ខ្សឹបដាក់ត្រចៀក៖ នាយកទីចាត់ការហិរញ្ញវត្ថុសាលារាជធានីភ្នំពេញ លោក អ៊ុក សុផល នៅតែប្រព្រឹត្តអំពើពុករលួយ

ប្រភពពីមន្ត្រីរាជការនៅក្នុងសាលារាជធានីភ្នំពេញ មួយចំនួនបានបង្ហើបឲ្យដឹងថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះលោក អ៊ុក សុផល នាយកទីចាត់ការហិរញ្ញវត្ថុសាលារាជធានីភ្នំពេញ ប្រើតួនាទីនិងអំណាចរបស់ខ្លួនប្រព្រឹត្តអំពើពុករលួយខ្លាំងក្លាជាងមុនទៅទៀត។ ដោយហេតុថា លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មិនចាត់វិធានការទប់ស្កាត់អំពើពុករលួយយ៉ាងពេញបន្ទុករបស់លោក អ៊ុក សុផល នាយកទីចាត់ការហិរញ្ញវត្ថុសាលារាជធានីភ្នំពេញ នោះទេហើយបណ្តោយឲ្យលោក អ៊ុក សុផល ធ្វើអ្វីៗតាមអំពើចិត្ត។ សូម្បីតែលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ក៏មិនទាន់បើកការស៊ើបអង្កេតទៅលើរឿងអាស្រូវពុករលួយរ​បស់លោក អ៊ុក សុផល នាយកទីចាត់ការហិរញ្ញវត្ថុសាលារាជធានីភ្នំពេញ ដែលល្បីល្បាញជាច្រើនឆ្នាំមកហើយនោះដែរ។

តាមការបង្ហើបពីមន្ត្រីនៅក្នុងទីចាត់ការហិរញ្ញវត្ថុសាលារាជធានីភ្នំពេញ មួយចំនួនបានឲ្យដឹងថា ដោយសារអាងមានខ្នងបង្អែករឹងមាំទើបលោក អ៊ុក សុផល នាយកទីចាត់ការហិរញ្ញវត្ថុសាលារាជធានីភ្នំពេញ ហ៊ានប្រើតួនាទីនិងអំណាចរបស់ខ្លួនប្រព្រឹត្តអំពើពុករលួយដោយគ្មានញញើតអ្វីទាំងអស់។ លើសនេះទៅទៀតលោក អ៊ុក សុផល តែងប្រើឈ្មោះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីការពារទង្វើរបស់ខ្លួនយ៉ាងគឃ្លើន ហើយគ្រប់គម្រោងអភិវឌ្ឈន៍នានានៅក្នុងរាជធានីភ្នំពេញ គឺជាប្រភពចំណូលដ៏សំខាន់របស់លោក អ៊ុក សុផល និងបក្ខពួក។ មន្ត្រីគណនេយ្យតាមបណ្តាមន្ទីរនិងអង្គភាពចំណុះសាលារាជធានីភ្នំពេញ មួយចំនួនបានបង្ហើបឲ្យដឹងថា នៅពេលពួកគេទៅបើថវិកាសម្រាប់អនុវត្តន៍គម្រោងផ្សេងៗនៅក្នុងមន្ទីរឬអង្គភាព ត្រូវជួបការលំបាក់យ៉ាងខ្លាំងព្រោះលោក អ៊ុក សុផល ទាមទារទឹកតែពី១០ទៅ១៥ភាគរយតាមជំនាញពុករលួយរបស់ខ្លួន។

តាមប្រភពពីមន្ត្រីគណនេយ្យនៅក្នុងមន្ទីរនិងអង្គភាពចំណុះសាលារាជធានីភ្នំពេញ មួយចំនួនបានបញ្ជាក់ថា ប្រសិនបើពួកគេមិនកាត់ភាគរយតាមការកំណត់របស់លោក អ៊ុក សុផល នាយកទីចាត់ការហិរញ្ញវត្ថុសាលារាជធានីភ្នំពេញ និងបក្ខពួកទេនោះ គឺមិនងាយបើកបា​នថវិកាសម្រាប់អនុវត្តន៍គម្រោងនានាឡើយ។ ដូច្នេះថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធព្រមទាំងលោក ឃួង​ ស្រេង អភិបាលរាជធានីភ្នំពេញ គួរពិនិត្យែឡើងវិញជាបន្ទាន់ហើយចាត់វិធានការទប់ស្កាត់កុំឲ្យលោក អ៊ុក សុផល និងបក្ខពួកឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយយ៉ាងពេញទំហឹងតទៅទៀត។ ជាពិសេសលោក ឱម​ យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរតែបើកការស៊ើបអង្កេតឲ្យបានស៊ីជម្រៅទៅលើអំពើពុករលួយតាមច្រើនរូបភាពរបស់លោក អ៊ុក សុផល នាយកទីចាត់ការហិរញ្ញវត្ថុសាលារាជធានីភ្នំពេញ​ ផងដែរព្រោះច្រើនឆ្នាំកន្លងទៅនេះលោក អ៊ុក សុផល និងបក្ខពួកឃុបឃិតគ្នាសាងភាពល្បីល្បាញខាងពុករលួយយ៉ាងគឃ្លើន៕

Loading...