ក្រោម​ក្រសែភ្នែក​ជប៉ុន​ ចិន​ធ្វើ​ព្យុហយាត្រា​យោធា​ទ្រង់ទ្រាយ​ធំ​ក្នុងរបប​ដឹកនាំ​លោក​ស៊ី​ ជី​ន​ពីង​

​ប្រភព​បាន​បញ្ជាក់​ថា​ កងទ័ព​របស់​ប្រទេស​ចិន​បាន​និង​កំពុង​ហាត់​សម​ដើម្បី​ចូលរួម​ធ្វើ​ព្យុហយាត្រា​ទ្រង់ទ្រាយ​ធំ​មួយ​ នៅ​ក្នុង​ខែកញ្ញា​ ឆ្នាំ​២០១៥​ខាង​មុខ​នេះ​ ដែល​នៅ​ពេល​នោះ​ កងទ័ព​រំដោះប្រជាជន​ចិន​(PLA)​ មាន​ក្តី​រំពឹង​ថា​ នឹង​បង្ហាញ​ឲ្យ​ឃើញ​លើក​ដំបូង​ជា​សាធារណៈ​នូវ​អាវុធ​ថ្មីៗ​ដែល​ផលិត​ដោយ​ប្រទេស​ចិន​ខ្លួនឯង​ស្ថិត​នៅ​ក្រោម​របប​ដឹកនាំ​របស់​ប្រធានាធិបតី​ស៊ី​ ជី​ន​ពីង​ ។​

​ប្រទេស​ចិន​នឹង​ធ្វើ​ព្យុហយាត្រា​កងទ័ព​រំដោះប្រជាជន​ចិន​(PLA)៤​លើក​នៅ​អំឡុង​ឆ្នាំ​ខាង​មុខ​នេះ​ ស្រប​ទៅ​តាម​អ្វី​ដែល​ទីក្រុង​ប៉េ​កាំ​ង​មើលឃើញ​ប្រទេស​ជប៉ុន​ថា​បាន​និង​កំពុង​ពង្រឹងសមត្ថភាព​ការពារ​ជាតិ​យ៉ាង​ខ្លាំងក្លា​ស្ថិត​ក្រោម​របប​នាយក​រដ្ឋមន្ត្រី​ ស៊ី​ន​ហ្សូ​ អា​បេ​ ជា​អ្នក​ចង់​ឲ្យ​គោលនយោបាយ​ការពារ​ជាតិ​ទីក្រុង​តូ​ក្យូ​រួច​ផុត​ពី​រដ្ឋធម្មនុញ្ញ​ សន្តិភាព​ដែល​ចែង​មក​តាំងពី​មុន​សម័យ​សង្គ្រាម​នោះ​។​

​ប្រភព​ស្និ​ទ្ធិ​មេដឹកនាំ​ចិន​ និង​ប្រភព​សិទ្ធិ​ជាមួយ​កម្លាំងយោធា​ចិន​បាន​ប្រាប់​រ៉​យ​ទ័​រថា​ ការ​ធ្វើ​ព្យុហយាត្រា​ ក៏​មាន​បំណង​បង្ហាញ​ឲ្យ​ឃើញ​ផង​ដែរ​ថា​ លោក​ប្រធានាធិបតី​ស៊ី​ ជី​ន​ពីង​ ជា​អ្នក​ក្តោប​ក្តាប់​ ត្រួតត្រា​ទាំងស្រុង​ទៅ​លើ​កងកម្លាំងប្រដាប់អាវុធ​ ចំ​ពេល​ដែល​យុទ្ធនាការ​ប្រឆាំង​អំពើ​ពុក​រលួយ​នៅ​តាម​ ជួរ​កងទ័ព​ដោយ​ផ្តោត​គោលដៅ​សំខាន់​ទៅ​លើ​បណ្តា​ឧត្តមសេនីយ៍​ និង​មន្ត្រីជាន់ខ្ពស់ៗ​នោះ​បាន​ធ្វើ​ឲ្យ​មានការ​មិន​សប្បាយចិត្ត​មួយ​ចំនួន​ក្នុង​ជួរ​មន្ត្រី​ប្រដាប់​អាវុធ​ថ្នាក់​ក្រោម​។​

