ខ្សឹបដាក់ត្រចៀក៖ លោក ទ្រី សុភ័ក្ត្រ មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តក្រចេះ កំពុង​រង​ការរិះគន់​រឿង​ប្រមូល​លុយ​ពីបទ​ល្មើស​ព្រៃឈើ​

ប្រភពពី​មន្ត្រី​នៃ​មន្ទីរ​កសិកម្ម​ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​លោក ទ្រី សុភ័ក្ត្រ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តក្រចេះ មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ដឹកជញ្ជូន​ឈើ​ពី​ខេត្តស្ទឹងត្រែង ចូល​ខេត្តក្រចេះ ចេញទៅ​ស្រុក​យួន​យ៉ាង​រាលដាល​នោះឡើយ​។

សូម្បីតែ​បទល្មើស​បំផ្លាញ​ព្រៃ​ឡង់​ក្នុង​ខេត្តក្រចេះ កើតឡើង​យ៉ាង​អនាធិបតេយ្យ​ក៏​លោក ទ្រី សុភ័ក្ត្រ មិន​ចាត់វិធានការ​ទប់ស្កាត់​ដែរ ហើយ​ថែមទាំង​បណ្ដែតបណ្ដោយ​ឲ្យ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុងស្រុក​ឆ្លូង ស្រុក​ចិត្រ​បុរី ស្រុក​សំបូរ ស្រុក​ព្រែក​ប្រសព្វ និង​ស្រុក​ស្នួល ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។

ដូច្នេះ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​លោក អ៊ុង សំអាត ប្រធាន​រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួងកសិកម្ម មិនគួរ​បណ្ដែតបណ្ដោយ​ឲ្យ​លោក ទ្រី សុភ័ក្ត្រ និង​បក្ខពួក​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​តទៅទៀត​ទេ។

សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ឈ្មួញ​យួ​និង​ឈ្មួញ​ខ្មែរ​ច្រើន​នាក់​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ពី​ខេត្តស្ទឹងត្រែង ចូល​ខេត្តក្រចេះ ក្នុង​មួយ​យប់ៗ​រាប់សិប​រថយន្ត​សាំ​យ៉ុង​និង​រថយន្ត​ច្រើន​ប្រភេទ​ទៀត​យ៉ាង​រលូន​។ ឈើ​ទាំងនោះ​ត្រូវ​ឈ្មួញ​នាំ​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ត្រពាំង​ស្រែ​-​វ៉ា​លឺ ស្រុក​ស្នួល ខេត្តក្រចេះ និង​តាម​ច្រកព្រំដែន​ច្រើន​កន្លែង​ក្នុងស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ព្រោះ​មាន​ការជួយ​សម្របសម្រួល​ពី​មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន​។ សូម្បីតែ​លោក វ៉ា ថន អភិបាលខេត្ត​ក្រចេះ ដែល​ទើប​ចូលកាន់​តំណែង​ជំនួស​លោក សរ ចំ​រ៉ុង ក៏​មិន​ចាត់វិធានការ​ទប់ស្កាត់​បង្ក្រាប​បទល្មើស​ព្រៃឈើ​ដែល​កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក​នៅក្នុង​ខេត្តក្រចេះ នោះដែរ​។ ហេតុនេះហើយ​ទើប​មជ្ឈដ្ឋាន​ខ្លះ​រិះគន់ថា​លោក វ៉ា ថន អភិបាលខេត្ត​ក្រចេះ និង​លោក ទ្រី សុភ័ក្ត្រ មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តក្រចេះ កំពុង​ឃុបឃិត​ឲ្យ​មាន​បទល្មើស​ព្រៃឈើ​កើតឡើង​យ៉ាង​រាលដាល​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា កាលពី​ព្រឹក​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៨ លោក វ៉ា ថន អភិបាលខេត្ត​ក្រចេះ បាន​ចំ​រុញ​ឲ្យ​មាន​ការដាំ​កូនឈើ​នៅតាម​ទីសាធារណៈ​និង​តាម​ដីឯកជន ពិសេស​កូនឈើ​ដែលមាន​ផ្លែ​ហូប​។

ការជំរុញ​របស់លោក វ៉ា ថន អភិបាលខេត្ត​ក្រចេះ គឺជា​រឿង​គួរ​ឲ្យ​អស់សំណើច​ក្នុងខណៈដែល​លោក វ៉ា ថន កំពុង​ឃុបឃិត​ឲ្យ​ឈ្មួញ​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ខេត្តក្រចេះ ទៅ​ស្រុក​យួន​កាន់តែ​ច្រើនឡើងៗ​។ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្តក្រចេះ បាន​លើកឡើងថា ប្រសិនបើ​លោក វ៉ា ថន អភិបាលខេត្ត​ក្រចេះ និង​លោក ទ្រី សុភ័ក្ត្រ មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តក្រចេះ មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុងការ​បង្ក្រាប​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ឲ្យ​ស្របតាម​បទបញ្ជា​លេខ​០០២ របស់​រាជរដ្ឋាភិបាល​នោះ គឺ​គ្មាន​ឈ្មួញ​ណា​អាច​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ខេត្តក្រចេះ យ៉ាង​ពេញបន្ទុក​ដូច​សព្វថ្ងៃ​នោះទេ​។

ដូច្នេះ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ក៏ដូចជា​ប្រធាន​គណៈកម្មការ​បង្ក្រាប​និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​មិនគួរ​មើលរំលង​ភាព​អសកម្ម​របស់​អភិបាលខេត្ត​ក្រចេះ និង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តក្រចេះ ដែល​កំពុង​ឃុបឃិត​គ្នា​បណ្ដោយ​ឲ្យ​បទល្មើស​ព្រៃឈើ​កើតឡើង​យ៉ាង​រាលដាល​នោះទេ​៕

 

Loading...