ខណៈសមត្ថកិច្ចរវល់ជាប់ដៃរឿងឃោសនាបោះឆ្នោត ឈ្មួញទុច្ចរឹតសម្រុកប្រព្រឹត្តបទល្មើសព្រៃឈើរាលដាលពេញបន្ទុក

ភ្នំពេញ៖ ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅក្នុង​ខេត្តព្រះវិហារ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ព្រៃ​ព្រះ​រកា ចេញពី​ព្រៃ​ឡង់ កំពុងតែ​កើតឡើង​ច្រើនជាង​មុន​ព្រោះ​សមត្ថកិច្ច​ជាប់រវល់​ចូលរួម​ក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត យ៉ាង​សស្រាក់សស្រាំ​ហើយ​ទុកចោល​តួនាទី​របស់ខ្លួន​។

ប្រភពពី​សកម្មជន​ព្រៃឈើ តំណាង​សហគមន៍​ការពារ​ព្រៃឈើ និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល បាន​ឲ្យ​ដឹងថា ឈ្មួញ​ជាច្រើន​នាក់​កំពុង​សម្រុក​ដឹកជញ្ជូន​ឈើ​ចេញពី​ខេត្តព្រះវិហារ ចូលទៅ​ខេត្តសៀមរាប និង​ខេត្តកំពង់ធំ យ៉ាង​ពេញបន្ទុក​ដោយ​គ្មាន​មន្ត្រី​បរិស្ថាន មន្ត្រីរដ្ឋបាល​ព្រៃឈើ ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។

ប្រការនេះ​កំពុងតែ​ធ្វើ​ឲ្យ​ព្រៃឈើ​នៅក្នុង​តំបន់​ព្រៃ​ព្រះ​រកា ក៏ដូចជា​នៅក្នុង​តំបន់​ព្រៃ​ឡង់​នៃ​ខេត្តព្រះវិហារ ត្រូវ​ប្រឈម​នឹង​សេចក្ដី​វិនាស​ព្រោះ​សមត្ថកិច្ច​ជាប់រវល់​រក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​ក្នុង​យុទ្ធ​ការឃោសនាបោះឆ្នោត ហើយ​មិន​បំពេញ​តួនាទី​របស់ខ្លួន​ក្នុងការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​នោះទេ​។

​ប្រភពពី​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពង់ធំ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា បច្ចុប្បន្ន​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ព្រៃ​ឡង់​នៃ​ស្រុក​សណ្ដាន់ នៅតែ​បន្ត​កើតឡើង​យ៉ាង​ពេញបន្ទុក ព្រោះ​សមត្ថកិច្ច​ជាប់រវល់​ក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត ហើយ​បណ្ដោយ​ឲ្យ​ឈ្មួញ​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ព្រៃ​ឡង់​យ៉ាង​ពេញបន្ទុក​។

ចំណែក​ប្រជាពលរដ្ឋ​ក្នុងស្រុក​សំបូរ ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា​បទល្មើស​ដឹកជញ្ជូន​ឈើ​ពី​ខេត្តស្ទឹងត្រែង ចូល​ខេត្តក្រចេះ ចេញទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ក្នុងស្រុក​ស្នួល ខេត្តក្រចេះ និង​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ កំពុង​កើតឡើង​កាន់តែ​ខ្លាំងក្លា​ជាង​មុន​ទៅទៀត​។

ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា សមត្ថកិច្ច​ក្នុង​ខេត្តក្រចេះ ជាប់រវល់​ក្នុងការ​ឃោសនាបោះឆ្នោត ដូច្នេះហើយ​ទើប​ឈ្មួញ​ទាំង​ជនជាតិ​យួន​និង​ជនជាតិខ្មែរ​កំពុង​បង្កើន​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​រលូន​។

​រីឯ​ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅក្នុង​ស្រុក​សៀម​ប៉ាង ស្រុក​សេសា​ន និង​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា រយៈពេល​ប្រមាណ​១​សប្ដាហ៍​កន្លងទៅនេះ​បទល្មើស​ដឹកជញ្ជូន​ឈើ​ចេញពី​ខេត្តស្ទឹងត្រែង ចូលទៅ​ខេត្តក្រចេះ និង​ខេត្តរតនគិរី មានការ​កើនឡើង​ច្រើនជាង​មុន​ទៅទៀត​។

ការដែល​ឈ្មួញ​អាច​បង្កើន​សកម្មភាព​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ខេត្តស្ទឹងត្រែង ចូលទៅ​ខេត្តរតនគិរី និង​ខេត្តក្រចេះ យ៉ាង​រាលដាល​គឺ​ដោយសារ​សមត្ថកិច្ច​នគ​របាល សមត្ថកិច្ច​អាវុធហត្ថ និង​កម្លាំងយោធា​ជាដើម​ជាប់រវល់​ចូលរួម​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់​ក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​។

ឈ្មួញ​ជនជាតិខ្មែរ​និង​ជនជាតិ​យួន​ច្រើន​នាក់​អាច​ដឹកជញ្ជូន​ឈើ​តាម​ក្បួន​រថយន្ត​សាំ​យ៉ុង និង​រថយន្ត​ច្រើន​ប្រភេទ​ទៀត​ទាំង​ខ្សែៗ​ពី​ខេត្តស្ទឹងត្រែង ឆ្លងកាត់​ខេត្តរតនគិរី ហើយ​ចេញទៅ​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ ដោយ​គ្មាន​ការរំខាន​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​ឡើយ​។

លើស​នេះ​ទៅទៀត​ព្រៃឈើ​ដែល​នៅ​សេសសល់​ក្នុងស្រុក​លំផាត់ ស្រុក​វ៉ើ​ន​សៃ ស្រុក​កូន​មុំ ស្រុក​តា​វែង ស្រុក​អណ្ដូង​មាស និង​ស្រុក​អូ​រយ៉ា​ដាវ ខេត្តរតនគិរី កំពុង​ត្រូវ​ឈ្មួញ​យួន​និង​ឈ្មួញ​ខ្មែរ​ច្រើន​នាក់​កាប់រំលំ​អារច្រៀក​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក ព្រោះ​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាប់រវល់​ក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​អស់​ទៅហើយ​៕

 

Loading...