ខ្មែរឃាត់ទូកដឹកទំនិញយួន ខណៈយួនហាមទូកខ្មែរដឹកស្រូវទៅលក់ក្នុងទឹកដីគេ

ខេត្តតាកែវ៖ ពលរដ្ឋខ្មែរជាច្រើននាក់កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ បាននាំគ្នាឃាត់ទូកដឹកទំនិញរបស់ជនជាតិយួនដែលឆ្លងចូលមកកម្ពុជាតាមច្រកបាក់ដៃ ស្ថិតនៅឃុំគោកឆ្លក ស្រុកអង្គរបុរី ខេត្តតាកែវ។

ប្រជាពលរដ្ឋទាំងនោះបាននិយាយថា នេះជាការឆ្លើយតបនិងភាគីយួន ដែលបានហាមឃាត់មិនឲ្យទូកដឹកស្រូវរបស់ខ្មែរចូលទៅលក់ក្នុងទឹកដីរបស់យួនដូចគ្នា។

ប្រជាពលរដ្ឋបានលើកឡើងទៀតថា ការដែលភាគីយួនហាមឃាត់ឈ្មួញ ក៏ដូចជាហាមឃាត់មិនឲ្យពលរដ្ឋកម្ពុជាដឹកស្រូវចូលទៅលក់នៅប្រទេសយួននោះធ្វើឱ្យស្រូវដែលពួកគាត់ផលិតបានត្រូវកកស្ទះហើយក៏ត្រូវឈ្មួញទម្លាក់ថ្លៃថែមទៀតផងដែរ។

លោកឌឹម គឹមសាន្ត អភិបាលស្រុកអង្គរបុរីបានថ្លែងប្រាប់ប្រភពព័ត៌មានថា ពិតជាមានករណីប្រជាពលរដ្ឋលើកគ្នាទៅឃាត់ទូកយួន នៅច្រកទ្វេភាគីបាក់ដៃមែន កាលពីរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ដែលក្រុមប្រជាពលរដ្ឋមានគ្នាប្រមាណ១០ទៅ២០នាក់ ។

លោកបន្តថា ពេលនេះអាជ្ញាធរកំពុងសម្របសម្រួលដោះស្រាយជាមួយភាគីយួនចំពោះបញ្ហានេះ ហើយលទ្ធផលយ៉ាងណានោះមិនទាន់ដឹងនៅឡើយទេ ។

គួរបញ្ជាក់ថានេះគឺជាករណីលើកទីមួយហើយដែលពលរដ្ឋខ្មែរសាមគ្គីគ្នាប្រតិកម្មតបតចំពោះទង្វើកេងចំណេញរបស់ប្រទេសជិតខាងក្នុងគោលបំណងទុច្ចរិតណាមួយនោះ ៕

Loading...