ខ្សឹបដាក់ត្រចៀក ៖ មន្ត្រី​និង​សមត្ថកិច្ច​មួយចំនួន​នៅ​ពីក្រោយ​បទល្មើស​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​ តាម​ច្រក​ទ្វេភាគី​ណាំ​លៀ

ប្រភពពី​ប្រជាពលរដ្ឋនៅក្នុង​ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ឈ្មួញ​ខ្មែរ​និង​ឈ្មួញ​យួន​ច្រើន​នាក់​នៅតែ​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ទ្វេភាគី​ណាំ​លៀ ហៅ​ច្រក​ប៉ុស្ដិ៍​៧ យ៉ាង​ពេញបន្ទុក​ជាពិសេស​នៅពេល​យប់​។ ទាក់ទង​នឹង​បញ្ហា​នេះ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឡោ សុខា ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ទាល់តែសោះ ហើយ​បណ្ដោយ​ឲ្យ​ក្រុម​ឈ្មួញ​បង្កើន​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​កាន់តែ​ច្រើនឡើងៗ​។ ទន្ទឹមនឹងនេះ​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី តែង​ប្រើ​លេស​បិទបាំង​ការពិត​ថា ពុំមាន​ករណី​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​នោះទេ បើទោះបីជា​ត្រូវ​ប្រឈម​នឹង​ការរិះគន់​យ៉ាងណាក៏ដោយ​។

​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅក្នុង​ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា បាន​ឲ្យ​ដឹងថា លោក សំរិត ណ​យ នាយប៉ុស្ដិ៍​នគរបាល​អ​ន្តោ​ប្រវេសន៍​ច្រកទ្វារ​ទ្វេភាគី​ណាំ​លៀ ហៅ​ច្រក​ប៉ុស្ដិ៍​៧ និង​លោក ផូ គឹម​អន ប្រធាន​ច្រក​ទ្វេភាគី​ណាំ​លៀ កំពុង​សប្បាយ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​។ ប្រភពពី​មន្ត្រី​នៅ​ច្រក​ណាំ​លៀ បាន​ឲ្យ​ដឹងថា លោក សំរិត ណ​យ មេ​នគរបាល​អន្តោប្រវេសន៍​ច្រក​ណាំ​លៀ គឺជា​អ្នកមាន​សិទ្ធិអំណាច​ធំធេង​ជាងគេ​ក្នុង​ការឃុបឃិត​បើក​បា​រ៉ា​ស់​ឲ្យ​ឈ្មួញ​ខ្មែរ​និង​ឈ្មួញ​យួន​ច្រើន​នាក់​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​។ ការដែល​លោក សំរិត ណ​យ ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺ​ដោយសារ​អាង​មាន​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ទៀង សៅ​រតន៍ ស្នងការរង​នគរបាល​ខេត្តមណ្ឌលគិរី ទទួលបន្ទុក​អន្តោប្រវេសន៍​ជា​ខ្នងបង្អែក​រឹងមាំ​ជា​យូរ​មកហើយ​។

​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ព្រៃឈើ​ដែល​នៅ​សេសសល់​ក្នុងស្រុក​កោះ​ញែក ស្រុក​កែវ​សីមា ស្រុក​ពេ​ជ្រា​ដា និង​ស្រុក​អូររាំង កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​សាបសូន្យ​។ ដោយហេតុថា​ឈ្មួញ​ធំៗ​ដែលមាន​ខ្នងបង្អែក​រឹងមាំ ជាពិសេស​ឈ្មួញ​ជា​មន្ត្រី​យោធា​និង​មន្ត្រីនគរបាល នៅតែ​បន្ត​កាប់​ឈើ​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច តំបន់​ដែនជម្រកសត្វព្រៃ​ស្រែ​ពក តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ណាំ​លៀ និង​តំបន់​អភិរក្ស​ជីវៈចម្រុះ​កែវ​សីមា ហើយ​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ទ្វេភាគី​ណាំ​លៀ ដោយ​គ្មាន​ញញើត​អ្វី​ឡើយ​។ លោក អ៊ុំ វណ្ណ​សុភ​គ៌ មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី និង​មន្ត្រី​គណៈកម្មការ​បង្ក្រាប​ទប់​ស្កាត់​បទល្មើស​ព្រៃឈើ​ដែល​ចុះទៅ​បំពេញបេសកកម្ម​នៅ​ខេត្តមណ្ឌលគិរី កំពុង​រក្សា​ភាព​ស្ងៀមស្ងាត់ ហើយ​បណ្ដោយ​ឲ្យ​ក្រុម​ឈ្មួញ​បង្កើន​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ណាំ​លៀ យ៉ាង​ពេញបន្ទុក​តែម្តង​៕

Loading...