​ក្នុង​នាម​អគ្គមេបញ្ជាការ​យោធា​ផុត​លេខ​ លោក​ស៊ី​ ជី​ន​ពីង​ នឹង​ត្រួតពិនិត្យ​ការ​ធ្វើ​ព្យុហយាត្រា​ទាំងឡាយ​នេះ​ ហើយ​លោក​នឹង​ត្រូវ​ចូល​ទៅ​គោរព​វន្ទា​ដោយ​មេបញ្ជាការ​កងទ័ព​ ទាំងឡាយ​ផ្សេងៗ​ទៀត​នៅ​ក្នុង​ព្រឹត្តិការណ៍​ដែល​គេ​រំពឹង​ថា​ នឹង​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ទូ​ទាំង​ប្រទេស​នោះ​។​
​ប្រភព​ជិត​ស្និ​ទ្ធិ​នឹង​មេដឹកនាំ​ចិន​បាន​បញ្ជាក់​ថា​ ការ​ធ្វើ​ព្យុហយាត្រា​លើក​នេះ​មិន​ដូច​គ្នា​ទៅ​នឹង​ការ​ធ្វើ​ព្យុហយាត្រា​លើក​មុនៗ​ឡើយ​។​ នៅ​ពេល​នេះ​នឹង​មានការ​លើក​ជា​ពាក្យស្លោក​ថា​ «xin​ changtai»​ ដែល​មាន​ន័យ​ថា​ លោក​ស៊ី​ ជី​ន​ពីង​ ធ្វើ​ឲ្យ​សេដ្ឋកិច្ច​របស់​ជាតិ​រីក​ចម្រើន​។

​ការ​ធ្វើ​ព្យុហយាត្រា​នៅ​ពេល​នេះ​គឺ​ខុស​ពី​ការ​ធ្វើ​ព្យុហយាត្រា​ជា​លក្ខណៈ​ប្រពៃណី​មុនៗ​របស់​មេដឹកនាំ​ចិន​ ។​ កាលពី​មេដឹកនាំ​ចិន​ Jiang​ Zemin​ និង​លោក​ Hu​ Jintao​ មានការ​ធ្វើ​ព្យុហ​ត្រា​ផង​ដែរ​នៅ​ក្នុង​ឆ្នាំ​១៩៩៩​ និង​ឆ្នាំ​២០០៩​ដើម្បី​ជា​ការ​រំឭក​ដល់​ថ្ងៃ​បង្កើត​កងទ័ព​រំដោះប្រជាជន​ចិន​ក្នុង​ឆ្នាំ​១៩៤៩​ ។​

​ព្យុហយាត្រា​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៣​ ខែកញ្ញា​ ឆ្នាំ​២០១៥​នៅ​ទីក្រុង​ប៉េ​កាំ​ង​ ដើម្បី​ជា​ការ​រំលឹក​ដល់​ខួប​លើក​ទី​៧០​ឆ្នាំ​ ថ្ងៃ​បញ្ចប់សង្គ្រាម​លោក​លើក​ទី​២​។​ នេះ​ជា​ឱកាស​លើក​ដំបូង​បំផុត​សម្រាប់​មេដឹកនាំ​ចិន​លោក​ស៊ី​ ជី​ន​ពីង​ បន្ទាប់​ពី​លោក​បាន​ក្លាយជា​មេដឹកនាំ​បក្ស​កុម្មុយនីស្ត​ចិន​,​ ជា​អគ្គមេបញ្ជាការ​កងទ័ព​ផុត​លេខ​ និង​ជា​ប្រធានាធិបតី​ចិន​កាលពីដើម​ឆ្នាំ​២០១៣​កន្លង​មក​នោះ​។​

​តាម​ប្រភព​បញ្ជាក់​ថា​ កម្លាំង​កងទ័ព​បាន​និង​កំពុង​ធ្វើ​សមយុទ្ធ​ជា​សម្ងាត់​នៅ​តាម​ជាយក្រុង​ប៉េ​កាំ​ង​ដើម្បី​ត្រៀម​ចូលរួម​ធ្វើ​ព្យុហយាត្រា​នេះ​។​ ប្រភព​នេះ​បាន​ស្នើ​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​ ដើម្បី​ចៀសវាង​ពី​ការ​ស្តីបន្ទោស​។​

​ប្រភព​នេះ​មិន​បាន​លាតត្រដាង​ព័ត៌មាន​លម្អិត​ជុំវិញ​អាវុធ​ប្រភេទ​ថ្មី​ដែល​ត្រូវ​យក​មក​ធ្វើ​ព្យុហយាត្រា​នេះ​ឡើយ​ ប៉ុន្តែ​ប្រទេស​ចិន​មាន​មហិច្ឆតា​យ៉ាង​ខ្លាំង​នៅ​ក្នុង​កម្មវិធី​ផលិត​អាវុធ​តាម​បែប​បច្ចេកវិទ្យា​ទំនើបៗ​ ដោយ​ក្នុង​នោះ​មាន​អាវុធ​ប្រឆាំង​ផ្កាយ​រណប​,​ មី​ស៊ី​ល​កម្ទេច​នាវា​ផ្ទុក​យន្តហោះ​ និង​មី​ស៊ី​ល​ប្រឆាំង​យន្តហោះ​ចម្បាំង​បំបាំង​ខ្លួន​ផង​ដែរ​។​

