ខេត្តស្ទឹងត្រែងនឹងមានតំបន់រមណីដ្ឋានអេកូរទេសចរថ្មីមួយទៀតសំរាប់ស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិ ចូលទស្សនាក្នុងថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិចិន និងខ្មែរខាងមុខ 

ខេត្តស្ទឹងត្រែង៖ វិស័យទេសចរ ត្រូវបានរាជរដ្ឋាភិបាល ចាត់ទុកជាវិស័យអទិភាពមួយ ដែលអាចជម្រុញការអភិវឌ្ឍន៍នៅក្នុងតំបន់ ឲ្យទទួលបានការគាំទ្រ ហើយជាតិនឹងទទួលបានចំណូលថវិកាខ្ពស់ យកមកជួយទ្រទ្រង់លើវិស័យសង្គមធម៌ និងមនុស្សធម៌ តាមរយះការស្រូបយកចំណូលសេដ្ឋកិច្ច ពីវិស័យឧស្សាហកម្មគ្មានផ្សែងនេះ រីឯប្រជាពលរដ្ឋក៏មានការផ្លាស់ប្តូរមុខរបរ និងជីវភាពនោះផងដែរ ។

ដោយចង់ជួយជម្រុញការអភិវឌ្ឍន៍នៅក្នុងតំបន់ ឲ្យមានការផ្លាស់ប្តូរឆាប់រហ័ស ហើយជួយប្រជាពលរដ្ឋប្រចាំមូលដ្ឋាន ឲ្យមានជីវភាពធូរធានោះ នៅថ្ងៃអាទិត្យទី២៤ធ្នូម្សិលមិញ អភិបាលស្រុកសៀមបូក បានដឹកនាំមន្ត្រីក្រោមឧិវាទ រួមជាមួយដៃគូអភិវឌ្ឍផងដែរ ចុះទៅពិនិត្យទីតាំងងមួយកន្លែង ដែលលោករំពឹងថា ទីនោះនឹងអាចបង្កើតជាតំបន់រមណីដ្ឋាន អេកូទេសចរមួយយ៉ាងប្រណិត សំរាប់ទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ នៅថ្ងៃចូលឆ្នាំចិន និងថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាប៉ុន្មានខែទៀតខាងមុខនេះ ។

ទីតាំងដែលត្រូវបង្កើតតំបន់អេកូទេសចរថ្មីនោះ មានឈ្មោះថា « ជួរវែង » ឬហៅថា « ច្រឡង់ទឹក » ស្ថិតនៅក្នុងភូមិអូរម្រះ ឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង មានចម្ងាយពីទីរួមខេត្ត ប្រមាណជា៤០គីឡូម៉ែត្រ ធ្វើដំណើរចេញពីក្រុងស្ទឹងត្រែង លើកំណាត់ផ្លូវជាតិលេខ៧ មកដល់ចំណុចភ្នំក្រហមជិតស្នាក់សន្តិសុខ៧២២ រួចបត់ស្តាំចូលទៅកាន់ភូមិស្រែក្រសាំង បន្តដំណើររហូតមកដល់មាត់ទន្លេ រួចបត់ឆ្វេង ហើយបន្តដំណើរលើដងផ្លូវក្រាលគ្រួសក្រហម១ខ្សែ ឆ្ពោះទៅភូមិត្បូងខ្លា បង្ហួសរហូតទៅដល់ឃុំអូរម្រះរួចបត់ឆ្វេង រួចបន្តដំណើរឆ្ពោះទៅមុខប្រមាណជា៦គីឡូម៉ែត្រទៀត នោះនឹងទៅដល់តំបន់អេកូទេសចរថ្មីនោះហើយ ។

