ខ្សឹបដាក់ត្រចៀក៖ មិនគួរ​បណ្ដោយ​ឲ្យ​ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តក្រចេះ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​តទៅទៀត​ទេ​

ប្រភពពី​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តក្រចេះ មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា ករណី​បទល្មើស​រុករក​និង​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់​កើតឡើង​យ៉ាង​រាលដាល​នៅក្នុង​ស្រុក​សំបូរ ខេត្តក្រចេះ នាយ​ពេលកន្លងមក​គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក សខ គិរី​រ័ត្ន ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តក្រចេះ តែម្តង​។

ដូច្នេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​លោក ស៊ុយ សែម ដែលជា​រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល ពិនិត្យមើល​ឡើងវិញ​ចំពោះ​ភាព​អសកម្ម​និង​អំពើពុករលួយ​របស់លោក សុខ គិរី​រ័ត្ន ព្រមទាំង​បក្ខពួក​ហើយ​ចាត់វិធានការ​ទប់ស្កាត់​ប្រកបដោយ​ប្រសិទ្ធភាព​។ បើ​មិន​ដូច្នេះ​ទេ​លោក សុខ គិរី​រ័ត្ន និង​មន្ត្រីក្រោមឱវាទ​មួយចំនួន​នៅ​តេ​បន្ត​ឃុបឃិត​គ្នា​បណ្ដោយ​ឲ្យ​បទល្មើស​រុករក​និង​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់​កើតឡើង​កាន់តែ​ច្រើនជាង​មុន​ទៅទៀត​នៅក្នុង​ស្រុក​សំបូរ ខេត្តក្រចេះ​។

​ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅក្នុង​ឃុំ​ក្បាលដំរី ស្រុក​សំបូរ ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​នៅក្នុង​ចំណុច​មួយចំនួន​ក្នុង​តំបន់​អូរ​ត្រូ​ន ឃុំ​ក្បាលដំរី ស្រុក​សំបូរ ខេត្តក្រចេះ កំពុង​កើតមាន​ករណី​ឈ្មួញ​បន្ត​រុករក​និង​ជីក​រ៉ែ​មាស​ជាថ្មីទៀត​យ៉ាង​រាលដាល ហើយ​លោក សុខ គិរី​រ័ត្ន ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តក្រចេះ មិន​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​នោះទេ​។ ដូច្នេះហើយ​ទើប​ប្រជាពលរដ្ឋ​ក្នុង​តំបន់​នោះ​អំពាវនាវ​យ៉ាងទទូច​ឲ្យ​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល ចាត់វិធានការ​ទប់ស្កាត់​អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់​នៅក្នុង​ស្រុក​សំបូរ ខេត្តក្រចេះ ជាបន្ទាន់​។

ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក សុខ គិរី​រ័ត្ន ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ទេនោះ គឺ​គ្មាន​ឈ្មួញ​ណា​ហ៊ាន​ធ្វើ​អាជីវកម្ម​រុករក​និង​ជីក​រ៉ែ​មាស​ក្នុង​ឃុំ​ក្បាលដំរី តាម​អំពើ​ចិត្ត​ឡើយ​។​

​ប្រភពពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ក្បាលដំរី បាន​ឲ្យ​ដឹងថា មាន​ក្រុម​ឈ្មួញ​កំពុង​ឃុបឃិត​ជាមួយ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​និង​មន្ត្រី​មន្ទីរ​ពាក់ព័ន្ធ ហើយ​ធ្វើ​សកម្មភាព​ជីករណ្ដៅ​រុករក​រ៉ែ​មាស​យ៉ាង​អនាធិបតេយ្យ​ប្រមាណ​១០​រណ្ដៅ​ទាំង​តូច​ទាំង​ធំ​។ ប្រភព​បាន​ឲ្យ​ដឹងថា ក្នុងចំណោម​ឈ្មួញ​ដែល​កំពុង​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់​គឺ​ឈ្មួញ​ឈ្មោះ តេង កំពុង​ធ្វើ​អាជីវកម្ម​ទ្រង់ទ្រាយ​ធំជាងគេ​ព្រោះ​មាន​កម្មករ​រាប់សិប​នាក់​កំពុងស៊ី​ឈ្នួល​ឈ្មួញ​ម្នាក់នេះ​។ អ្នកភូមិ​ដែល​រស់នៅ​ក្បែរ​ទីតាំង​ក្រុម​ឈ្មួញ​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់​បាន​ឲ្យ​ដឹងថា កម្មករ​ភាគច្រើន​ដែល​កំពុង​ស៊ីឈ្នួល​ជីករណ្ដៅ​រ៉ែ​មាស គឺ​ភាគច្រើន​ជា​ពលរដ្ឋ​មកពី​ខេត្តកំពង់ធំ និង​មាន​ជនជាតិ​យួន​ផងដែរ​។​

តាម​ការអះអាង​របស់​ប្រជាពលរដ្ឋនៅក្នុង​ក្បាលដំរី បាន​ឲ្យ​ដឹង​ទៀតថា ឈ្មួញ​ឈ្មោះ តេង និង​ឈ្មួញ​ដទៃទៀត​កំពុង​ធ្វើ​អាជីវកម្ម​ជីក​រ៉ែ​មាស​ខុសច្បាប់​និង​មានប្រើ​សារធាតុ​គីមី​កិនបំបែក​ថ្ម​រ៉ែ​មាស​ធ្វើ​ឲ្យ​សារធាតុ​គីមី​ហូរ​ចូលទៅក្នុង​ប្រភពទឹក​ធម្មជាតិ​ដែល​ប្រជាពលរដ្ឋ​ប្រើប្រាស់​ទៀតផង​។

ប្រការនេះ​កំពុងតែ​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុងស្រុក​សំបូរ ខេត្តក្រចេះ ហើយ​លោក សុខ គិរី​រ័ត្ន ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តក្រចេះ ក៏ដូចជា​លោក វ៉ា ថន អភិបាលខេត្ត​ក្រចេះ កំពុង​រក្សា​ភាព​ស្ងៀមស្ងាត់​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។

ដូច្នេះហើយ​ទើប​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ក្បាលដំរី អំពាវនាវ​ឲ្យ​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល ពិនិត្យ​ទៅលើ​ភាព​អសកម្ម​និង​អំពើពុករលួយ​របស់លោក សុខ គិរី​រ័ត្ន ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តក្រចេះ និង​បក្ខពួក​ជាបន្ទាន់​។

ដោយហេតុថា​ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក សុខ គិរី​រ័ត្ន និង​មន្ត្រីក្រោមឱវាទ​ទេនោះ គឺ​គ្មាន​ឈ្មួញ​ណា​ថ្លើមធំ​ហ៊ាន​រុករក​និង​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់​នៅ​តំបន់​អូរ​ត្រូ​ន យ៉ាង​រាលដាល​ដូច​សព្វថ្ងៃ​នេះឡើយ​៕

Loading...