ខ្ទឹមស និងខ្ទឹមក្រហម ផ្ទុកនូវសារធាតុគីមី នាំចូលពីប្រទេសវៀតណាមត្រូវបានរកឃើញតាមច្រកត្រពាំងថ្លុង

ខេត្តត្បូងឃ្មុំ៖ ដើម្បីជៀសវាងអោយបានដាច់ខាតនូវការនាំចូលបន្លែផ្លែឈើ ដែលខូចគុណភាព ជាពិសេស ផ្ទុកនូវ សារធាតុគីមី ដែលប៉ះពាល់ដល់សុខុមាលភាព អ្នកទទួលទាននោះ រថយន្តពិសោធន៍ចល័ត របស់អគ្គនាយកដ្ឋាន កាំកុងត្រូល សហការជាមួយ សាខាកាំកុងត្រូលខេត្តត្បូងឃ្មុំ និងសមត្ថកិច្ចពាក់ព័ន្ធ រួមមានៈ មន្ត្រីគយ ប៉ូលីសអន្តោប្រវេសន៍ ពេទ្យសត្វ ដោយមានកិច្ច សម្របសម្រួលពីប្រធានទីស្នាក់ការច្រកទ្វារត្រពាំងផ្លុង នៅរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ នេះ បានធ្វើការចុះត្រួត ពិនិត្យបន្លែផ្លែឈើ មានដូចជា ក្រូចឆ្មារ ខ្ទឹមក្រហម ការ៉ុត ប៉េងប៉ោះ ម្ទេសប្លោក ខ្ទឹមស ខ្ទឹមបារាំង ត្របែក និងបន្លែផ្លែឈើជាច្រើនមុខទៀត ដែលឈ្មួញបានដឹកនាំចូលតាមរថយន្ត និងរ៉ីម៉កម៉ូតូ ពីប្រទេស វៀតណាម ។

ក្នុងប្រតិបត្តិការនេះជំនាញបានរកឃើញសាធាតុគីមីហាមឃាត់នៅក្នុងខ្ទឹមស និងខ្ទឹមក្រហម ដែលឈ្មួញនាំចូលបំរ៉ុងមកលក់ក្នុងទីផ្សារប្រទេសកម្ពុជា។

លោក មាស មោរ៉ា ប្រធានសាខាកាំកុងត្រូលប្រចាំខេត្តត្បូងឃ្មុំ ឲ្យដឹងថា ការអនុវត្តយុទ្ធនាការចុះត្រួតពិនិត្យនេះ ផ្អែកទៅលើការណែនាំរបស់អគ្គនាយកដ្ឋានកាំកុងត្រូល ជាពិសេសអនុសាសន៍ របស់ លោក ម៉ក់ ពេជ្ជរិទ្ធ អគ្គនាយកកាំកុងត្រូល ដែលបានណែនាំដល់មន្ត្រីកាំកុងត្រូល គ្រប់សាខាទាំងអស់ ទូទាំងប្រទេស ឲ្យធ្វើការត្រួតពិនិត្យទំនិញជាផលិតផល ម្ហូបអារហារ តាមទីផ្សារជាប្រចាំ ជាពិសេស ធ្វើការពង្រឹង អោយបានដាច់ខាត នូវការនាំចូលបន្លែ ផ្លែឈើ និងគ្រឿងឧបភោគ-បរិភោគគ្រប់មុខ តាមច្រកទ្វារព្រំដែនទាំងអស់ ទូទាំងប្រទេស ដើម្បីធានា សុខភាពដល់ប្រជាពលរដ្ឋ ជាអ្នកប្រើប្រាស់។

លោកប្រធានបានបន្តថា ក្រោយការពិនិត្យដោយប្រើឧបករណ៍ (Test kit) វិភាគលើបន្លែផ្លែឈើទាំងនោះ គឺបានប្រទះ ឃើញសំណល់ថ្នាំសំលាប់សត្វល្អិតនៅលើ ខ្ទឹមក្រហម និងខ្ទឹមសដែលជាសារធាតុគីមី មិនអនុញ្ញាតិអោយប្រើប្រាស់ លើបន្លែទាំងនោះឡើយ ព្រោះវាបណ្តាលអោយប៉ះពាល់ដល់សុខភាពអ្នកទទួលទាន ។

លោកបន្តទៀតថា ចំពោះករណីមានការនាំចូលនូវបន្លែ ដែលផ្ទុកសារធាតុគីមីហាមឃាត់ ទាំង២មុខខាងលើនេះ ត្រូវមានលិខិតបញ្ជាក់ពីគុណភាព សុវត្ថិភាព អោយបានត្រឹមត្រូវ ពីអាជ្ញាធរមានសមត្ថកិច្ច ពីប្រទេសវៀតណាម នៅពេលធ្វើការនាំចូលលើកក្រោយ បើសិនជាគ្មានលិខិតបញ្ជាក់នោះ នឹងធ្វើការដកហូត និងទទួលខុសត្រូវចំពោះមុខច្បាប់ ។

ជាមួយគ្នានោះលោកក៏បាននែនាំ និងអំពាវនាវដល់អាជីវករ ដែលនាំបន្លែ ផ្លែឈើ និងម្ហូបអាហារតាមច្រក ត្រពាំងផ្លុង ពីប្រទេសវៀតណាម ទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ ពោលគឺត្រូវនាំចូលទំនិញ ជាផលិតផលម្ហូបអាហារណា ដែលមានគុណភាពល្អ ហាមដាច់ខាតមិនឲ្យមានការនាំចូលបន្លែផ្លែឈើ ដែលផ្ទុកនូវ សារធាតុគីមី ដែលបណ្តាលឲ្យប៉ះពាល់ដល់សុខុមាលភាព អ្នកប្រើប្រាស់នោះឡើយ ៕

Loading...