ខ្មាន់កាំភ្លើងអាក្រាតបាញ់សម្លាប់មនុស្ស៤នាក់នៅរដ្ឋ Tennessee សហរដ្ឋអាមេរិក

ប៉ូលិសបាននិយាយថា ខ្មាន់កាំភ្លើងអាក្រាតម្នាក់បានសម្លាប់មនុស្ស៤នាក់នៅឯភោជនីយដ្ឋាន Nashville Waffle House ស្ថិតនៅក្នុងរដ្ឋ Tennessee សហរដ្ឋអាមេរិក ។

បុរសសង្ស័យបានចូលទៅក្នុងភោជនីយដ្ឋាននៅវេលាម៉ោង 03:25 នាទី (08:25 GMT) ទីតាំងនៅជាយក្រុង Antioch ហើយបានបើកការបាញ់ប្រហារដោយកាំភ្លើងពាក់កណ្ដាលស្វ័យប្រវត្តិ ។

មនុស្សបួននាក់ផ្សេងទៀតបានរងរបួសនៅក្នុងការបាញ់ប្រហារនេះ ។ អតិថិជនម្នាក់បានយកកាំភ្លើងពីបុរសម្នាក់ដែលក្រោយមកគេចខ្លួនពីកន្លែងកើតហេតុ ។

ប៉ូលីសកំពុងស្វែងរកជនសង្ស័យហើយបានកំណត់អត្តសញ្ញាណ “មនុស្សដែលចាប់អារម្មណ៍” ក្នុងករណីនេះរួចហើយគឺឈ្មោះ Travis Reinking ភេទប្រុស អាយុ 29 ឆ្នាំ រស់នៅតំបន់ Morton, IL ។

ប៉ូលីសបានអះអាងថា ខ្មាន់កាំភ្លើងបានអាក្រាតកាយ នៅពេលដែលបើកការបាញ់ប្រហារ ហើយបានបាញ់បង្ហោះឡើងលើបន្ទាប់មករត់គេចខ្លួន ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា ជនបាញ់ប្រហារនេះប្រដាប់ដោយកាំភ្លើង AR-15, ជាអាវុធមួយបែបដែលត្រូវបានប្រើប្រាស់ជាទូទៅដោយអ្នកបាញ់កាំភ្លើងធំ នៅសហរដ្ឋអាមេរិក ។

កាំភ្លើងស្រដៀងគ្នានេះដែរត្រូវបានគេប្រើនៅក្នុងការបាញ់ប្រហារនៅឡាសវេហ្គាស កាលពីខែតុលា ដែលបានសម្លាប់មនុស្ស៥៨ នាក់ និងការវាយប្រហារនៅរដ្ឋផ្លរីដា នៅខែកុម្ភៈ ដែលធ្វើឱ្យសិស្ស និងបុគ្គលិក១៧នាក់ស្លាប់។

ការពិភាក្សាលើការគ្រប់គ្រងកាំភ្លើងកាន់តែខ្លាំងក្លា បន្ទាប់ពីការបាញ់ប្រហារនៅរដ្ឋហ្លរីដា ដោយមានបាតុកម្មដ៏ធំ និងការដើរចេញពីសាលារៀនទូទាំងប្រទេសទាមទារឱ្យមានច្បាប់តឹងតែងក្នុងសប្តាហ៍ថ្មីៗនេះ ៕

 

 

Loading...