ខេត្តត្បូងឃ្មុំគ្រាន់តែជាកន្លែងឆ្លងកាត់បទល្មើសប៉ុណ្ណោះ

ប្រភពបានខ្សឹបថា ការដឹកទំនិញឆ្លងកាត់ខេត្តត្បូងឃ្មុំ ជាពិសេសការដឹកជញ្ជូនឈើឆ្លងកាត់ទៅកាន់ប្រទេសវៀតណាម ឬការដឹកទំនិញពីវៀតណាមចូលមកកម្ពុជា ទាំងមានច្បាប់ និងគ្មានច្បាប់បានកើតឡើងទៅវិញទៅមកជាហូរហែបន្តបន្ទាប់គ្នានាពេលបច្ចុប្បន្ននេះ ដែលគេអាចមើលឃើញនឹងភ្នែក។ ប៉ុន្តែបើទោះជាបែបនេះក៏ដោយ សកម្មភាពបង្ក្រាបរបស់អាជ្ញាធរដែនដី ហាក់មិនបានយកចិត្តទុកដាក់បង្ក្រាបនោះឡើយ ករណីនេះ គេសង្ស័យថា ក្រុមឈ្មួញទាំងនោះបានយកលុយញក់មាត់ បិទភ្នែក បិទត្រចៀកមន្ត្រីអាជ្ញាធរដែនដីខេត្តត្បូងឃ្មុំអស់ហើយ ។

លោកឧត្តមសេនីយ៍ទោ ប៉ែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំត្រូវគេសង្ស័យថា គ្មានជំនាញខាងព្រហ្មទណ្ឌនោះតែ ជាពិសេសការបង្ក្រាបបទល្មើសផ្សេងៗនៅក្នុងមូលដ្ឋានរបស់ខ្លួនគ្រប់គ្រង ប៉ុន្តែផ្ទុយទៅវិញ លោកមានជំនាញខាងសេដ្ឋកិច្ចយ៉ាងពិតប្រាកដ ។ លោកមានជំនាញខាងសេដ្ឋកិច្ចប៉ុណ្ណោះ ពីព្រោះលោកឧត្តមសេនីយ៍ ប៉ែន រ័ត្ន កាលពីមុនអតីតជាមន្ត្រីនគរបាលសេដ្ឋកិច្ច។ ច្រក ចេញ ចូលទាំងប៉ុន្មាននៅក្នុងខេត្តត្បូងឃ្មុំនេះ មិនអាចគេចផុតពីក្រសែភ្នែករបស់លោកស្នងការបានឡើយ ។

លោក ប៉ែន រ័ត្ន អតីតជាស្នងការនគរបាលខេត្តកំពង់ចាម គេបានរាយការណ៍ថា លោក ចំណាយខ្ពស់ដើម្បីបានតំណែងជាស្នងការនគរបាលខេត្តត្បូងឃ្មុំនាពេលនេះ។ ទីនេះជាច្រកចេញ ចូលសេដ្ឋកិច្ចដ៏សំខាន់ ។ ខេត្តនេះ មិនមានឈើសម្រាប់កាប់នោះទេ ប៉ុន្តែជាកន្លែងដែលត្រូវដឹកជញ្ជូនឈើឆ្លងកាត់ ហើយសមត្ថកិច្ចរបស់លោកស្នងការខេត្តមួយនេះអង្គុយចាំយកលុយពីក្រុមឈ្មួញគ្រប់ប្រភេទបានយ៉ាងងាយស្រួលបំផុត ៕

Loading...