ខ្សឹបដាក់ត្រចៀក៖ លោកផ្កាយ២ ហេង ឡាលីន មេឆ្នោតយួនល្បីល្បាញក្នុងរាជធានីភ្នំពេញ

ប្រភពពីសមត្ថកិច្ចតាមបណ្តាខណ្ឌមួយចំនួនក្នុងរាជធានីភ្នំពេញ បានឲ្យដឹងថា លោកផ្កាយ២ ហេង ឡាលីន ដែលជាមន្ត្រីយោធានៅក្នុងអង្គភាពកងពលតូចលេខ៧០ ដែលជាមេឈ្មួតយួន(មេកន្ទុយលេខយួន) ល្បីល្បាញក្នុងរាជធានីភ្នំពេញ ច្រើនឆ្នាំមកហើយនោះនៅតែធ្វើអ្វីតាមអំពើចិត្តរបស់ខ្លួនដដែល។ ប្រភពបានឲ្យដឹងទៀតថា លោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មិនចាត់វិធានការបង្ក្រាបលោកផ្កាយ២ ហេង ឡាលីន ដែលជាមេឆ្នោតយួនដ៏ធំក្នុងរាជធានីភ្នំពេញ នោះទេ។ ហេតុនេះហើយទើបមានសេចក្តីអំពាវនាវឲ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃនិងថ្នាក់ដឹកនាំក្រសួងការពារជាតិ ពិនិត្យឡើងវិញជាបន្ទាន់ចំពោះទង្វើរបស់លោកផ្កាយ២ ហេង ឡាលីន ដែលជាមន្ត្រីយោធាជាន់ខ្ពស់ក្នុងអង្គភាពកងពលតូចលេខ៧០។

ប្រភពស្និទ្ធនឹងលោកផ្កាយ២ ហេង ឡាលីន បានឲ្យដឹងថា កាលដែល លោក ហេង ឡាលីន និងបក្ខពួកហ៊ានធ្វើជាមេឆ្នោតយួន យ៉ាងល្បីល្បាញក្នុងរាជធានីភ្នំពេញ ហើយប្រើអំណាចគាបសង្កត់ទៅលើមេឆ្នោតយួនដទៃទៀតនោះ គឺដោយសារអាងមានខ្នងបង្អែករឹងមាំ។ ប្រភពបានបង្ហើបទៀតថា មានសមត្ថកិច្ចនិងមន្ត្រីអាជ្ញាធរតាមបណ្តាខណ្ឌមួយចំនួនទំនងទទួលបានផលប្រយោជន៍ជាប្រចាំពីលោកផ្កាយ២ ហេង ឡាលីន និងបក្ខពួកទើបបណ្តោយឲ្យលោក ហេង ឡាលីន ធ្វើជាមេល្បែងកន្ទុយលេខខុសច្បាប់យ៉ាងសុខស្រួល។ ដូច្នេះលោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មិនគួរបណ្តោយឲ្យលោកផ្កាយ២ ហេង ឡាលីន ធ្វើអ្វីៗតាមអំពើចិត្តទៀតទេ ព្រោះល្បែងកន្ទុយលេខយួនរបស់លោកផ្កាយ២ ហេង ឡាលីន កំពុងបង្កឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខសង្គម។

មជ្ឈេដ្ឋាននានាបានលើកឡើងថា ការដែលលោកផ្កាយ២ ហេង ឡាលីន មន្ត្រីយោធាជាន់ខ្ពស់ក្នុងអង្គភាពកងពលតូចលេខ៧០​ ក្លាយជាមេកន្ទុយលេខយួនស្ទើរតែផ្តាច់មុខក្នុងរាជធានីភ្នំពេញ គឺធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ស្ថាប័នការពារជាតិទាំងមូល។ ហេតុនេះថ្នាក់ដឹកនាំក្រសួងការពារជាតិ ក៏ដូចជានាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ មិនគួរបណ្តោយឲ្យលោកផ្កាយ២ ហេង ឡាលីន ធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួនតទៅទៀតទេ។ ដោយសារថាល្បែងកន្ទុយលេខយួនរបស់លោកផ្កាយ២ ហេង ឡាលីន កំពុងបង្កឲ្យមានបទល្មើសផ្សេងៗដូចជាអំពើចោរកម្មលួចឆក់ប្លន់​កើតឡើងយ៉ាងពេញបន្ទុកស្ទើរគ្រប់សង្កាត់ ក្នុងរាជធានីភ្នំពេញទាំងមូល៕

Loading...