ខណៈវិបត្តិស្តីពីជនភៀសខ្លួនកាន់តែអាក្រក់ លោកស្រីម៉ាក់កែល និងលោកហូឡង់ មានបំណងពន្លឿនពិភាក្សាលើជំនួយបន្ទាន់

ប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់ និងរដ្ឋាភិបាលបារាំងនឹងជំរុញឲ្យសហភាពអឺរ៉ុបទាំងមូលជួយពន្លឿន ក៏ដូចជាការឯកភាពគ្នាជាធ្លុងមួយនៅក្នុងបញ្ហាវិបត្តិជនភៀសខ្លួនដែលកំពុងតែមានស្ថានភាពកាន់តែអាក្រក់ឡើងពីមួយថ្ងៃទៅមួយថ្ងៃនោះ ។ ប្រទេសអាល្លឺម៉ង់បានត្អួញត្អែរទន្ទកទន្ទេញយ៉ាងរត់មាត់ថា ខ្លួនជាអ្នករែកពុនធ្ងន់ជាងគេចំពោះវិបត្តិដ៏ធំមួយនេះ ។

លោកស្រីអធិការបតីអាល្លឺម៉ង់ អេងហ្គេឡា ម៉ាក់កែល និងប្រធានាធិបតីប្រទេសបារាំង លោក ហ្រ្វង់ស័រ ហូឡង់ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៥ មានគម្រោងជួបពិភាក្សាគ្នានៅក្នុងទីក្រុងប៊ែកឡាំង ប្រទេសអាល្លឺម៉ង់ ដើម្បីពិភាក្សាថា តើត្រូវពន្លឿនការផ្តល់ជំនួយបែបម៉េចទៅលើជនភៀសខ្លួនរាប់ពាន់នាក់នោះ ហើយក្នុងចំណោមពួកគេទាំងអស់បានផ្សងគ្រោះថ្នាក់ ប្តូរជីវិតផ្សងព្រេងនៅលើផ្ទៃមហាសមុទ្រ ចូលមកកាន់តំបន់អឺរ៉ុបភាគខាងត្បូង មុនពេលពួកគេមានឱកាសធ្វើដំណើររៀងៗខ្លួននៅលើវិថីនៅទូទាំងទ្វីបនេះ ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី២០ ខែសីហា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាល្លឺម៉ង់ លោក Thomas de Maiziere បានបញ្ជាក់ថា ជាមួយសមភាគីបារាំង លោក Bernard Cazeneuve នោះ សហភាពអឺរ៉ុបត្រូវតែមានសកម្មភាពឲ្យបានឆាប់រហ័សជាងនេះ ខណៈដែលចំនួនជនភៀសខ្លួននៅទូទាំងសហភាពអឺរ៉ុបមានកំណើនយ៉ាងខ្លាំងនៅអំឡុងខែចុងក្រោយនេះ ។

លោក de Maiziere រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាល្លឺម៉ង់បានថ្លែងថា វាពិតជាមិនអាចទទួលយកបានឡើយដែលសហភាពអឺរ៉ុបនៅតែបន្តការងារប្រតិបត្តិការដូចនាពេលបច្ចុប្បន្ននេះ ។ លោកបានថ្លែងបែបនេះ ក្រោយមួយថ្ងៃដែលប្រទេសអាល្លឺម៉ង់បានប្រកាសខ្លួនទទួលបន្ទុកជនភៀសខ្លួន និងជនស្វែងរកសិទ្ធិជ្រកកោនរហូតដល់៨០០.០០០នាក់នៅក្នុងឆ្នាំ២០១៥នោះ ។

លោក de Maiziere បានថ្លែងថា លោក និងលោក Cazeneuve បានយល់ស្របតាមសំណើរបស់អ៊ីតាលី និងក្រិច ដែលស្នើឲ្យសហគមន៍អឺរ៉ុបពិចារណាបង្កើតមណ្ឌលរង់ចាំមួយសម្រាប់ជនភៀសខ្លួនដែលទើបមកដល់ថ្មី ។ បណ្តាប្រទេសទាំងឡាយដែលមានព្រំដែនជាប់ជាមួយសហគមន៍អឺរ៉ុបក៏ត្រូវការជំនួយគាំទ្រពីសហភាពអឺរ៉ុបដើម្បីប្រឆាំងក្រុមអ្នករត់ពន្ធមនុស្ស និងជាមូលហេតុដែលនាំឲ្យមានជនភៀសខ្លួនមានចំនួនកាន់តែច្រើនឡើង ។

ថ្លែងទៅកាន់បណ្តាញទូរទស្សន៍អាល្លឺម៉ង់កាលពីថ្ងៃទី២០ ខែសីហា លោក de Maiziere ដែលជាបុគ្គលជិតស្និទ្ធជាមួយលោកស្រីម៉ាក់កែលនោះបញ្ជាក់ថា វាច្បាស់ណាស់ថា ប្រទេសអ៊ីតាលី និងប្រទេសក្រិចត្រូវការជំនួយ ហើយថាវាមានទំហំទឹកប្រាក់ដ៏ច្រើនសម្រាប់សហភាពអឺរ៉ុប ។ លោកបត្អូញត្អែរថា អាល្លឺម៉ង់ម្នាក់ឯងរាប់រងជនភៀសខ្លួនប្រមាណ៤០ភាគរយក្នុងចំណោមជនភៀសខ្លួនសរុបនៅក្នុងសហភាពអឹរ៉ុបទាំងមូល ។

