(ខ្សឹប) លោកផ្កាយ២ ទេព ចិត្រា និង ចេង ផាន់ លួចដំឡើងរថយន្តខុសបច្ចេកទេស ក្នុងបញ្ជាការដ្ឋានកងពលតូច “ង៧០”

ភ្នំពេញៈ មន្ត្រីយោធានៅកងពលតូចលេខ៧០ ឬហៅថា “ង៧០” បានខ្សឹបមកប្រាប់នាយ ក្តាមប្រៃ ឲ្យដឹងថា វាពិតជាមិនធម្មតាឡើយ នៅគ្រាដែលព័ត៌មានជំ​នួញទុចរិតលាក់បាំងរាប់សិបឆ្នាំមកហើយនៃការនាំចូលរថយន្ត២កំណាត់ ដោយការលួចដំឡើងកែច្នៃ​ខុសបច្ចេកទេស ខុសច្បាប់របស់មន្ត្រីយោធាថ្នាក់ឧត្តមសេនីយ៍ទោពីររូប នៅបញ្ជាការដ្ឋានកងពលតូច “ង៧០” ដែល​ត្រូវបានបែកធ្លាយមកខាងក្រៅ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីមហាជន ដែលប្រើប្រាស់រថយន្តទំនើបៗនោះ។

បើតាមប្រភពព័ត៌មានពីការបែកធ្លាយ នៃជំ​នួញរកស៊ីកាត់តដំឡើងរថយន្តស៊េរីទំនើបៗខុសបច្ចេកទេសក្នុងកងពលខាងលើនេះ បានខ្សឹបឲ្យនាយ ក្តាមប្រៃ ដឹងថា លោកឧត្តមសេនីយ៍ទោ ទេព ចិត្រា និងលោកឧត្តមសេនីយ៍ទោ ចេង ផាន់ មានតួនាទីជាមេបញ្ជាការរងកងពលតូចលេខ៧០ ឬហៅថា “ង៧០” នោះ បានបង្កើតទីតាំងដំឡើងរថយន្តខុសបទដ្ឋានបច្ចេកទេស ជាប្រភេទរថយន្ត “កាត់ត” ទំនើបៗ នៅក្នុងបញ្ជាការដ្ឋានកងពលតូចលេខ៧០តែម្តង ដោយគេយកផ្នែកខាងក្រោយ ប៉ែកខាងឆ្វេងបន្ទាយ ធ្វើជាកន្លែងដំឡើងអស់ជាច្រើនឆ្នាំមកហើយ ដោយមានបុគ្គលិក កម្មករ មេជាង ជាច្រើននាក់។

បើតាមការលួចទម្លាយពីក្រុមជាងនៅទីនោះ ដោយបញ្ជាក់ប្រាប់នាយ ក្តាមប្រៃ ឲ្យដឹងថា លោក​ផ្កាយ២ ទាំងពីរនាក់ ដែលមានឈ្មោះខាងលើនេះ បាននាំមកបំណែកប្រភេទរថយន្តទំនើបៗ កាត់មួយកំណាត់ៗ ដូចជារថយន្ត កាមរីហាយព្រីត ស៊េរីឆ្នាំ២០០៧, កាមរីស៊េរី២០១៧, ឡង់គ្រឺស័រ និងឡិចស៊ិស ចាប់ពីស៊េរីឆ្នាំ២០០៣ ដល់ឆ្នាំ២០១៨, រថយន្តហាយឡែនឌឺរ ចាប់ពីស៊េរីឆ្នាំ២០០២ឡើងទៅ យកមកកាត់តដំឡើងជារថយន្តមូលថ្មី ហើយលក់ចេញទៅទីតាំងលក់រថយន្តជាច្រើនកន្លែង ទាំងនៅកន្លែងគក់ជេររថយន្តម្តុំវត្តភ្នំផងដែរ។

ប្រភពខាងលើ ខ្សឹបប្រាប់នាយ ក្តាមប្រៃ ឲ្យដឹងបន្ថែមទៀតថា កន្លែងដំឡើងរថយន្តខុសបទដ្ឋានបច្ចេកទេស ក្នុងបញ្ជាការដ្ឋានកងពលតូចលេខ៧០ បានដំណើរជាយូរឆ្នាំមកហើយ ដោយ​គ្រប់គ្រងដោយមនុស្ស២នាក់ គឺលោកឧត្តមសេនីយ៍ទោ(ផ្កាយ២ ទេព ចិត្រា) និងលោកឧត្តមសេនីយ៍ទោ (ផ្កាយ២ ចេង ផាន់) ដែលអ្នកទាំងពីរ មានតួនាទីជាមេបញ្ជាការរងកងពលតូចលេខ៧០នេះតែម្តង។

ប្រភពដដែលបានខ្សឹបប្រាប់នាយ ក្តាមប្រៃ ឲ្យដឹងទៀតថា លោកឧត្តមសេនីយ៍ទោ ទេព ចិត្រា មានភារកិច្ចជាអ្នកនាំរថយន្តចូល ជាប្រភេទរថយន្តកាត់១កំណាត់ៗ ដោយគេឃុបឃិតគ្នាជាមួយមន្ត្រីគយនៅច្រកអន្តរជាតិ ខេត្តព្រះសីហនុ ដោយបង់ពន្ធជាប្រភេទគ្រឿងបន្លាស់រថយន្ត ប៉ុន្តែជាប្រភេទរថយន្តថ្មីៗ ទំនើបៗ គ្រាន់តែគេប្រើវិធីកាត់ជា២កំណាត់ រួចយកមកផ្សារ ត ដំឡើង តោន បាញ់ថ្នាំប៉ូលា ឲ្យទៅជារថយន្តស្របតាមបច្ចេកទេសនាំចូលបង់ពន្ធ ដើម្បីលក់លើទីផ្សារក្នុងស្រុក មួយចំនួនទៀត លួចនាំចេញទៅប្រទេសជិតខាង ដូចជាឆ្លងទៅវៀតណាម និងឆ្លងទៅប្រទេសឡាវ ជាដើម។

