ខេត្តស្ទឹងត្រែងសម្បូរសក្ដានុពលទេសចរណ៍ ប៉ុន្តែត្រូវការវិស័យឯកជន និងអង្គគារសង្គមស៊ីវីលជួយផ្សព្វផ្សាយបន្ថែម

ភ្នំពេញ៖ ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពី “សក្ដានុពលសេវាកម្មទេសចរណ៍ និងការជួបជុំការីទេសចរណ៍ និងទស្សនកិច្ចសិក្សាស្វែងយល់ពីសហគមន៍អេកូទេសចរណ៍ ក្នុងខេត្តស្ទឹងត្រែង” លោក អ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង បានធ្វើបទបង្ហាជុំវិញសក្ដានុពលទេសចរណ៍នៅខេត្តភាគឦសានមួយនេះ ដូចជាមានរមណីយដ្ឋាននិងតំបន់អេកូទេសចរណ៍ទាក់ទាញប្រមាណ២១កន្លែង ។ សិក្ខាសាលានេះ មានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៦-១៩ ខែមិថុនា ឆ្នាំ២០១៨ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។

លោកលោក អ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង បានឲ្យដឹងថា សិក្សាសាលានេះមានគោលបំណងជំរុញឲ្យសិស្សនិស្សិតបានសិក្សាស្វែងយល់ ពីសហគមន៍អេកូទេសចរណ៍ ក្នុងខេត្តស្ទឹងត្រែង និងជំរុញការអភិវឌ្ឍ វិស័យទេសចរណ៍ និងជំរុញដល់ចលនាទេសចរណ៍ក្នុងស្រុក ជាគោលដៅត្រៀមរៀបចំបង្កើតកញ្ចប់ទស្សនកិច្ចទេសចរណ៍ ដើម្បីឱ្យក្រុមហ៊ុនទេសចរណ៍ ភ្នាក់ងារទេសចរណ៍ អាជីវករទេសចរណ៍ ជួយផ្សព្វផ្សាយបបន្ថែមឲ្យបានទូលំទូលាយប្រកបដោយគុណភាព ។

លោក អ៊ន់ ប៉ោសឿន ការរៀបចំកៀរគរផ្សព្វផ្សាយពីចលនាសក្ដានុពលទេសចរណ៍សម្រាប់អនាគត ដើម្បីបង្កើនទំនាក់ទំនងស៊ីជម្រៅជាមួយវិស័យឯកជន និងការីទេសចរណ៍ ពិសេសសមាគមទីភ្នាក់ងារទេសចរណ៍ក្នុងប្រទេស និងក្រៅប្រទេសឱ្យបានដឹង និងមានការចូលរួមផ្សព្វផ្សាយបន្តពីសក្ដានុពល សេវាកម្មសហគមន៍អេកូទេសចរណ៍ក្នុងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ធ្វើយ៉ាងណា ឱ្យមាននិរន្តរភាព និងមានការទទួលខុសត្រូវ ដើម្បីជាជំនួយ និងតម្រង់ទិសដល់អ្នកអនុវត្តការងារទេសចរណ៍ ដូចជាសហគមន៍អេកូទេសចរណ៍ និងការីអាជីវកម្ម សេវាកម្មទេសចរណ៍ក្នុងខេត្តស្ទឹងត្រែង ។ ខេត្តស្ទឹងត្រែងមានតំបន់សក្ដានុពលទេសចរណ៍ធំៗចំនួន៤ ក្នុងនោះរួមមាន៖ ១. តំបន់សក្ដានុពលទេសចរណ៍ក្នុងក្រុង និងជុំវិញក្រុង។ ២. តំបន់សក្ដានុពលទេសចរណ៍តាមដងទន្លេមេគង្គ ព្រំប្រទល់ប្រទេសឡាវ ខេត្តព្រះវិហារ និងខេត្តក្រចេះ។៣. តំបន់សក្ដានុពលទេសចរណ៍តាមដងទន្លេសេសាន។ ៤. តំបន់ឧទ្យានជាតិវីរជ័យ និងទំនៀមទម្លាប់វប្បធម៌ប្រពៃណីជនជាតិ ។

លោក ជុក ជំនោរ បានឱ្យដឹងដែរថា ការពង្រីងសក្ដានុពលទេសចរណ៍ គឺជាការចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងដើម្បីឆ្លើយតបទៅតាមតម្រូវការរបស់ភ្ញៀវទេសចរជាតិ-អន្តរជាតិ នាពេលបច្ចុប្បន្ន និងពេលអនាគត។ ការរំលេចចេញនូវការបង្កើតឱ្យមានកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយនាថ្ងៃនេះ គឺស្របទៅនឹងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍ រយៈពេល៥ឆ្នាំ (២០១៤-២០១៨) ។ លោក ជំនោរ ក៏មានលើកឡើងពីភាពជោគជ័យក្នុងការអនុវត្តការងារនានា នៅក្នុងសហគមន៍ទេសចរណ៍មួយចំនួន ដូចជា សហគមន៍អេកូទេសចរណ៍អារ៉ែង កោះទ្រុង ជីផាត់ជាដើម៕

 

Loading...