ខ្មែរ ថៃ និង​ជាតិ​សាសន៍​ផ្សេងទៀត ​ចូល​លេងល្បែងស៊ីសងម៉ាសេរី ​ជ្រក​ក្រោមកាស៊ីណូអត់​ស្លាកក្បែរ​ច្រក​អូរ​រំដួល ​ឃុំ​ពេជ្រ​ចិន្តា ស្រុកភ្នំព្រឹក

​ខេត្តបាត់ដំបង ៖ ប្រជាពលរដ្ឋ​ខ្មែរ ថៃ និង​ច្រើន​ជាតិ​សាសន៍​ផ្សេងទៀត បាននាំគ្នា​ចូល​លេងល្បែង ស៊ីសង​មាន​ភ្នាល់​ប្រជល់មាន់ និង​ល្បែងស៊ីសង​ជាច្រើន​ប្រភេទ មានដូចជា អា​ប៉ោ បៀរ យូគី​។​ល​។ ដែល​ជ្រក​ក្រោម កាស៊ីណូ អត់​ស្លាក​មួយកន្លែង នៅក្បែរ​ច្រក​តំបន់​អូរ​រំដួល ស្ថិតក្នុង​ឃុំ​ពេជ្រ​ចិន្តា ស្រុក ភ្នំព្រឹក ខេត្តបាត់ដំបង​។

ពាក់ព័ន្ធ​ករណីនេះ ប៉ូលិស​ថា កាស៊ីណូ នេះ មានច្បាប់​តែ​កំពុង​រត់ការ នៅ ឡើយ ចំណែក​លោក ជា សុផាត អាជ្ញាធរ​ស្រុក​ភ្នំព្រឹក ថា គាត់​មិន​បានដឹង​រឿង​នោះទេ ហើយ​លោក មិន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នោះឡើយ​។​

​ប្រភពពី​អ្នកលេង​ល្បែងស៊ីសង​ជា​ជនជាតិខ្មែរ​ម្នាក់ នៅក្នុង​កាស៊ីណូ អត់​ស្លាក​ឈ្មោះ បាន​ឲ្យ​ដឹង ថា នៅទីនេះ គឺជា​កាស៊ីណូ ហើយ​បើក​សង្វៀន​ប្រជល់មាន់ លេង​ចាញ់ឈ្នះ​គ្នា​តាមចិត្ត មិនបាច់​ខ្លាច ញញើត​សមត្ថកិច្ច​ណា​ទេ ព្រោះ​ថៅកែ គេ​បាន​ដោះស្រាយ​ជាមួយ​ថ្នាក់​រួចរាល់​អស់ហើយ​។

ប្រភព​បាន បន្តថា ពេល​ទៅលេង​ក្នុង​កាស៊ីណូ​នោះ គឺ​បើក​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ ថៃ​និង​ប្រជាជន​គ្រប់​ជាតិ​សាសន៍ ចូលទៅ​លេង ដោយ​គ្រាន់តែ​ផ្ញើ​ឡាន​មួយគ្រឿង​តម្លៃ ៥​ពាន់​រៀល ម៉ូតូ​២​ពាន់​រៀល ប៉ុណ្ណោះ ហើយ ចូល ទៅខាង​ក្នុង​មាន​វង់ លេងល្បែង​ស៊ីសង​ជាច្រើន​ប្រភេទ ដែល​បើក​លេង​ម៉ា​សេរី ឈ្នះ​ចាញ់​ជា​ប្រាក់ រាប់ពាន់​ម៉ឺន​ដុល្លារ​ទៅតាម​ចិត្ត ។

កាស៊ីណូ នេះ បើក​លេង​ជាច្រើន​ខែ​មកហើយ​ដែរ គ្មាន​ប្រតិកម្ម ជំទាស់​ពី​ថ្នាក់​ណា​នោះឡើយ​។​

ពាក់ព័ន្ធ​ករណីនេះ លោក សារ៉េត វិ​សេដ្ឋ អធិការរង​ស្រុក​ភ្នំព្រឹក ទទួល​ព្រហ្មទណ្ឌ បាន​ឲ្យ​ដឹង ថា កន្លែង​បើក​សង្វៀន​ប្រជល់មាន់ និង​មាន​លេងល្បែង​ជាច្រើន​មុខ​ទៀ ត​នៅក្បែរ​ច្រក​តំបន់​អូរ រំដួល នោះ គឺជា​កាស៊ីណូ ដែល​ម្ចាស់​កំពុងតែ​រត់​ច្បាប់​នៅឡើយ​។

លោក ថា បើ​ច្បាប់​ដែល​អនុញ្ញាត​មាន សរសេរ ឲ្យ​គេ​បើក​លេងល្បែង​អ្វី គឺ​គេ​បើក​លេង​បាន​ទាំង​អស់ហើយ​។​

លោក​អធិការ​ង បាន​បន្តថា កាលពី​កន្លងទៅ​អធិការ​ស្រុក​ភ្នំព្រឹក បាន​ចុះទៅ​ត្រួត​ពិនិត្យឃើញ នៅក្នុង​ហ្នឹង គេ​កំពុងដំណើរការ​លេងល្បែង មាន​សង្វៀន​ប្រជល់មាន់ យ៉ូ​គី ល្បែង អាប៉ោង បៀរ ប្រភេទ​ចាក់​ក្រហម ចាក់​ខៀវ និង​ល្បែង​ផ្សេងៗ ជាច្រើន​ប្រភេទ​ទៀត ។​

លោក សារ៉េត វិ​សេដ្ឋ បាន​បញ្ជាក់ថា កាស៊ីណូ មួយ​នេះ​ប្រហែល​មួយខែ​ទៀត នឹង​សម្ពោធ ដាក់ ឲ្យ​ដំណើរ​ជា​ផ្លូវការ​ហើយ​ ។​

លោក ជា សុផាត អភិបាលស្រុក​ភ្នំព្រឹក បាន​ឲ្យ​ដឹងថា កាស៊ីណូ​នៅក្បែរ​ច្រក​តំបន់​អូរ​រំ​ដូ​ល នោះ គឺ​ខាង​ប៉ូលិស បាន​ប្រជុំ​ប៉ុន្មាន​ថ្ងៃមុន​ដែរ ប៉ុន្តែ​ខាង​អាជ្ញាធរ​ស្រុក​ភ្នំព្រឹក មិនបាន​ទៅ​ចូលរួម​ប្រជុំ ជាមួយ​ទេ​។ បញ្ហា​នៅក្នុង​កាស៊ីណូ​នោះ​មាន​បើក​លែង​ល្បែងស៊ីសង​អ្វីខ្លះ ខាង​អាជ្ញាធរ​ស្រុក​ភ្នំព្រឹក មិនបាន​ដឹង​ទេ ហើយ​មិន​ទាក់ទង​អ្វី​ជាមួយនឹង​លោក​នោះទេ ​៕

Loading...