លោក De Maiziere បានថ្លែងនៅក្នុងសន្និសីទកាសែតដែរថា គណៈកម្មាធិការសហភាពអឺរ៉ុបត្រូវការដាក់ការគាបសង្កត់បន្ថែមទៀតទៅលើប្រទេសទាំងឡាយក្រៅពីសហភាពអឺរ៉ុប ជាពិសេសសប្រទេសទាំងនោះដែលកំពុងស្វះស្វែងរកការចូលរួមជាមួយសហភាពអឺរ៉ុប ស្ថិតនៅតំបន់ Balkan ជាដើមឲ្យទទួលយកជនភៀសខ្លួនត្រឡប់ទៅវិញ ក៏ដូចជាដកសិទ្ធិចេញពីការសុំនៅជាជនភៀសខ្លួន។

លោកស្រីម៉ាក់កែល ដែលបានចាត់ទុកថា ជារឿងទោមនស្សមួយយ៉ាងខ្លាំងដែលអាល្លឺម៉ង់ទទួលបន្ទុកលើជនភៀសខ្លួនដែលមិនមានសម្មាមាត្រ ។ កាលពីដើមសប្តាហ៍នេះ លោកស្រីបានថ្លែងថា សហភាពអឺរ៉ុបត្រូវការជាបន្ទាន់ការរួបរួមគ្នាក្នុងនយោបាយប្រឈមវិបត្តិមនុស្សធម៌ដ៏អាក្រក់ខ្លាំងឡើងនេះ ។ លោកស្រីបញ្ជាក់ថា បញ្ហានេះវាកំពុងតែក្លាយទៅជាការគាបសង្កត់ខ្លាំងឡើងថែមទៀតទៅលើសហភាពអឺរ៉ុបជាងតំបន់ដែលចាយប្រាក់អឺរ៉ូទៅទៀត ។ យើងត្រូវការនយោបាយជាលក្ខណៈទូទៅនៅក្នុងសិទ្ធិរស់នៅជាជនភៀសខ្លួនក្នុងសហភាពអឺរ៉ុប ។

ប្រទេសអង់គ្លេស កាលពីថ្ងៃទី២០ ខែសីហា បានបញ្ជាក់ថា ខ្លួននឹងបរិច្ចាគទឹកប្រាក់១០លានអឺរ៉ូជួយដល់ជំនួយមនុស្សធម៌បារាំង ក៏ដូចជួយពន្លឿនដំណើរការស្វែងរកសិទ្ធិជ្រកកោនជនភៀសខ្លួនរាប់ពាន់នាក់នៅក្នុងជំរំ Calais ដែលជាការជួយសម្រួលដល់ទុក្ខលំបាក។

វិធានការខាងលើនេះត្រូវបានប្រកាសឡើងដោយរដ្ឋមន្ត្រីមហាផ្ទៃអង់គ្លេស Theresa May និងលោក Bernard Cazeneuve អំឡុងពេលធ្វើទស្សនកិច្ចរួមទៅកាន់ភាគខាងជើងទីក្រុងកំពង់ផែ Calais ប្រទេសបារាំង ។

នៅទីក្រុងអ៊ីស្តង់ប៊ូល ប្រមុខទទួលបន្ទុកការងារផ្តល់ជំនួយទួរគី លោក Fuat Oktay បានប្រាប់រ៉យទ័រថា សហគមន៍អឺរ៉ុបមិនបានទទួលបន្ទុកជនភៀសខ្លួនស៊ីរីខ្លាំងដូចទួរគីនោះឡើយ ។ ទួរគីជាប្រទេសជាប់ព្រំដែនស៊ីរី ហើយជាអ្នករែកពុនតែម្នាក់ឯងនៅក្នុងវិបត្តិជនភៀសខ្លួនចូលមកពីប្រទេសស៊ីរី ។

ជារៀងរាល់សប្តាហ៍ ជនភៀសខ្លួនរាប់ម៉ឺននាក់បានទៅដល់ទឹកដីអ៊ីតាលី និងប្រទេសក្រិច ។

អាល្លឺម៉ង់ក្លាយជាប្រទេសរែកពុនធ្ងន់ណាស់ដែរចំពោះជនភៀសខ្លួនដោយសារសង្គ្រាម អំពើហិង្សា និងភាពក្រីក្រនៅតំបន់អាស៊ី តំបន់អាហ្វ្រិក និងមជ្ឈិមបូព៌ា ខណៈដែលរយៈពេល៦ខែសោះ ជនភៀសខ្លួនរហូតដល់២១៨.២២១នាក់បានទៅដល់អាល្លឺម៉ង់ ។ ដោយមូលហេតុនេះហើយទើបអល្លឺម៉ង់ព្យាករណ៍ថា នៅក្នុងឆ្នាំនេះ អាល្លឺម៉ង់ទំនងទទួលបន្ទុកជនភៀសខ្លួនរហូតដល់៨០០.០០០នាក់ ៕

french-president-hollande

burundian-refugees-gather

Loading...

Leave a Reply

Your email address will not be published. Required fields are marked *