មន្ត្រីយោធានៅទី​នោះ បានខ្សឹបប្រាប់ឲ្យនាយ ក្តាមប្រៃ ដឹងទៀតថា ករណីខ្លះទៀត ក្រោយដំឡើងរួចរាល់ គេត្រូវពាក់ស្លាកលេខ (ខម) ស្លាកលេខរដ្ឋ លក់ប្រើប្រាស់ក្នុងស្រុក មានតម្លៃទាបជាងរថយន្តនាំចូលបង់ពន្ធពាក់កណ្តាល។

ដោយឡែក លោកឧត្តមសេនីយ៍ទោ ចេង ផាន់ មានតួនាទីជាមេបញ្ជាការរង កងពលតូចលេខ៧០ គាត់ជាអ្នកមើលការខុសត្រូវសម្រាប់ទីតាំងដំឡើង​រថយន្តខុសបទដ្ឋានបច្ចេកទេសក្នុងបញ្ជាការដ្ឋានកងពលតូចលេខ៧០ នេះតែម្តង ដោយគ្រប់គ្រងជាង កម្មករ ពិនិត្យឡានពេលដំឡើង ត ផ្សារ តោន ប៉ូលា បាញ់ថ្នាំ និងបញ្ចេញលក់ជាដើម។

ប្រភពខាងលើ បានខ្សឹបឲ្យនាយ ក្តាមប្រៃ ដឹងទៀតថា ទីតាំងដំឡើង​រថយន្តខុសបទដ្ឋានបច្ចេកទេសនេះ គេធ្វើរោងដំបូលស័ង្កសី ពណ៌ឈាមជ្រូក របងបិទជិត ទ្វារដែកបិទស័ង្កសី ពណ៌ខៀវ ដោយយករថយន្ត (ខម) និងរថយន្តពន្លត់អគ្គិភ័យអង្គភាព មកចតបាំងពីមុខ ជៀសវាងភ្ញៀវពីខាងក្រៅចូលទៅដឹងពីសកម្មភាពនេះ។

យ៉ាងហោចណាស់ ក៏ក្នុង១ខែ គេអាចដំឡើង​បាន១០០គ្រឿង ក្នុងនោះដំឡើងរួច១គ្រឿងៗ ត្រូវបង់លុយឲ្យអ្នកគ្រប់គ្រងនៅក្នុងបញ្ជាការដ្ឋានកងពលតូចលេខ៧០ ចំនួន៦០០ដុល្លារ។ ក្រៅពីករណីដំឡើងរថយន្តកាត់ត នៅទីនោះក៏ជាកន្លែងទទួលរក្សាទុករថយន្តទំនើបៗ​ អត់ពន្ធនាំចូល ឬឲ្យ​អ្នកលក់ អ្នកទិញ ទៅមើលចរចាតថ្លៃគ្នា បញ្ចៀសការបង្ក្រាបណាមួយពីសមត្ថកិច្ចគយ។ ប៉ុន្តែគិតឈ្នួលថ្លៃក្បាលឡានស៊េរីទាប ឬខ្ពស់ ក្នុងសេវាជាក់ស្តែង និងមានប្រភេទឡានបាឡែន ឡិចស៊ីស កាមរីហាយព្រីត ហាយឡែនឌ័រ អត់ពន្ធនាំចូល បញ្ឈរដាក់លក់នៅទីនោះដ៏ច្រើនបន្ថែមទៀត។

ប្រភពបានខ្សឹបឲ្យនាយយើងដឹងបន្ថែមថា លោកឧត្តមសេនីយ៍ទោ ទេព ចិត្រា ក្រៅពីមានភារកិច្ចជាអ្នកនាំរថយន្តចូល ជាប្រភេទរថយន្ត “កាត់​១កំណាត់” គាត់ក៏មានការយកចិត្តទុកដាក់ប្រើកម្លាំង ដើម្បីការពាររថយន្តកុងតឺន័រ រថយន្តស្ទួចដឹករថយន្តកាត់ត ចូលក្នុងបញ្ជាការដ្ឋានកងពលតូចលេខ៧០ កន្លែងដំឡើងរថយន្តខុសបទដ្ឋានបច្ចេកទេសនេះផងដែរ និងមានទីតាំងរបស់គាត់មួយទៀត នៅផ្ទះ២ល្វែង ទល់មុខបញ្ជាការដ្ឋានកងពលតូចលេខ៧០ ក្នុងភូមិ ចុះពីផ្លូវជាតិលេខ៣ ជិត៥០០ម៉ែត្រ ជាកន្លែងលាក់ទុករថយន្តទំនើបៗ គ្មានពន្ធនាំចូល, រថយន្តកាត់តទំនើបៗ សម្រាប់ទុកយកទៅដំឡើង និងលក់ចេញ។

ពាក់ព័ន្ធករណីនេះ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចលេខ៧០ អង្គភាព “នាយក្តាមប្រៃ” មិនអាចទាក់ទងសុំការបំភ្លឺបានទេ តាមទូរស័ព្ទ ដោយទូរស័ព្ទនៅក្រៅប្រព័ន្ធសេវា៕

Loading...