ក្លឹប​អ្នកកាសែត​កម្ពុជា ថ្កោលទោស​ពី​ការសម្លាប់ ដោយ​កាត់​ក្បាល ចំណាប់ខ្មាំង​ជនជាតិ​ជប៉ុន​ពីរ​នាក់​

ភ្នំពេញ: ក្លឹប​អ្នកកាសែត​កម្ពុជា (​ក​.​អ​.​ក​) មានការ​រន្ធត់ចិត្ត និង​ក្រៀមក្រំ​បំផុត បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ថា ចំណាប់ខ្មាំង​ជនជាតិ​ជប៉ុន ពីរ​នាក់ ត្រូវបាន​ក្រុម​ជី​ហាត នៃ​រដ្ឋ​អ៊ីស្លាម (ISIS) សម្លាប់​ដោយ​កាត់​ក្បាល ក្នុងនោះ​ក៏មាន​អ្នកកាសែត ឯករាជ្យ​ជប៉ុន​ម្នាក់​ផងដែរ គឺ​លោក Kenji Goto​។

អ្នក​ទាំងពីរ ត្រូវបាន​សម្លាប់ ជា​បន្តបន្ទាប់ ក្នុង​រយៈពេល​តែមួយ​សប្តាហ៍ ចុងក្រោយ​នេះ​។ ក្រុម​ភេរវ​និយម​នេះ ក៏បាន​សម្លាប់​អ្នកកាសែត និង​ចំណាប់ខ្មាំង​ម្នាក់ទៀត យ៉ាង​សាហាវ និង​បាន​បង្ហោះ​រូបភាព តាម​ប្រព័ន្ធ​អ៊ីនធឺណិត ទៀតផង​។ នេះ​បើ​យោងតាម​សេចក្តីថ្លែងការណ៍​មួយ របស់​ក្លឹប​អ្នកកាសែត​កម្ពុជា នៅ​ថ្ងៃទី​២ ខែកុម្ភៈ ឆ្នាំ​២០១៥​។​

​ក្លឹប​អ្នកកាសែត​កម្ពុជា (​ក​.​អ​.​ក​) ចាត់ទុក​ឃាតកម្ម លើ​អ្នកកាសែត​ខាងលើនេះ ជា​អំពើ​ព្រៃផ្សៃ សាហាវយង់ឃ្នង ប្រឆាំង​មនុស្សជាតិ និង​រំលោភ​យ៉ាងធ្ងន់ធ្ងរ លើ​សេរីភាព​សារព័ត៌មាន និង​សិទ្ធិមនុស្ស ដែល​មិនអាច​អត់ឱន បាន ឡើយ​។

​ក្លឹប​អ្នកកាសែត​កម្ពុជា ប្រកាស​ថ្កោលទោស យ៉ាង​ដាច់អហង្ការ ចំពោះ​អំពើ​ព្រៃផ្សៃ អមនុស្សធម៌​នេះ ហើយ​អំពាវនាវ​ដល់ សហគមន៍​អន្តរជាតិ និង​មនុស្សជាតិ លើ​សកលលោក រួមគ្នា​ថ្កោលទោស និង​ចាត់វិធានការ តាម​គ្រប់​រូបភាព ដើម្បី​ប្រឆាំង​ក្រុម​ភេរវកម្ម ដោយ​មិនអាច​លើកលែង​បានឡើយ​។​

​ក្លឹប​អ្នកកាសែត​កម្ពុជា សូម​ចូលរួម​រំលែក​ទុក្ខ យ៉ាង​ក្រៀមក្រំ​ជាមួយ ក្រុមគ្រួសារ​នៃ​សព រួមទាំង​ប្រជាជន​ជប៉ុន ហើយ​សូម​បួងសួង សូម​ឲ្យ​វិញ្ញាណ​ក្ខ័​ន្ធ អ្នកស្លាប់​ទាំងអស់ បាន​ទៅកាន់​សុគតិភព​។​ ក្លឹប​អ្នកកាសែត​កម្ពុជា គឺជា​អង្គការ​ឯករាជ្យ មាន​បេសកកម្ម បំរើ​ផលប្រយោជន៍ និង​ការពារ​អ្នកកាសែត ព្រមទាំង​លើកកម្ពស់ សេរីភាព​សារព័ត៌មាន និង​ពង្រឹង​វិជ្ជាជីវៈ​សារព័ត៌មាន នៅក្នុង​ប្រទេស​កម្ពុជា​៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *