម​បះបោរ​ លោក​ច​ន​ ឃើ​រី​ រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​កបាន​ព្រមាន​រុ​ស្ស៊ី​ថា​ នឹង​នៅ​តែ​បន្ត​អនុវត្ត​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​ឲ្យ​ធ្ងន់​បន្ថែម​ទៀត​ទៅ​លើ​ប្រទេស​នេះ​ ដោយសារ​តែ​សកម្មភាព​របស់​គេ​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​ ។​ អា​មេ​រិ​កបាន​ចាត់​ទុក​ថា​ ទីក្រុង​មូ​ស្គូ​នៅ​តែ​ជា​អ្នក​មិន​អនុវត្ត​តាម​កិច្ចព្រមព្រៀង​សន្តិភាព​ដែល​បាន​ធ្វើ​ឡើង​នៅ​ទីក្រុង​ Minsk​ ។​

​លោក​ឃើ​រី​ បញ្ជាក់​ថា​ ការ​អនុវត្ត​កិច្ចព្រមព្រៀង​ឈប់​បាញ់​ដែល​បាន​ធ្វើ​ឡើង​នៅ​ទីក្រុង​ Minsk​ មិន​ត្រូវ​បាន​គេ​ធ្វើ​តាម​,​ វា​មិន​ច្បាស់លាស់​,​ កិច្ចព្រមព្រៀង​ឈប់​បាញ់​នេះ​ មិនមែន​ជា​ជម្រើស​នោះ​ទេ​។​ កិច្ច​ព្រម​ពៀង​ឈប់​បាញ់​ដែល​ចូល​ជា​ធរមាន​កាលពី​ថ្ងៃ​ទី​១៥​ ខែកុម្ភៈ​ ដោយ​តម្រូវ​ឲ្យ​ដក​រាល់​អាវុធ​ធុន​ធ្ងន់​ចេញពី​ទីតាំង​ប្រឈម​មុខ​ និង​ឲ្យ​ក្រុមប្រឹក្សាសន្តិសុខ​ និង​សហ​ប្រ​តិ​ប​តិ្ត​ការ​អឺរ៉ុប​ចូល​ទៅ​កាន់​ទីតាំង​នោះ​ដើម្បី​ស៊ើបអង្កេត​ ប៉ុន្តែ​មិន​ត្រូវ​បាន​គេ​អនុវត្ត​តាម​នោះ​ឡើយ​។​

​លោក​បន្ត​ថា​ បញ្ហា​នេះ​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​រុ​ស្ស៊ី​ ហើយ​ការ​អនុវត្ត​ដាក់​ទណ្ឌកម្ម​ឲ្យ​បាន​ខ្លាំងក្លា​ជាង​នេះ​ប្រាកដជា​ត្រូវធ្វើ​ឡើង​ ។​ ការ​ដាក់​ទណ្ឌកម្ម​នា​ពេល​កន្លង​មក​បាន​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​រុ​ស្ស៊ី​ខាង​បង់​យ៉ាងច្រើន​ ៕​ យ៉ា​ត​ សុមេធ​

-
_81160055_025533853-1

Loading...

Leave a Reply

Your email address will not be published. Required fields are marked *