​នាយ​ឧត្តមសេនីយ៍​ Song​ Puxuan​ អតីត​នាយក​សាកលវិទ្យាល័យ​ការពារ​ជាតិចិន​ ដែល​ត្រូវ​បាន​តែងតាំង​ជា​ មេបញ្ជាការ​កងទ័ព​ប្រចាំ​ភូមិភាគ​ក្រុង​ប៉េ​កាំ​ង​កាលពី​ខែមករា​កន្លង​មក​នោះ​នឹង​ដឹកនាំ​ការ​ធ្វើ​ព្យុហយាត្រា​ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ខែកញ្ញា​ខាង​មុខ​នេះ​។​

​តាម​ប្រភព​បញ្ជាក់​ថា​ ក្រៅពី​ព្យុហយាត្រា​ខាងលើ​នេះ​ ចិន​នៅ​មាន​គម្រោង​ធ្វើ​ព្យុហយាត្រា​កម្លាំង​ទាហាន​នៅ​ថ្ងៃ​ទី​១​ ខែតុលា​ ឆ្នាំ​២០១៩​ថែម​ទៀត​ ដើម្បី​ប្រារព្ធ​ខួប​លើក​ទី​៧០​ឆ្នាំ​នៃ​ទិវា​បង្កើត​របប​ប្រជាមានិត​ និង​គម្រោង​ធ្វើ​ព្យុហយាត្រា​២​លើក​ទៀត​នៅ​ថ្ងៃ​ទី​១​ ខែសីហា​ ឆ្នាំ​២០១៧​ ដើម្បី​រំឭក​ខួប​លើក​ទី​៩០​ឆ្នាំ​ ថ្ងៃ​បង្កើត​កងទ័ព​បដិវត្តន៍​ប្រជាជន​ចិន​ និង​នៅ​ថ្ងៃ​ទី​១​ ខែកក្កដា​ ឆ្នាំ​២០២១​ ដើម្បី​រំឭក​ខួប​លើក​ទី​១០០​ឆ្នាំ​ ថ្ងៃ​បង្កើត​បក្ស​កុម្មុយនីស្ត​ចិន​ផង​ដែរ​។​ ការ​ធ្វើ​សមយុទ្ធ​នេះ​ក៏​ជា​ការ​បង្ហាញ​ពី​ការ​គ្រប់គ្រង​ទៅ​លើ​កងកម្លាំង​យោធា​របស់​លោក​ស៊ី​ ជី​ន​ពីង​ ព្រមទាំង​ជា​កា​រប​ង្រឹ​ង​ស្មារតី​ស្នេហា​ជាតិ​ក្នុង​ជួរ​កងកម្លាំងប្រដាប់អាវុធ​។​

​លោក​ស៊ី​ ជី​ន​ពីង​ បាន​ប្រកាស​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​ដែល​ត្រាំត្រែង​នៅ​ក្នុង​ប្រទេស​ចិន​រាប់​ទសវត្សរ៍​មក​កន្លង​មក​ហើយ​ ជា​ពិសេស​នៅ​ក្នុង​ជួរ​កងទ័ព​តែ​ម្តង​។​ សកម្មភាព​នេះ​ ទោះ​ច្រើន​ ឬ​តិច​ ប្រាកដជា​ធ្វើ​ឲ្យ​មានការ​ឈឺចាប់​ខាង​ស្មារតី​ មិន​ងាយ​ជា​សះស្បើយ​ឆាប់ៗ​ឡើយ​ ហើយ​ក៏​ជា​ឧបសគ្គ​ដល់​ការ​ក្តោប​ក្តាប់​អំណាច​របស់​បក្ស​ផង​ដែរ​។​

​មន្ត្រីជាន់ខ្ពស់​របស់​កម្លាំងយោធា​ដែល​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត​ពី​បទ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ គឺ​មាន​លោក​ឧត្តមសេនីយ៍​ Xu​ Caihou​ ដែល​ចូល​និវត្តន៍​ក្នុង​តំណែង​ជា​អនុប្រធាន​គណៈកម្មការ​កងទ័ព​មជ្ឈិម​ក្នុង​ឆ្នាំ​២០១៣​។​ លោក​ត្រូវ​គេ​ស៊ើបអង្កេត​ករណី​កិបកេង​សម្ភារ​យោធា​យក​ទៅ​លក់​ ។​
​មន្ត្រី​យោធា​ចូល​និវត្តន៍​របស់​ចិន​បាន​បញ្ជាក់​ថា​ អំពើ​ពុក​រលួយ​ក្នុង​ជួរ​កងទ័ព​បដិវត្តន៍​ប្រជាជន​ចិន​ជា​មូលហេតុ​ធ្វើ​ឲ្យ​សមត្ថភាព​ក្នុង​ការ​ធ្វើសង្គ្រាម​របស់​កងទ័ព​ចុះ​ខ្សោយ​។​

