ខ្សឹបដាក់ត្រចៀក៖ បុរសអួន តាល់ បើកល្បែងភ្នាល់ទឹកភ្លៀងនិងល្បែងស៊ីសងគ្រប់ប្រភេទក្រុងបាត់ដំបង ​​

ប្រភពពីប្រជាពលរដ្ឋក្នុងសង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានឲ្យដឹងថា នៅក្នុងភូមិសំរោងពីរ សង្កាត់អូរចារ បុគ្គលឈ្មោះ អួន តាល់ បើកល្បែងភ្នាល់ទឹកភ្លៀង ក៏ដូចជាវង់បៀអាប៉ោងទ្រង់ទ្រាយធំដោយគ្មានមន្ត្រីអាជ្ញាធរឬសមត្ថកិច្ចណាចាត់វិធានការទប់ស្កាត់នោះទេ។ ប្រជាពលរដ្ឋបានលើកឡើងថា លោក ឆាង វណ្ណឆៃ អធិការនគរបាលក្រុងបាត់ដំបង និងអភិបាលក្រុងបាត់ដំបង បានរក្សាភាពស្ងៀមស្ងាត់ទុកឲ្យបុគ្គលឈ្មោះ អួន តាល់ ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅក្នុងភូមិអូរចារ សង្កាត់អូរចារ មកបើកល្បែងភ្នាក់ទឹកភ្លៀងនិងវង់បៀអាប៉ោងក្នុងភូមិសំរោងពីរ សង្កាត់អូរចារ តាមអំពើចិត្ត។

តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋក្នុងភូមិសំរោងពីរ សង្កាត់អូរចារ បានឲ្យដឹងថា ក្នុងមួយថ្ងៃៗមានអ្នកមកលេងល្បែងភ្នាល់ទឹកភ្លៀងនិងបៀអាប៉ោងនៅទីតាំងរបស់បុគ្គលឈ្មោះ អួន តាល់ យ៉ាងពពាក់ពពូនគ្មានញញើតអ្វីទាំងអស់។ ក្នុងមួយថ្ងៃៗបុគ្គលឈ្មោះ អួន តាល់ អាចប្រមូលលុយបានរាប់ម៉ឺនរាប់សែនដុល្លារ និងរាប់សិបលានរៀលយ៉ាងស្រួលៗព្រោះសូម្បីតែលោក អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបង និងលោក ងួន រតនៈអភិបាលខេត្ត​បាត់ដំបង ក៏មិនទប់ស្កាត់ករណីបុគ្គលឈ្មោះ អួន តាល់ បើកល្បែងស៊ីសងនៅភូមិសំរោងពីរ​ សង្កាត់អូរចារ ក្រុងបាត់ដំបង នោះដែរ។ បញ្ហានេះកំពុងនាំឲ្យមានអំពើចោរកម្មនិងបទល្មើសផ្សេងៗរាលដាលយ៉ាងគំហុកនៅក្នុងសង្កាត់អូរចារ ក៏ដូចជាសង្កាត់ផ្សេងៗទៀតក្នុងក្រុងបាត់ដំបងទាំងមូល។

ប្រភពស្និទ្ធនឹងបុគ្គលឈ្មោះ អួន តាល់ បានឲ្យដឹងថា មេល្បែងស៊ីសងរូបនេះមានខ្នងបង្អែករឹងមាំទើបអាចបើកល្បែងភ្នាល់ទឹកភ្លៀងនិងបៀអាប៉ោងក្នុងភូមិសំរោងពីរ សង្កាត់អូរចារ ដោយគ្មានសមត្ថកិច្ចឬមន្ត្រីអាជ្ញាធរណាហ៊ានប៉ះពាល់ឡើយ។ ប្រភពបានបង្ហើបឲ្យដឹងទៀតថា មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ក្នុងខេត្តបាត់ដំបង ទទួលផលប្រយោជន៍យ៉ាងត្រជាក់ចិត្តពីបុគ្គលឈ្មោះ អួន តាល់ ដែលជាមេល្បែងស៊ីសងដ៏ល្បីល្បាញនៅខេត្ត​បាត់ដំបង។ ហេតុនេះហើយទើបបុគ្គលឈ្មោះ អួន តាល់ មានសិទ្ធិអំណាចធំធេងក្នុងការបើកល្បែងភ្នាល់ទឹកភ្លៀងនិងបៀអាប៉ោងនៅសង្កាត់អូរចារ យ៉ាងរលូនហើយមានអ្នកចូលរួមលេងល្បែងកាន់តែច្រើនឡើងៗនៅដើមរដូវវស្សាឆ្នាំ២០២០នេះ។

ប្រជាពលរដ្ឋបានអំពាវនាវឲ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃនិងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បង្ក្រាបល្បែងស៊ីសងច្រើនប្រភេទក្នុងសង្កាត់អូរចារ ក្រុងបាត់ដំបង ជាបន្ទាន់។ ដោហេតុថា លោក អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបង និងលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងមេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង មិនចាត់វិធានការបង្ក្រាបល្បែងស៊ីសងរបស់បុគ្គលឈ្មោះ អួន តាល់ នោះឡើយ។ ប្រភពខ្លះបានឲ្យដឹងថា មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានជាអ្នកឃុបឃិតឲ្យបុគ្គលឈ្មោះ អួន តាល់ បើកល្បែងស៊ីសងយ៉ាងរលូនដើម្បីជាថ្នូរនឹងផលប្រយោជន៍ដោយមិនគិតពីផលប៉ះពាល់ដល់សន្តិសុខសង្គមនោះទេ៕

Loading...