ខេត្តស្ទឹងត្រែងរូមគ្នាដាំដើមឈើ រំលឹកដល់ថ្ងៃ៩ កក្កដា២០១៨ទិវាដាំដើមឈើ

ខេត្តស្ទឹងត្រែង៖ កូនឈើចម្រុះ និង​ឈើហូបផ្លែគ្រប់ប្រភេទបានប្រមាណជិត២ពាន់​ដើមត្រូវបាន​អាជ្ញាធរ​ខេត្តមន្ត្រីរាជការ​លោក​គ្រូអ្នកគ្រូ​ប្រជាពល​រដ្ឋរួម​ និងសិស្សានុសិស្សបានរៀបចំដាំនៅក្នុងបរិវេន​មន្ទីរវប្បធម៌​នឹងវិចិត្រសិល្បៈ​ក្នុងក្រុងខេត្ត​ស្ទឹងត្រែង​​នៅព្រឹកថ្ងែទី០៣កក្កដា ជាការអបអរសាទរ ពិធីរុក្ខទិវា៩កក្កដាឆ្នាំ២០១៨។

លោក លៀង សេងប្រធានមន្ទីរកសិកម្មរុក្ខាប្រមញ្ញនឹងនេសាទខេត្ត ស្ទឹងត្រែង បានឲ្យដឹងថា ៖ ទិវាហត្ថកម្មដាំដើម​ឈើជា​ប្រពៃណី​ជាតិ​ ហៅថា បុណ្យរុក្ខទិវា ត្រូវបានប្រារព្ធធ្វើឡើងនៅ ទី ០៩ កក្កដា ជារៀងរាល់ឆ្នាំ ទូទាំងប្រទេស សំ​ដៅធានា​នូវការ​គ្រប់គ្រងព្រៃឈើប្រកបដោយនិរន្ដភាព និងមានផលប្រយោជន៍​សំរាប់សង្គម សេដ្ឋកិច្ច និងបរិស្ថាន រួម​ទាំង​ ការអភិរក្សជីវៈ​ចម្រុះ និងមរតកវប្បធម៌ ពិសេសអាចបង្កើតបាន​នូវម្លប់បៃតងឡើងវិញ ​ធ្វើឲ្យ​ទីក្រុង​ស្អាត។

លោកប្រធាន​បញ្ចាក់ថា៖ ផែនការឆ្នាំ២០១៨នេះយើងដាំកូនឈើនៅមន្ទីរវប្បធម៌នឹងវិចិត្រសិល្បៈ​​ហើយខណ្ឌរដ្ឋបាលព្រៃឈើធ្វើការចែងចែកកូនឈើហូបផ្លែជូនប្រជា​ពល​រដ្ឋ និងស្ថាបន័ផ្សេងៗទៀតយក​ទៅដាំ តាមលំ​នៅ​ដ្ឋាន​​រៀងៗខ្លួនដើម្បីជាការបំផុសចលនាដល់គូរស្រករថ្មី​ឲ្យដាំកូនឈើក្នុងម្នាក់​មួយដើមក្នុងពេល​ប្រារព្វ​អាពាហ៏ពិពាហ៏​ដើម្បី​ទុកជា​អនុ​ស្សារិយ៍ផងដែរ។

លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែងមានប្រសាសន៍ថាៈ ការដាំដើមឈើពិតជាមានប្រយោជន៍ដូចនេះ​ប្រជាពលរដ្ឋយើងទាំង​អស់គ្នា​សូមចូលរួមដាំដុះកូនឈើ រក្សាការពារ និងស្រឡាញ់ព្រៃឈើស្រឡាញ់ជីវចំរុះ សត្វព្រៃដើម្បីប្រែក្លាយ​តំបន់រស់នៅ​ឲ្យមាន​គំរបព​ណ៌បៃតង​ស្រស់បំព្រង និងអភិរក្សធនធានព្រៃឈើសម្រាប់ជា​មូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ​ ។

លោក អភិបាលខេត្តមានប្រសាសន៍បន្ថែមថា៖ការបាត់បង់ព្រៃឈើ និងគំរបព្រៃឈើ​បណ្តាល​ឲ្យតំបន់យើង ទទួល រងការគំរាមកំហែង ពីធម្មជាតិដូចនេះយើងត្រូវនាំគ្នាបញ្ឈប់ការកាប់រានដុតឈូសឆាយដីព្រៃ​ឈើ ធ្វើជា កម្ម សិទ្ធ ហើយនាំគ្នារក្សាការពារ និងដាំដើមឈើឡើងវិញឲ្យបានច្រើន រួមទាំងឈើហូបផ្លែផង៕ ឡុងកាន់សំនៀង

 

Loading...