ខ្សឹបៗដាក់ត្រចៀក៖ មេ​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក លោក ជុំ ប៊ុណ្ណា​រ័ត្ន ល្បីខាងប្រើ​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ

ឈ្មួញ​និង​អាជីវករ​តូចតាច​ដែល​រកស៊ី​នាំចូល​ទំនិញ​ពី​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក ស្រុក​កំពង់ត្រាច ខេត្តកំពត ក៏ដូចជា​ក្រុម​ឈ្មួញ​ដែល​រកស៊ី​នាំចេញ​ទំនិញ​ទៅ​ស្រុក​យួន​តាម​ច្រក​នេះ បាន​អំពាវនាវ​ឲ្យ​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់លោក ជុំ ប៊ុណ្ណា​រ័ត្ន មេ​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក ជាបន្ទាន់​។

ដោយហេតុថា រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ​លោក ជុំ ប៊ុណ្ណា​រ័ត្ន បាន​ប្រើ​អំណាច​គាប​យកលុយ​តាមរបៀប​ពុករលួយ​ពី​ឈ្មួញ​និង​អាជីវករ​តូចតាច​កាន់តែខ្លាំង​ឡើងៗ ហើយ​បែរជា​ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​កាន់តែ​ច្រើនឡើងៗ​។

ក្រុម​អ្នក​រត់ការ​ឯកសារ​ក្រុមហ៊ុន​នាំចូល​ទំនិញ​មួយចំនួន​បាន​ឲ្យ​ដឹងថា​លោក ជុំ ប៊ុណ្ណា​រ័ត្ន កំពុង​ប្រើ​អំណ​ច​ប្រ​ព្តឹ​ត្ត​អំពើពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ ហើយ​សកម្មភាព​របស់​លោក ជុំ ប៊ុណ្ណា​រ័ត្ន គួរ​ឲ្យ​ស្អប់ខ្ពើម​បំផុត​ដូច្នេះ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរ​បើក​ការស៊ើបអង្កេត​ទៅលើរឿងអាស្រូវ​ពុករលួយ​របស់លោក ជុំ ប៊ុណ្ណា​រ័ត្ន ជាបន្ទាន់​។ គេបានបង្ហើបថា លោក ជុំ ប៊ុណ្ណា​រ័ត្ន មេ​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត គឺ​ដោយសារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​អគ្គនាយកដ្ឋាន​នគរបាល​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ​។

ទន្ទឹមនឹងនេះ​ប្រភពពី​ឈ្មួញ​នាំចូល​ទំនិញ​តាម​ច្រក​ព្រែក​ចាក​ជាច្រើន​នាក់​បាន​ឲ្យ​ដឹងថា ពេល​ពួកគេ​នាំចូល​ទំនិញ​ក្នុង​១​កុងតឺន័រ ក៏ដូចជា​រថយន្ត​ធុន​តូច​ឬ​រថយន្ត​ធុន​ធំ គឺ​ត្រូវ​បង់លុយ​ឲ្យ​លោក ជុំ ប៊ុណ្ណា​រ័ត្ន រាប់រយ​ដុល្លារ​តាម​ការកំណត់​។ ប្រសិនបើ​មិន​បង់លុយ​តាម​ការកំណត់​របស់លោក ជុំ ប៊ុណ្ណា​រ័ត្ន និង​បក្ខពួក​ទេនោះ​គឺ​គ្មាន​ឈ្មួញ​ណា​អាច​នាំចូល​ទំនិញ​ពី​ទឹកដី​សៀម​ឆ្លង​មក​ទឹកដី​ខ្មែរ​បានឡើយ​។

ប្រការ​នេះហើយ​ដែល​ធ្វើ​ឲ្យ​ក្រុម​ឈ្មួញ​និង​អាជីវករ អត់ធ្មត់​តទៅទៀត​លែង​បាន ហើយ​បើក​កកាយ​រឿងអាស្រូវ​ពុករលួយ​របស់លោក ជុំ ប៊ុណ្ណា​រ័ត្ន ជា​សាធារណៈ​ដើម្បី​ឲ្យ​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​និង​ទង្វើ​មិន​ប្រក្រតី​របស់លោក ជុំ ប៊ុណ្ណា​រ័ត្ន ប្រកបដោយ​ប្រសិទ្ធភាព​។

​សេចក្ដីរាយការណ៍​ពី​ក្រុមហ៊ុន​និង​ឈ្មួញ​ដែល​នាំចូល​ទំនិញ​តាម​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក ស្រុក​កំពង់ត្រាច ខេត្តកំពត បាន​ឲ្យ​ដឹងថា រាល់​ការ​នាំចូល​ទំនិញ​តាម​ច្រក​នេះ​ត្រូវ​បង់លុយ​ក្រៅផ្លូវការ​ឬ​ហៅថា​លុយ​ក្រោម​តុ​ឲ្យ​លោក ជុំ ប៊ុណ្ណា​រ័ត្ន និង​បក្ខពួក​តាម​ការកំណត់​។

សម្រាប់​ទំនិញ​ដឹកជញ្ជូន​តាម​រថយន្ត​ធំៗ​ត្រូវ​បង់​ចាប់ពី​៣០​ម៉ឺន​រៀល​ដល់​៥០​ម៉ឺន​រៀល​ឬ​ជាង​១​លាន​រៀល​ដោយ​មិនអាច​តវ៉ា​បានឡើយ ចំណែក​ទំនិញ​ដឹកជញ្ជូន​តាម​រថយន្ត​តូចៗ​ត្រូវ​បង់​ពី​១០​ម៉ឺន​ទៅ​១៥​ម៉ឺន​ឬ​២០​ម៉ឺន​រៀល​ជាប្រចាំ​។ ប្រការនេះ​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​របរ​រកស៊ី​របស់​ក្រុមហ៊ុន ក្រុម​ឈ្មួញ ក្រុមអាជីវករ និង​ប្រជាពលរដ្ឋ​ព្រោះ​ពួកគេ​បង់​ពន្ធគយ​រួចហើយ​ក៏ត្រូវ​បង់លុយ​លើ​តុ​ក្រោម​តុ​ឲ្យ​លោក ជុំ ប៊ុណ្ណា​រ័ត្ន តាម​កំណត់​ថែមទៀត​ ៕

 

លោក ជុំ ប៊ុណ្ណារ័ត្ន មេនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិព្រែកចាក
Loading...