អភិបាលស្រុកសៀមបូក លោក ថោង ស្រាន់ បានថ្លែងឲ្យដឹងថា ដើម្បីរៀបចំទីនោះ ឲ្យក្លាយទៅជារមណីដ្ឋានអេកូទេសចរថ្មីមួយ សំរាប់ទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ គ្រប់ជាតិសាសន៍ ដែលមានបំណងចូលមកទស្សនា នៅថ្ងៃចូលឆ្នាំចិន ជាពិសេស គឺនៅថ្ងៃចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខាងមុខនេះ ខណៈនេះលោកបាន និងកំពុងខិតខំគៀងគរ រកដៃគូវិនិយោគនានា ទាំងនៅក្នុងស្រុក និងនៅក្រៅស្រុក ដើម្បីអភិវឌ្ឍន៍ទីនោះ ឲ្យក្លាយទៅជាទីកំសាន្តមួយ ប្រកដោយការទាក់ទាញ និងមានផាសុខភាព ដោយភ្ញៀវអាចចុះងូតទឹកលេងលើខ្សែទឹកហូរ ចាំងឆ្លុះផ្ទាំងថ្ម គយគន់ព្រឹក្សព្រៃ ដែលមានសម្លេងសត្វយំយ៉ាងខ្ញៀវខ្ញារ ប្រៀបបានទៅនឹងតន្ត្រីធម្មជាតិ ភ្ញឿវអាចក្រាលតង់ ឬ កន្ទេល និងចងអង្រឹង សំរាកក្រោមម្លប់ដើមឈើដ៏ត្រឈឹងត្រឈៃ និងស្រស់ស្រូបអាហារ នៅប្របនឹងជាប់មាត់ទឹកអូរធម្មជាតិ នោះបានយ៉ាងគាប់ប្រសើរ ដោយគ្មានការភ័យខ្លាច ។

លោកថោង ស្រាន់ បានបន្តថា ក្រោយការចុះពិនិត្យទីតាំងនោះរួច លោកយល់ឃើញថា ទីនោះនឹងក្លាយជាទៅជាទីរមណីដ្ឋានអេកូទេសចរយ៉ាងល្អឯក ក្រោមការចូលរួមពីសហគមន៍ទេសចរជួរវែង និងអ្នកចាប់ដៃគូវិនិយោគ នៅក្នុង និងក្រៅស្រុក ហើយលោកនឹងពង្រឹងលើផ្នែកសន្តិសុខ សុវត្ថិភាព ជូនភ្ញៀវដែលចូលមកកំសាន្តរមណីដ្ឋានទេសចរថ្មីនេះ ឲ្យបានល្អបំផុត ។ លោកថា ប្រជាពលរដ្ឋនៅក្នុងស្រុកសៀមបូក ភាគច្រើនគឺជាអ្នកប្រកបរបរកសិកម្ម និងកសិឧស្សាហកម្ម ការបង្កបង្កើនផល និងចិញ្ចឹមសត្វ ចំពោះសេដ្ឋកិច្ចសំខាន់នៅក្នុងដែនដីស្រុកនេះ គឺផ្តោតលើវិស័យកសិកម្ម និងទេសចរ ។

លោកបន្តថា ស្រុកសៀមបូក មានតំបន់រមណីដ្ឋានជាច្រើន ក្នុងនោះមានអន្ល់ផ្សោត និងទីតាំងដែលគ្រោងនឹងបង្កើតថ្មី គឺជួរវែង ឬច្រឡង់ទឹកនេះ សំរាប់រៀបចំឲ្យដំណើរការ ដោយលោកចាត់ទុកថា វិស័យទេសចរ គឺបានរួមចំណែកមួយយ៉ាងធំ ដែលអាចកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ។

លោកថា បើសិនជាមានភ្ញៀវជាតិ និងអន្តរជាតិ ចូលមកទស្សនាច្រើន នោះប្រជាពលរដ្ឋនៅក្នុងតំបន់នេះ ក៏លក់ដូរទៅមនិញ ផលិតផល និងម្ហូបអាហារដាច់ ក្នុងតម្លៃសមរម្យ ឯជីវភាពរបស់ពួកគាត់ ក៏មានផ្លាស់ប្តូរទៅតាមនោះ ស្របទៅតាមគោលនយោបាយរបស់ រាជរដ្ឋាភិបាល ។

លោកបានអំពាវនាវ ដល់ដៃគូអភិវឌ្ឍន៍នានា ឲ្យចូលរួមអភិវឌ្ឍន៍តំបន់នេះ ឲ្យក្លាយទៅជាតំបន់រមណីដ្ឋាន អេកូទេសចរធម្មជាតិ មួយយ៉ាងប្រណិត ប្រកបដោយការទាក់ទាញ និងរកចំណូលចូលរដ្ឋបានខ្ពស់ ពីវិស័យទេចរនេះ ។

តំណាងសហគមន៍ទេសចរជួរវែង បានអះអាងថា លោកនឹងបន្តរក្សាការពារធនធានធម្មជាតិ នៅជុំវិញតំបន់ជួរវែងនេះ ឲ្យនៅតែមានសម្រស់ស្រស់បំព្រងជានិច្ច ហើយលោកនឹងពង្រឹងសន្តិសុខ និងសុវត្ថិភាពជូនអ្នកទេសចរ ឲ្យបានល្អប្រសើរបំផុត ៕

Loading...