ខេត្តស្ទឹងត្រែង​ចាប់ផ្តើម​បិទ​នេសាទ​ពីថ្ងៃ​នេះ​តទៅ​

ស្ទឹងត្រែង​៖ ស្ទឹងត្រែង គឺជា​ខេត្ត​មួយ ដែលមាន​ដង​ទន្លេ​ចំនួន​៤ គឺ​ទន្លេមេគង្គ​, សេកុង​, សេ​សាន និង​ស្រែ​ពក​។ ជា​រៀងរាល់ឆ្នាំ ពេល​រដូវវស្សា ចាប់ផ្ដើម​មកដល់ ភ្លៀង​ក៏​ធ្លាក់ ទឹកទន្លេ​ចាប់ផ្ដើម​ជន់​ឡើង​តិចៗ​។​

​ជាមួយ​នោះ ត្រី​គ្រប់​ប្រភេទ ដែល​រស់នៅក្នុង​ទឹកទន្លេ នា​រដូវប្រាំង អន្លង់​ជ្រៅៗ​ព្រៃ​លិច ទឹក កោះ​ថ្ម នៅ​ភូមិសាស្ត្រ​តាម​ដង​ទន្លេមេគង្គ ជាប់​ព្រំប្រទល់ ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង ជាមួយ​ស្រុក​សំបូរ ខេត្តក្រចេះ​។​

​ពពួក​ត្រី​ធម្មជាតិ​ទាំងនោះ បានចាប់ផ្ដើម​បម្លាស់​ទី ពី​ដង​ទន្លេមេគង្គ ស្ទឹងត្រែង​-​ក្រចេះ ទៅរក​កន្លែង​បន្ត​ពូជ ពង​កូន នៅ​ផ្នែក​ខាងលើ នៃ​ដង​ទន្លេ ក្នុង​ខេត្តស្ទឹងត្រែង​។​

រដូវ​ត្រី​បម្លាស់​ទី​នៅ​ទន្លេមេគង្គ​លើ​នេះ​ប្រជាពលរដ្ឋ​បានចាប់ផ្ដើម​នេសាទ​ត្រី​ដោយ​ប្រើ​មង​ក្រឡា​បណ្ដែត​តាម​ទឹក​ក្នុងភូមិ​សាស្ត្រ​ចំណុចប្រសព្វ​គ្នា​រវាង​ក្រុង​ស្ទឹងត្រែង​និង​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ដោយ​តំបន់​នោះ​គឺជា​ចំណុចប្រសព្វ​គ្នារ​រវាង​ទន្លេមេគង្គ​និង​សេកុង​។​

​នៅ​ដើមរដូវ​វស្សា ត្រី​ចំរុះ​បាន​ឆ្លងកាត់​តំបន់​នោះ ពីក្រោម​ឡើង ទៅ​ផ្នែក​ខាងលើ ដើម្បី​បន្ត​ពូជ ពង​កូន នៅតាម​ព្រៃ​លិច​ទឹក កោះ​ថ្ម អន្លង់​ជ្រៅ អូរ ថ្លុក ត្រពាំង​ជាដើម​។​

​ខណៈពេល​ត្រី​ពង​ពេញ​ពោះ កំពុង​បម្លាស់​ទី ឆ្លងកាត់​ចំណុចប្រសព្វ នៃ​ទន្លេមេគង្គ និង​សេកុង អ្នកនេសាទ​នៅ​ខេត្តស្ទឹងត្រែង ដាក់មង​បណ្ដែតទូក រាប់សិប ដើម្បី​ចាប់​ត្រី យកទៅ​ធ្វើ​ប្រហុក ផ្អក និង​លក់​បន្ត ចេញទៅ​ក្រៅ​ខេត្ត លើសពី​តម្រូវការ​នាំឱ្យមាន ហានិភ័យ​។​

​រដូវ​ត្រី​ពង ចាប់ផ្ដើម​បម្លាស់​ទី អ្នកនេសាទ ចាប់ផ្ដើម​ដាក់មង យកមក​ធ្វើ​ម្ហូប និង​លក់​បន្ត លើសពី​តម្រូវការ អាច​នាំ​ឲ្យ​ផល​ត្រី កាន់តែ​ថយចុះ ជា​រៀងរាល់ឆ្នាំ​។​

​ស្របពេលនោះ អាជ្ញាធរខេត្ត​ស្ទឹងត្រែង បានស្នើ​សុំ​ទៅ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ យក​តំបន់​ខេត្តស្ទឹងត្រែង បិទ​នេសាទ ចាប់ពី​ថ្ងៃទី ១ ខែឧសភា ដល់​ថ្ងៃទី ៣០ ខែ កញ្ញា ជា​រៀងរាល់ឆ្នាំ​។ ពោលគឺ​តំបន់​ខេត្តស្ទឹងត្រែង ដល់ពេល​វេលា បិទ​នេសាទ​មុន​ទន្លេមេគង្គ​ក្រោម​។​

​យោងតាម​សេចក្តីជូនដំណឹង របស់​រដ្ឋបាលខេត្ត​ស្ទឹងត្រែង ឆ្នាំ​២០២១ នេះ បានដាក់ ចេញ សេចក្តីប្រកាស ដោយយោង​តាម ប្រកា​សលេខ ៤៤០​ប្រក​.​កសក ចុះ​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៣ ស្ដីពី​វិធានការ​ការពារ​ត្រី​មេ​ពូជ នៅ​រដូវ​ពង​កូន​សម្រាប់​តំបន់​ទន្លេ មេគង្គ ក្នុងភូមិ​សាស្ត្រ​ខេត្តស្ទឹងត្រែង​។​

​កំឡុងពេល​បិទ​នេសាទ​នេះ គឺ​មិន​អនុញ្ញាត​ឱ្យធ្វើ​ការនេសាទ ដោយ​ឧបករណ៍​មង គ្រប់​ប្រភេទ សំដៅ​ដើម្បី​ការពារ​ត្រី​មេ​ពូជ កំឡុងពេល​បង្ក​កំណើត​ខ្ពស់​នេះ​។​

​ទន្ទឹម​ជាមួយគ្នានេះដែរ សូម​បងប្អូន​មេត្តា បញ្ឈប់​ជាបន្ទាន់ នូវ​ការប្រើ​ឧបករណ៍ ឆក់​បំពុល និង​គ្រឿងផ្ទុះ ដែលជា​ប្រភេទ​ឧបករណ៍ នាំ​ឲ្យ​វិនាស​អន្តរាយ​ដល់​ធនធាន ជលផល និង​មច្ឆា​ជាតិ យ៉ាងធ្ងន់ធ្ងរ​បំផុត​។​

​ទោះបីជា​ក្នុង​រដូវ​បិទ​នេសាទ ក៏ដោយ​បងប្អូន​ប្រជាពលរដ្ឋ​នៅតែ​អាចធ្វើ​ការនេសាទ​បាន ដោយ​ប្រើ​នូវ ឧបករណ៍​នេសាទ ជា​លក្ខណៈ​គ្រួសារ មានដូចជា សៃយ៉ឺន លប សំណាញ់ សន្ទូច​ផ្លែ​មួយ អង្រុត ចាន់ តុម ទ្រូ កញ្ច្រែង​ដងត្រី និង​ឧបករណ៍​មួយចំនួន ទៀត ដែល​ច្បាប់​អនុញ្ញាត សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ប្រចាំថ្ងៃ​៕

Loading...