ខ្សឹបដាក់ត្រចៀក ៖ សង្វៀនជល់មាន់និងវង់អាប៉ោងរើកញ្ជើទៅលេងនៅទីរួមខត្តតាកែវតែម្តង 

ប្រភពពីប្រជាពលរដ្ឋនៅភូមិតាឌូ សង្កាត់រកាក្រៅ ក្រុងដូនកែវ បានឲ្យដឹងថា នៅក្នុងមូលដ្ឋានពួកគាត់មានគេបើកសង្វៀនបញ្ជល់មាន់និងវង់អាប៉ោង ទ្រង់ទ្រាយធំយ៉ាងរលូនព្រោះគ្មានមន្ត្រីអាជ្ញាធរឬសមត្ថកិច្ចមូលដ្ឋានចាត់វិធានការបង្ក្រាបនោះទេ។ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់រកាក្រៅនិងអធិការនគរបាលក្រុងដូនកែវ ត្រូវបានប្រជាពលរដ្ឋសង្ស័យថា ជាអ្នកឃុបឃិតឲ្យមានសង្វៀនបញ្ជល់មាន់ និងវង់អាប៉ោងនៅកណ្តាលក្រុងដូនកែវ ខេត្តតាកែវ ទើបមិនចាត់វិធានការបង្ក្រាបដើម្បីពង្រឹងសន្តិសុខសង្គម។

តាមការអះអាងរបស់ប្រជាពលរដ្ឋក្នុងឃុំតាឌូ សង្កាត់រកាក្រៅ បានឲ្យដឹងថា ទំនងអ្នកបើកសង្វៀនបញ្ជល់មាន់ និងវង់អាប៉ោង រត់ការបង់លុយឲ្យមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ទើបអាចចៀសផុតពីការបង្ក្រាបបែបនេះ។ ប្រជាពលរដ្ឋបានអំពាវនាវឲ្យលោក អ៊ូច ភា អភិបាលខេត្តតាកែវ និងលោក សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ​ ចាត់វិធានការបង្ក្រាបសង្វៀនបញ្ជល់មាន់ និងវង់អាប៉ោងក្នុងភូមិតាឌូ សង្កាត់រកាក្រៅជាបន្ទាន់។ ដោយហេតុថា ចាប់តាំងពីល្បែងស៊ីសងខុសច្បាប់កើតឡើងយ៉ាងរាលដាល គឺនៅក្នុងសង្កាត់រកាក្រៅមានអំពើចោរកម្មក៏ដូចជាបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗកើតឡើងយ៉ាងពេញបន្ទុកគួរឲ្យភ័យខ្លាច។

ប្រជាបលរដ្ឋបានរិះគន់ថា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់រកាក្រៅ និងអធិការនគរបាលក្រុងដូនកែវ មិនខ្វល់ពីការបង្ក្រាបល្បែងស៊ីសង ខុសច្បាប់ដើម្បីពង្រឹងសន្តិសុខសង្គមតាមតួនាទីរបស់ខ្លួននោះទេ ហើយបែរជា​សម្ងំទទួលផលប្រយោជន៍យ៉ាងសុខស្រួល។​ ដូច្នេះលោក សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ​ និងលោក អូច ភា អភិបាលខេត្តតាកែវ មិនគួរបណ្តែតបណ្តោយឲ្យមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានក្នុងក្រុងដូនកែវ ធ្វើអ្វីៗតាមអំពើចិត្តតទៅទៀតទេ។ ជាងនេះទៅទៀតក្នុងនាមជា គណៈបញ្ជាការឯកភាពខេត្តតាកែវ គឺលោក អួច ភា អភិបាលខេត្ត​តាកែវ គួរបង្ក្រាបល្បែងស៊ីសងនៅក្នុងក្រុងដូនកែវ និងតាមបណ្តាស្រុកនានាប្រកបដោយប្រសិទ្ធភាព៕​

 

Loading...