​ការ​ធ្វើ​ព្យុហយាត្រា​កម្លាំងយោធា​នេះ​ក៏​ជា​សារ​មួយ​ផ្ញើ​ទៅ​កាន់​ប្រទេស​ជិតខាង​ដូច​ជា​ជប៉ុន​ជាដើម​ និង​ជា​ការ​ពង្រឹង​ដល់​កម្លាំង​ស្នេហា​ជាតិ​របស់​ចិន​ផង​ដែរ​។​

​ចិន​ និង​ជប៉ុន​មានរឿង​រ៉ាវ​ជួរ​ចត់​កាលពី​អតីតកាល​ ។​ ជា​និច្ចកាល​ ចិន​តែងតែ​រំលឹក​ដល់​ការ​សម្លាប់​រង្គាល​ប្រជាជន​របស់​ខ្លួន​នៅ​ខេត្ត​ណា​ន​ជី​ង​ក្នុង​ឆ្នាំ​១៩៣៧​ ដែល​មាន​រហូត​ដល់​៣០០.០០០​នាក់​ ។​ ប្រភព​ខ្លះ​ទៀត​បញ្ជាក់​ថា​ អ្នក​ស្លាប់​ក្នុង​កាល​ណោះ​មាន​រហូត​ដល់​១៤២.០០០​នាក់​ ប៉ុន្តែ​អ្នកនយោបាយ​អភិរក្ស​ជប៉ុន​មួយ​ចំនួន​ រួម​ជាមួយ​ក្រុម​សាស្ត្រាចារ្យ​ផង​ដែរ​បាន​បដិសេធ​ថា​ ពុំ​មាន​ចំនួន​ច្រើន​ដល់​ម្លឹ​ង​នោះ​ទេ​។​

​មហាអំណាច​សេដ្ឋកិច្ច​ពិភពលោក​ទី​២​ និង​ទី​៣​នេះ​ក៏​មាន​ជម្លោះ​ប្រឈម​មុខ​តានតឹង​ដាក់​គ្នា​ផង​ដែរ​ទៅ​លើ​ប្រជុំ​កោះ​ស្ថិត​នៅ​សមុទ្រ​ចិន​ភាគ​ខាងកើត​ ។​
​លោក​អា​បេ​ បាន​ថ្លែង​ថា​ ខ្លួន​បាន​ធ្វើ​ឲ្យ​សម្រេច​បំណង​ដើម្បី​កងកម្លាំង​មាន​សិទ្ធិ​អំណាច​គ្រប់គ្រាន់​ ក្នុង​នោះ​មានការ​កែប្រែ​រដ្ឋធម្មនុញ្ញ​សន្តិភាព​របស់​ជប៉ុន​ផង​ដែរ​។​ វា​អាច​ឲ្យ​ជប៉ុន​មាន​សិទ្ធិ​ផ្តល់​ជំនួយ​ទៅ​ឲ្យ​សម្ពន្ធមិត្ត​ ក៏​ដូច​ជា​ការ​ត្រួសត្រាយ​ផ្លូវ​ដើម្បី​កងទ័ព​ជប៉ុន​មាន​សិទ្ធិ​ធ្វើសង្គ្រាម​នៅ​ក្រៅប្រទេស​ ជា​លើក​ដំបូង​បំផុត​ចាប់តាំងពី​សង្គ្រាមលោក​លើក​ទី​២​មក​នោះ​។​

​ប៉ុន្តែ​វា​គ្រាន់តែ​ជា​លេស​មួយ​របស់​ប្រទេស​ចិន​ប៉ុណ្ណោះ​ ដើម្បី​បំពេញ​មហិច្ឆតា​មហាអំណាច​យោធា​នៅ​ក្នុង​តំបន់​ដែល​ជា​និច្ចកាល​ធ្វើ​ឲ្យ​ប្រទេស​នៅ​ក្នុង​តំបន់​មានការ​ព្រួយបារម្ភ​ ។​ សកម្មភាព​ពេល​ខ្លះ​របស់​ចិន​ទៅ​លើ​តំបន់​មាន​ជម្លោះ​ភាគ​ខាងត្បូង​សមុទ្រ​ចិន​ក៏​ទទួល​រង​ ការ​រិះគន់​ពី​ទីក្រុង​វ៉ា​ស៊ី​ន​ផង​ដែរ​ ៕​ យ៉ា​ត​ សុមេធ​

2015-02-13T043054Z_2_LYNXMPEB1C02U_RTROPTP_3_AUSTRALIA-CHINA
chinese_missiles_2_91296525
(FILES) In a file picture taken on Octob
1511078_626616454111316_5135654313381278472_n
508x340xmilitary-parade.jpg.pagespeed.ic.vrrGD3zIhV

Loading...

Leave a Reply

Your email address will not be published. Required fields are marked *