ខ្សឹបដាក់ត្រចៀក៖ បទល្មើស​នៃការនាំឈើ​ចេញទៅវៀតណាម​ ក្រោមការចាត់ចែងផ្តាច់មុខ​របស់នាយក​ដែនជម្រកសត្វព្រៃ​ណាំលៀ

ប៉ុន្មានយប់ជាប់ៗគ្នានេះ សកម្មភាពនៃការនាំឈើចេញ​ពីខេត្តមណ្ឌលគិរី ឆ្ពោះទៅប្រទេសវៀតណាម​បានកើតឡើង​យ៉ាងគំហុក ដែល​ក្នុងមួយយប់ៗ មានរថយន្ត​មិនតិចជាង៨០គ្រឿង ត្រូវបាននាំឈើចេញ ។ ក្រុមមន្ត្រី​ដែលទទួលបានលាភសក្ការ​ខ្សឹបខ្សៀវគ្នាថា អ្នកដែល​ចែកផលលាភ​ឲ្យមន្ត្រីរាជការ,​ កម្លាំងប្រដាប់អាវុធ… នៅខេត្តមណ្ឌលគិរីនេះ គឺដឹកនាំដោយ​មន្ត្រីម្នាក់ នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ។ គេមិនបង្ហើបឈ្មោះអ្នកនោះទេ​ គ្រាន់តែដឹងថា គាត់នោះ​គឺជានាយក​ដែនជម្រកសត្វព្រៃ​ណាំលៀ ។

ឈ្មួញឈើធំៗនៅក្នុងខេត្តនេះសុទ្ធតែទាក់ទង​មន្ត្រីម្នាក់នោះ​ដើម្បី​រៀបចំកញ្ចប់ថវិកា​ជូនថ្នាក់ដឹកនាំ, កម្លាំងមានសមត្ថកិច្ច… ដើម្បីចែកផលលាភទៅតាមឋានៈតួនាទី ។ ប្រភពរាយការណ៍ថា សកម្មភាពនៃការដឹកជញ្ជូនឈើត្រូវបានធ្វើជាចំហរ តាមច្រក​ប៉ុស្តិ៍៧ ក្នុង​ដែនសមត្ថកិច្ច​របស់មន្ត្រីនៃមន្ទីរបរិស្ថានម្នាក់នោះ ។ ប្រភពបានបន្ថែមថា រថយន្តឡង់គ្រីស័រ ច្រើនគ្រឿង បានធ្វើសកម្មភាពដឹកជញ្ជូនឈើ​ឆ្លងដែន​យ៉ាងគគ្រឹកគគ្រេង តាមច្រកប៉ុស្តិ៍៧ តាំងពីយប់ថ្ងៃទី៩ ខែមិថុនា មកម្ល៉េះ ។ ក្រុមអ្នករកស៊ី​បាន​ឲ្យមន្ត្រីនៃមន្ទីរបរិស្ថានម្នាក់ជាអ្នកបោះមេ ជូនថ្នាក់ដឹកនាំ កម្លាំងប្រដាប់អាវុធ​នៅក្នុងខេត្តមណ្ឌលគិរី ។

នៅពេលដែលផលលាភបានចែក​គ្រប់ទីកន្លែងហើយនោះ សកម្មភាពនៃការដឹកជញ្ជូនឈើចេញទៅប្រទេសវៀតណាម​បានធ្វើឡើង​ដោយមិនលាក់លៀម ។ ឈ្មួញឈើធំៗ ដូចជាឈ្មោះ ឆុង, ម៉ាប់ … បានធ្វើឡើង​ដោយមិនញញើត​នរណាទេ ។ អ្នកបោះមេ ក្នុងផល​ប្រយោជន៍​ដ៏ច្រើនសន្ធឹកសន្ធាប់​មានប្រាក់​ស្ទើររាប់លានដុល្លារ, រថយន្តបួនប្រាំគ្រឿង តែក្នុងរយៈពេល​ប៉ុន្មានឆ្នាំចុងក្រោយនេះ បានធ្វើឲ្យ​ជំនួញឈើ​នៅក្នុងខេត្តនេះដំណើរការដោយរលូន ។ យ៉ាងណាក៏ដោយ អ្នកដែលទទួលបានផលប្រយោជន៍​ពី
បទល្មើសនៃការដឹកជញ្ជូនឈើ​នេះ​មិនបញ្ជាក់​អំពីអត្តសញ្ញាណ​មន្ត្រីនោះទេ ។ បែបនេះគេហៅថា អ្នកមានលាក់មុខ ។ អ្នកខេត្តមណ្ឌលគិរីពិតជាដឹង ប៉ុន្តែគេមិនទាន់​ប្រាប់អ្នកកាសែតតែប៉ុណ្ណោះ ៕

Loading...