ខឹងប្រពន្ធសម្លាប់កូនស្រី៣នាក់រួចចងក សម្លាប់ខ្លួនឯង

ភ្នំពេញ៖ ផ្ដើមពីទំនាស់ក្នុងគ្រួសារបន្តិចបន្តួច ប្ដីខឹងប្រពន្ធ ក៏ដាច់ចិត្ត សម្លាប់កូនខ្លួនឯងទាំង៣នាក់ រួចសម្លាប់ខ្លួនឯងតាមក្រោយ បង្កការភ្ញាក់ផ្អើល នៅវេលាម៉ោង ប្រមាណជា៩យប់ថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២០ នៅចំណុចបន្ទប់ជួល តាមបណ្ដោយផ្លូវ១៩១៣ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថាសពអ្នកទាំង៤ ទី១ ឪពុកមានឈ្មោះ ជា សុខជុំ អាយុ៤០ ឆ្នាំមុខរបររត់ម៉ូតូកង់បី ស្រុកកំណើត នៅខេត្តកំពង់ចាម ទី២ មានឈ្មោះ ជុំ ម៉េងជូ ភេទស្រី អាយុ១៦ឆ្នាំ ទី៣មានឈ្មោះ ជុំ ម៉េងចិន ភេទស្រី អាយុ៥ឆ្នាំ និងទី៤ មានឈ្មោះ ជុំ ម៉េងជៀន ភេទស្រី អាយុ៤ឆ្នាំ រីឯម្ដាយនិងជាប្រពន្ធ មានឈ្មោះ ឌីម សុណាតអាយុ៣៨ឆ្នាំ ធ្វើការរោងចក្រ លីអូ នៅទួលសង្កែ ។គ្រួសារមួយនេះ បានមកស្នាក់នៅ បន្ទប់ជួលជាច្រើនឆ្នាំ កន្លងមកហើយ ។

បើតាមការរៀបរាប់ពីស្ត្រីឈ្មោះ ឌីម សុខនាត ជាប្រពន្ធប្រាប់ឲ្យដឹងថា កន្លងមករូបគាត់និងប្ដី មានទំនាស់គ្នាបន្តិចបន្តួចនៅក្នុងគ្រួសារ ពេលដែលមានទំនាស់គ្នាម្ដងៗ ប្ដីគាត់តែងតែ គំរាមមកលើរូបគាត់ ប្រាប់ថាថ្ងៃណាមួយ អញនឹងសម្លាប់កូនចោលឱ្យអស់ ។ មុនពេលភ្ញាក់ផ្អើលករណីនេះ រូបគាត់ទើបចេញពី ធ្វើការរោងចក្រ ក៏រុញទ្វារបន្ទប់ ចូលមើលឃើញ កូននិងប្ដីគាត់ស្លាប់នៅក្នុងបន្ទប់រណូករណែលទៅហើយ ។

នៅកន្លែងកើតហេតុ គេឃើញវត្តមាន លោកអភិបាលខណ្ឌសែនសុខ និងលោកអធិការខណ្ឌ រួមទាំងមន្ត្រីអាវុធហត្ថខណ្ឌនិងផ្នែកជំនាញ ចុះមកពិនិត្យកន្លែងកើតហេតុ និងបានធ្វើកោសល្យវិច័យចប់សព្វគ្រប់ រួចសន្និដ្ឋានថា ការស្លាប់របស់កូនៗ ដោយសារឪពុកច្របាច់កសម្លាប់ រួចឳពុក យកក្រមាចងភ្ជាប់នឹងធ្នឹម ចងកតាមក្រោយ ។ សាកសពអ្នកទាំង៤ ត្រូវបានយកទៅ ស្រុកកំណើតនៅខេត្តកំពង់ចាមដើម្បីធ្វើបុណ្យតាមប្រពៃណី៕

Loading...