ខឹងឪពុកម្តាយស្តីប្រដៅកុំឲ្យដើរលេងជាមួយគូដណ្តឹង ផឹកថ្នាំបំពុលសម្លាប់ខ្លួន

ខេត្តកំពង់ចាម៖ នារីម្នាក់បានគិតខ្លី ចិត្តស្លុយ គ្រាន់តែឪពុកម្តាយស្តីប្រដៅអប់រំមិនឲ្យដើរលេងយប់ប្រលប់ជាមួយគូដណ្តឹងនោះ ស្រាប់តែនាងយកថ្នាំបំពុលសត្វកណ្តុរមកផឹកបណ្តាលឲ្យក្អួតចង្អោរ ក្រុមគ្រួសារបញ្ជូនចុះឡើងទៅកាន់មន្ទីរពេទ្យ ហើយទីបំផុតនាងបានលាចាកលោកចោលគូដណ្តឹង ។

ហេតុការណ៍នេះបានភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១៥ ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតនៅភូមិពង្រ ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ថា នារីរងគ្រោះឈ្មោះ ខន ចាន់ធា អាយុ១៨ឆ្នាំ ទីលំនៅភូមិពង្រ ឃុំរកាគយ ស្រុកកងមាស បានធ្វើអត្តឃាត(ផឹកថ្នាំបំពុល)នៅវេលាម៉ោង១៥ រហូតដល់ម៉ោង២១និង៣០នាទី ថ្ងៃទី៥ ខែកុម្ភៈ ទើបបានស្លាប់ ។

លោក ឃុត ខន អាយុ៥៥ឆ្នាំត្រូវជាឪពុកស្ត្រីរងគ្រោះបាននិយាយថា កូនស្រីរបស់លោកបានភ្ជាប់ពាក្យជាមួយគូដណ្តឹងច្រើនខែមកហើយ តែមិនទាន់ដល់ថ្ងៃរៀបការ ។ ស្ថិតនៅអំឡុងពេលនេះ ពួកគេទាំងពីរនាក់ជាគូដណ្តឹង តែងតែនាំគ្នាដើរលេងជារឿយ ។

ប្រភពបន្តថា ដោយឃើញដូច្នេះ ពួកគាត់ដែលជាអាណាព្យាបាលបានអប់រំណែនាំកូនស្រីរបស់គាត់ថា កុំឧស្សាហ៍ដើរលេងជាមួយគូដណ្តឹងញឹកញាប់ពេក វាមិនសំភ្នែកអ្នកដទៃ ពីព្រោះមិនទាន់រៀបការនឹងគ្នាទេ ។

ប្រភពបន្តថា ដោយមូលហេតុនេះហើយ ទើបធ្វើឲ្យកូនស្រីរបស់គាត់ខឹង ហើយក៏សម្ងំលេបថ្នាំបំពុលសត្វកណ្តុរបណ្តាលឲ្យក្អួតចង្អោរបែបពពុះមាត់ ក្រុមគ្រួសារឃើញទាន់ដឹកយកទៅព្យាបាលបន្ទាន់នៅមន្ទីរពេទ្យស្រុកព្រៃឈរ ហើយនៅពេលធូរស្រាលបន្តិចនោះ ក្រុមគ្រួសារបានយកត្រឡប់មកផ្ទះវិញ ប៉ុន្តែលុះមកដល់វេលាម៉ោង២១និង៣០នាទី យប់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៧ នាង ខន ចាន់ធា មានសភាពមិនស្រួលឡើងវិញ ហើយក្រុមគ្រួសារបានបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្តកំពង់ចាម ប៉ុន្តែនៅពេលបញ្ជូនដល់ពាក់កណ្តាលផ្លូវ នាងបានបាត់បង់ជីវិត ។

សមត្ថកិច្ចមូលដ្ឋានបានចុះពិនិត្យសាកសពនៅនឹងគេហដ្ឋានជនរងគ្រោះ និងបានប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕

Loading...