ខ្យល់ព្យុះទីហ្វុងHaishenគំរាមកំហែងកូរ៉េខាងត្បូង បន្ទាប់ពីវាយប្រហារជប៉ុន

សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូងបាននិងកំពុងរងការគំរាមកំហែង ពីព្យុះទីហ្វុង Haishen បក់បោកមកដល់ឆ្នេរសមុទ្រឧបទ្វីបភាគខាងត្បូងរបស់ខ្លួនកាលពីថ្ងៃច័ន្ទ (៧ កញ្ញា) បន្ទាប់ពីព្យុះដ៏ខ្លាំងនេះបានបោកបក់នៅលើកោះភាគខាងត្បូងរបស់ប្រទេសជប៉ុន ប៉ុន្តែបានឆ្លងកាត់ដោយពុំមានការខូចខាត ឬគ្រោះថ្នាក់អ្វីឡើយ ។

ទីភ្នាក់ងារអាកាសធាតុរបស់ប្រទេសកូរ៉េខាងត្បូងបានប្រកាសថា ព្យុះ Haishenនេះ មានល្បឿនខ្យល់បក់ខ្លាំងរហូតដល់ ១២៦ គីឡូម៉ែត្រក្នុងមួយម៉ោង កំពុងធ្វើដំណើរឆ្ពោះទៅភាគខាងជើង ពីតំបន់ភាគខាងត្បូងទីក្រុង អ៊ូលសាន ( Ulsan) បន្ទាប់ពីវាបានបក់បោកនៅឆ្នេរសមុទ្រក្បែរនោះកាលពីព្រឹកថ្ងៃច័ន្ទ ។

ខ្យល់បក់ខ្លាំងបានផ្តាច់ចរន្តអគ្គិសនីប្រជាជនជិត ៥.០០០ គ្រួសារនៅភាគខាងត្បូងឧបទ្វីបកូរ៉េ រួមទាំងកោះរមណីយដ្ឋាន ជេជូ ( Jeju) ។ នៅតំបន់នេះមានសេចក្តីរាយការណ៍ថា កម្រិតជំនន់ទឹកភ្លៀងខ្ពស់ជាង ៤៧៣ មីល្លីម៉ែត្រចាប់តាំងពីថ្ងៃសៅរ៍ ។

ក្រុមមន្រ្តីកូរ៉េខាងត្បូងបានជម្លៀសមនុស្សជិត ១.០០០ នាក់ ខណៈជើងហោះហើរជាង ៣០០ ជើងឆ្លងកាត់ព្រលានយន្តហោះចំនួន ១០ រួមទាំងអាកាសយានដ្ឋានអន្តរជាតិ ជេជូ ត្រូវលុបចោល ។

ក្រសួងសុវត្ថិភាពរបស់ប្រទេសកូរ៉េខាងត្បូងបានបន្ថែមថា ការចូលទៅកាន់ឧទ្យានជាតិ និងសេវាកម្មរថភ្លើងជាតិមួយចំនួនត្រូវបានផ្អាក ។

ទូរទស្សន៍ NHK បានផ្សព្វផ្សាយថា នៅប្រទេសជប៉ុន ផ្ទះប្រហែល ៤៤០.០០០ ខ្នងនៅភាគនិរតីតំបន់ Kyushu នៅតែគ្មានថាមពលអគ្គិសនី នៅព្រឹកថ្ងៃច័ន្ទ បន្ទាប់ពីព្យុះនេះបានបោកបក់ ។

ប្រភពបានបន្ថែមទៀតថា មនុស្ស ៣២ នាក់បានរងរបួស ក្នុងនោះមានស្ត្រីម្នាក់ដែលបានធ្លាក់ពីជណ្តើរជើងហោះហើរនៅទីងងឹត និងមនុស្ស ៤ នាក់បានរងរបួសដោយសារកញ្ចក់ទ្វារបាក់បែកខ្ទាតត្រូវ៕

Loading...