ខ្សឹបដាក់ត្រចៀក៖ ស្ថានីយថ្លឹងរថយន្តនៅអូរចំណារនៅតែពុករលួយ

ប្រភពពីមន្ត្រីរាជការនៅក្នុងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះសីហនុ បានឲ្យដឹងថា ចាប់តាំងពីទទួលបានតំណែងជាប្រធានមន្ទីរសាធារណការខេត្តព្រះសីហនុ មកលោក បូរី វង្សសានិត កំពុងសាងភាពល្បីល្បាញខាងពុករលួយយ៉ាងសុខស្រួល។ ក្នុងនោះលោក ឃុបឃិតឲ្យប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តអូរចំណារ ផ្លូវជាតិលេខ៤ ស្រុកព្រៃនប់ និងប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាល ផ្លូវជាតិលេខ៤ ស្រុកកំពង់សិលា ប្រែក្លាយជញ្ជីងថ្លឹងរថយន្តទៅជាជញ្ជីងថ្លឹងលុយយ៉ាងគឃ្លើនគ្មានញញើតអ្វីទាំងអស់។ ចំណែកលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន សម្ងំស្ងៀមទុកឲ្យលោក បូរី វង្សសានិត ប្រធានមន្ទីរសាធារណការខេត្តព្រះសីហនុ និងបក្ខពួកធ្វើអ្វីៗតាមអំពើចិត្ត។

តាមការអះអាងពីក្រុមឈ្មួញនិងអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តអូរចំណារ ផ្លូវជាតិលេខ៤ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានឲ្យដឹងថា ទោះបីពួកគាត់ផ្ទុកលើសទម្ងន់ឬមិនលើសទម្ងន់ក៏ត្រូវបង់លុយតាមការកំណត់របស់ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តអូរចំណារ ដោយមិនអាចតវ៉ាបានឡើយ។ ចំណែកឈ្មួញប្រើប្រាស់រថយន្តធំៗដឹកជញ្ជូនទំនិញផ្ទុកលើសទម្ងន់ក៏អាចបើកបរឆ្លងកាត់មុខស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តអូរចំណារ បានដែរឲ្យតែម្ចាស់រថយន្តបង់លុយតាមការកំណត់របស់ក្រុមមន្ត្រីប្រចាំស្ថានីយ៍នោះ។ ជាងនេះទៅទៀតប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តអូរចំណារ តែងយកឈ្មោះលោក បូរី វង្សសានិត ប្រធានមន្ទីរសាធារណការខេត្តព្រះសីហនុ ដើម្បីបិទបាំងទង្វើរបស់ខ្លួនយ៉ាងក្រអឺតក្រទម។

ចំណែកក្រុមឈ្មួញនិងអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាល ផ្លូវជាតិលេខ៤ ស្រុកកំពង់សិលា បានឲ្យដឹងថា ក្រុមមន្ត្រីប្រចាំស្ថានីយ៍នេះប្រែក្លាយជញ្ជីងថ្លឹងរថយន្តទៅជាជញ្ជីងថ្លឹងលុយយ៉ាងរលូនគ្មានញញើតអ្វីឡើយ។ ប្រភពបានឲ្យដឹងទៀតថា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាល ហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺដោយសារមានការឃុបឃិតបើកដៃពីសំណាក់លោក បូរី វង្សសានិត ប្រធានមន្ទីរសាធារណការខេត្តព្រះសីហនុ ផងដែរទើបអ្វីៗអាចប្រព្រឹត្តទៅដោតរលូនដូចសព្វថ្ងៃនេះ។ ដូច្នេះលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន មិនគួរបណ្តែតបណ្តោយឲ្យលោក បូរី វង្សសានិត ប្រធានមន្ទីរសាធារណការខេត្តព្រះសីហនុនិងបក្ខពួកសាងភាពល្បីល្បាញខាងពុករលួយយ៉ាងពេញបន្ទុកតទៅទៀតទេ៕

Loading...