ខឹងម៉ែតាមដល់បន្ទប់ខារ៉ាអូខេ នគរបាលស័ក្តិ៥ម្នាក់ អាម៉េកាំភ្លើងបាញ់១១គ្រាប់ ផ្អើលខារ៉ាអូខេ “ពិភពរាត្រី”

ភ្នំពេញៈ បុរសម្នាក់ បានបាញ់ទម្លុះរថយន្តរបស់ខ្លួន អស់១១គ្រាប់ ដោយសារខឹងម្ដាយទៅរករឿង ខណៈពេលខ្លួនកំពុងច្រៀងលេងកម្សាន្តសប្បាយនៅក្នុងហាងខារ៉ាអូខេយីហោ “ពិភពរាត្រី” ស្ថិតក្នុងភូមិសាស្ត្រសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីវេលាម៉ោងជាង១១យប់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨។

មន្ត្រីអាវុធហត្ថម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះ ប្រាប់ថា មន្ត្រីនគរបាលបង្កការបាញ់បោះខាងលើ ត្រូវបានកម្លាំងអាវុធហត្ថស្គាល់អត្តសញ្ញាណហើយ ឈ្មោះ ឌិន វណ្ណណូរ៉ា ភេទប្រុស ៣៨ឆ្នាំ ជាមន្ត្រីនគរបាល ឋានន្តរសក្ដិ​ វរសេនីយ៍ឯក​ (សក្តិ៥) មានតួនាទី ជានាយការិយាល័យភស្តុភារ នៃអគ្គនាយយកដ្ឋានអត្តសញ្ញាណកម្ម ។

ប្រភពរាយការណ៍ថា នៅមុនពេលកើតហេតុ មន្ត្រីនគរបាលជាជនបង្កបានបើករថយន្តម៉ាក ហាយឡែនឌ័រ ពណ៌កណ្ដុរប្រមេះ ពាក់ស្លាកលេខ ភ្នំពេញ 2D-3913 មកចូលច្រៀងខារ៉ាអូខេនៅហាង “ពិភពរាត្រី” ខាងលើ។ លុះមួយសន្ទុះក្រោយមក ស្រាប់តែលេចមុខម្ដាយ ដោយបានទៅរករឿងដល់កន្លែងតែម្ដង ធ្វើឲ្យមន្ត្រីនគរបាលរូបនោះ មានការខឹងសម្បារនឹងម្ដាយយ៉ាងខ្លាំង ហើយស្ទុះដើរចេញមកខាងក្រៅ រួចធ្វើសកម្មភាពដកកាំភ្លើងបាញ់សំដៅរថយន្តរបស់ខ្លួនអស់ចំនួន១១គ្រាប់ បណ្ដាលឲ្យធ្លុះកញ្ចក់រថយន្តផ្នែកខាងមុខ ហើយបានដាក់មេប្រូចបាត់ស្រមោល ដោយបន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ ៕

Loading...