ខ្យល់ព្យុះ Nesat វាយប្រហារភាគអាគ្នេយ៍ចិន

ព្យុះឈ្មោះ Nesat ដែលជាព្យុះទីហ្វុងទី៩នៅក្នុងឆ្នាំនេះបានវាយប្រហារ បង្កឱ្យបាក់ដីនៅខេត្ត Fujian ភាគអាគ្នេយ៍នៃប្រទេសចិន កាលពីព្រឹកថ្ងៃអាទិត្យ ទី៣០ ខែកក្កដា ឆ្នាំ២០១៧។

អាជ្ញាធរឧតុនិយមក្នុងស្រុកបានឱ្យដឹងថា ខ្យល់ព្យុះ Nesat ដែលមានល្បឿនអតិបរមារហូតដល់៣៣ ម៉ែត្រក្នុងមួយវិនាទីបានវាយប្រហារនៅទីក្រុងឆ្នេរសមុទ្រ Fuqing កាលពីវេលាម៉ោង៦ ព្រឹក បន្ទាប់ពីធ្វើដំណើរឆ្លងកាត់កោះ Pingtan ។

រដ្ឋាភិបាលក្នុងតំបន់ Fuqing បានបញ្ជាឱ្យមន្រ្តី និងអ្នកស្ម័គ្រចិត្តបង្កើនការល្បាតដើម្បីធានាសុវត្ថិភាពរបស់ប្រជាជនក្នុងតំបន់នៅពេលភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារទីក្រុង។

រហូតដល់ម៉ោង១០ ព្រឹក ខ្យល់ព្យុះ Nesat បានចុះខ្សោយឥទ្ធិពលទៅកាន់តំបន់ខ្ពង់រាបត្រូពិច និងបានបន្តធ្លាក់ចុះខ្សោយឥទ្ធិពលនៅពេលធ្វើដំណើរទៅកាន់ទិសពាយព្យ ដោយល្បឿនពី១៥គីឡូម៉ែត្រទៅ២០គីឡូម៉ែត្រប៉ុណ្ណោះ ក្នុងមួយម៉ោង។

មជ្ឈមណ្ឌលឧតុនិយមជាតិបានឱ្យដឹងថា ដោយមិនសានត្រាន ព្យុះទីហ្វុង Haitang ដែលជាព្យុះទីហ្វុងទី១០ក្នុងឆ្នាំនេះត្រូវព្យាករណ៍ថា នឹងចូលមកដល់នៅភាគខាងត្បូងកោះតៃវ៉ាន់ នៅយប់ថ្ងៃអាទិត្យ និងវាយប្រហារជាលើកទីពីរនៅកន្លែងណាមួយរវាងតំបន់ Xiapu និង Jinjiang ក្នុងខេត្ត Fujian នាព្រឹកថ្ងៃចន្ទ ទី៣១ ខែកក្កដា។

ការិយាល័យគ្រប់គ្រងគ្រោះទឹកជំនន់ខេត្តបាននិយាយថា ព្យុះទីហ្វុងទីពីរនេះត្រូវបានគេរំពឹងថា នឹងនាំមកនូវភ្លៀងធ្លាក់ខ្លាំង និងខ្យល់ព្យុះខ្លាំងៗ ទៅកាន់ខេត្តឆ្នេរសមុទ្រ។ ទឹកភ្លៀងនៅតំបន់ខ្លះអាចឡើងដល់៥០០ មីលី្លម៉ែត្រ និងតំបន់ភ្នំអាចប្រឈមនឹងហានិភ័យខ្ពស់ទៅនឹងគ្រោះធម្មជាតិ។ គិតត្រឹមថ្ងៃសៅរ៍ ទី២៩ ខែកក្កដា មនុស្សប្រហែល២៧.០០០ នាក់ត្រូវបានជម្លៀសទៅកាន់កន្លែងសុវត្ថិភាពពីកសិដ្ឋានចិញ្ចឹមត្រីនៅហ្វូជៀន។

អាជ្ញាធរមូលដ្ឋានក៏បានពន្យារពេល មិនឲ្យអ្នកនេសាទចេញទៅសមុទ្ររហូតដល់ថ្ងៃទី១ ខែសីហា ៕ សុរ្ម័ន

Loading...