ខេត្តសៀមរាប ចុះ​ពិនិត្យ​ទីតាំង សម្រាប់​បញ្ចុះសព សាសនិក​ឥស្លាម ក្នុងករណី​ស្លាប់ ដោយ​ជំងឺ​កូ​វីដ​-១៩

 

សៀមរាបៈ នៅ​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២១ លោក ពិន ប្រាកដ អភិបាលរង ខេត្តសៀមរាប អមដំណើរ​ដោយ​លោក អែល សៀត សមាជិក​ក្រុមប្រឹក្សា ខេត្តសៀមរាប គណៈ​អ៊ី​មាំ​ខេត្តសៀមរាប ព្រមទាំង​តំណាង​ពី​មន្ទីរ​ធម្មការ និង​សាសនា និង​មន្ទីរ​សុខា ភិ​បាល​ខេត្ត ព្រមទាំង​អ្នកពាក់ព័ន្ធ មួយចំនួនទៀត បាន​ចុះ​ពិនិត្យ​ទីតាំង ដែល​នឹងត្រូវ​រៀបចំ បញ្ចុះសព ជូន​សាសនិក​ឥស្លាម​ក្នុង​ខេត្ត ក្នុងករណី​ស្លាប់ ដោយសារ​ជំងឺ​កូ​វីដ​១៩ ។

​ការចុះពិនិត្យ​នេះ ដោយ​ក្រុមការងារ​ខេត្ត បាន​សហការ​ជាមួយ គណៈ​អ៊ី​មាំ​ខេត្តសៀមរាប សម្រេចយក​ទីតាំង​មួយ ដែល​ធានាបាន​នូវ​សុវត្ថិភាព ស្របតាម​ការណែនាំ​រប​ស់​ក្រសួង ក៏ដូចជា មន្ទីរ​សុខាភិបាល ខេត្តសៀមរាប ក្នុង​រៀបចំ​កន្លែង​បញ្ចុះសព ជូន​សាសនិក​ឥស្លាម ធានាបាន​យ៉ាងណា មិនឱ្យ​ឆ្លង ដល់​អ្នកដទៃ​។​

​គូរ​រំលឹកថា កន្លងមក រដ្ឋាភិបាល បានសម្រេច​ថា ប្រសិនបើ​មាន​ករណី​ស្លាប់ ដោយសារ ជំងឺ​កូ​វីដ ១៩ គឺ​ត្រូវ​បូជា​ទាំងអស់​។ ដោយមាន​ការស្នើសុំ​ពី សាសនិក​ឥស្លាម សុំ​បញ្ចុះសព ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​តេ​ជោ ហ៊ុន សែន បានអនុញ្ញាត តែ​ត្រូវ​រៀបចំ​ឲ្យ​ស្រប តាម​ការណែនាំ​របស់ ក្រសួងសុខាភិបាល​។​

​ជាមួយគ្នានេះ រដ្ឋបាលខេត្ត ក៏​សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ បន្ត​ការពារ កុំ​ឲ្យ​ជំងឺ​នេះ ប៉ះពាល់​ដល់​ក្រុមគ្រួសារ របស់លោក​អ្នក​ឲ្យ​សោះ និង​សូម​ចូលរួម​ផ្សព្វផ្សាយ​ពី​ច្បាប់​ស្តីពី ការទប់ស្កាត់ ការឆ្លង​រាលដាល នៃ​ជំងឺ​កូ​វីដ​១៩ និង​អនុក្រឹត្យ ស្តីពី​វិធានការ​ច​ត្តា​ឡី​ស័ក ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល នៃ​ជំងឺ​កូ​វីដ​១៩ ទាំងអស់គ្នា ព្រមទាំង​ចូលរួម អនុវត្ត ៣​ការពា​រៈ ត្រូវ​ពាក់​ម៉ាស់​, ត្រូវ​លាងដៃ​, ត្រូវ​គម្លាត​បុគ្គល និង ៣​កុំ​: កុំ​នៅ​បន្ទប់​បិទ​ជិត​, កុំ​នៅ​កន្លែង​កុះករ​, កុំ​នៅ​ប៉ះពាល់​គ្នា​៕

Loading...