ខ្យល់ព្យុះ Goni វាយប្រហារហ្វីលីពីនសម្លាប់មនុស្ស៤នាក់ និងរាប់រយនាក់ភៀសខ្លួនពីលំនៅឋាន

អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយហ្វីលីពីនបានបញ្ជាក់ថា មនុស្ស៤នាក់បានស្លាប់ និងរាប់រយនាក់ផ្សេងទៀតត្រូវភៀសខ្លួនចាកចេញពីលំនៅឋានកាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៥ ខណៈដែលខ្យល់ព្យុះ៣វាយប្រហារនៅចំភាគខាងជើងប្រទេស ។

ខ្យល់ព្យុះដែលមានកម្លាំងខ្លាំង និងល្បឿនលឿនឈ្មោះ Goni ក្នុងល្បឿន២០៥គីឡូម៉ែត្រក្នុងមួយម៉ោង បាននិងកំពុងបក់បោកចម្ងាយ១០០គីឡូម៉ែត្រភាគខាងកើតខេត្ត Cagayan ភាគខាងជើងប្រទេសហ្វីលីពីន ហើយបាននិងកំពុងធ្វើរំកិលដំណើរយឺតៗ ៧គីឡូម៉ែត្រក្នុងមួយម៉ោងឆ្ពោះទៅកាន់ភាគខាងត្បូងប្រទេសជប៉ុន ។

មន្ត្រីប៉ូលិសក្នុងតំបន់ ក៏ដូចមន្ត្រីអង្គភាពការពារជនស៊ីវិលបានថ្លែងថា មនុស្ស៤នាក់បានស្លាប់, ម្នាក់ស្លាប់ដោយសារការលង់ទឹក និង៣នាក់ផ្សេងទៀតស្លាប់ដោយការបាក់ដីសង្កត់ពីលើ ។ មនុស្ស៣នាក់ផ្សេងទៀតរងរបួស និងច្រើននាក់ផ្សេងទៀតកំពុងនៅបាត់ខ្លួន។

លោក Norma Talosig ប្រធានអង្គភាពការពារជនស៊ីវិលបានថ្លែងប្រាប់ប្រភពព័ត៌មានថា មនុស្សជាង៤០០នាក់ត្រូវបានជម្លៀសខ្លួនទៅរកទីសុវត្ថិភាពស្ថិតនៅក្នុងខេត្ត Cagayan និងខេត្ត Batanes ដែលជាទីតាំងរងគ្រោះដោយខ្យល់ព្យុះខ្លាំងជាងគេ ។ ពលរដ្ឋទាំងនោះត្រូវជម្លៀសទៅកាន់ទីតាំងដែលខ្ពស់ និងមានសុវត្ថិភាព ដោយសារតែទឹកជំនន់កាន់តែបន្តកើនឡើងកម្ពស់ ។
ស្ថិតនៅតំបន់ភ្នំ Cordillera មនុស្សជាង៣០០នាក់ត្រូវជម្លៀសខ្លួនផងដែរ ដោយសារតែការគំរាមកំហែងពីគ្រោះថ្នាក់បាក់ដីជាយថាហេតុ ។

លោក Alexander Pama ប្រធានក្រុមប្រឹក្សាគ្រប់គ្រង និងកាត់បន្ថយមហន្តរាយជាតិ បានបញ្ជាក់ថា ខ្យល់ព្យុះ Goni លាយឡំដោយភ្លៀងធ្លាក់ខ្លាំង ធ្វើឲ្យមានការបាក់ដី និងទឹកជំនន់ នៅតំបន់ឈូងសមុទ្រវាលទំនាបភាគខាងជើង ។
អគ្គិសនីត្រូវបានកាត់ផ្តាច់នៅទូទាំងតំបន់ភាគខាងជើង Luzon ។ ការចរាចរតាមផ្លូវសមុទ្រ និងផ្លូវអាកាសត្រូវផ្អាកជាបណ្តោះអាសន្ន ។ ការចេញទូកនេសាទក៏ត្រូវហាមប្រាមផងដែរ ។

កម្លាំងយោធាព្រមជាមួយដោយគ្រឿងយន្តធុនធ្ងន់ត្រូវដាក់ពង្រាយនៅតាមដងផ្លូវ ទីដែលមានការវាយប្រហារដោយខ្យល់ព្យុះនោះដើម្បីសម្អាតផ្លូវ ដែលត្រូវដើមឈើ និងបង្គោលភ្លើងបាក់រលំសង្កត់ ក៏ដូចជាការជួយសម្រួលឲ្យមានលក្ខណៈងាយស្រួលដល់ការធ្វើដំណើររបស់ក្រុមគ្រួសាររងគ្រោះ ក៏ដូចជាក្រុមផ្តល់ជំនួយក្នុងការដឹកទំនិញ សម្ភារ ជួយដល់ពលរដ្ឋរងគ្រោះដែលរស់នៅក្រោមដំបូលប្រក់តង់បណ្តោះអាសន្នតាមទីតាំងនានាផងដែរ ។

ជារៀងរាល់ឆ្នាំ គិតជាមធ្យមភាគ មានខ្យល់ព្យុះប្រមាណ២០បានបក់បោកឆ្លងកាត់ប្រទេសហ្វីលីពីន។ ខ្យល់ព្យុះដែលមានកម្លាំងខ្លាំង និងសម្លាប់មនុស្សច្រើនជាងគេបំផុតបានកើតឡើងនៅភាគកណ្តាលហ្វីលីពីន កាលពីខែវិច្ឆិកា ឆ្នាំ២០១៣ ដោយសម្លាប់មនុស្ស៦.៣០០នាក់ និងជាង២០០.០០០នាក់បាត់បង់ទីជម្រក ៕

philipin storm (1)

philipin storm (2)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *