ខ្សែប្រយុទ្ធ Lionel Messi បំបែកកំណត់ត្រាលោក Pele បានហើយ

តាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី២៣ ធ្នូនេះបង្ហាញថា កីឡាករ Lionel Messi បានរកគ្រាប់បាល់ទី៦៤៤ របស់គាត់សម្រាប់ក្រុម Barcelona អំឡុងពេលក្រុមរបស់គាត់យកឈ្នះក្រុម Real Valladolid កាលពីរាត្រីថ្ងៃទី២២ ធ្នូ ដើម្បីបំបែកកំណត់ត្រារបស់អតីតខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលលោក Pele ដែលរកគ្រាប់បាល់បានច្រើនជាងគេឲ្យក្លិប។

ខ្សែប្រយុទ្ធអាហ្សង់ទីន Messi មានវ័យ៣៣ឆ្នាំរកបានគ្រាប់ទី៣ របស់ក្រុម Barcelona ក្រោយពេលកីឡាករ Lenglet និង Braithwaite រកបានម្នាក់១គ្រាប់មុនលោក។ ជ័យជម្នះនេះធ្វើឲ្យក្រុម Barcelona ឈរចំណាត់ថ្នាក់លេខ៥ក្នុងលីកកំពូលអេស្ប៉ាញ La Liga ដោយមាន២៤ពិន្ទុក្នុង១៤ប្រកួតកន្លងទៅ។

គួរំលឹកថា អតីតកីឡាករសញ្ជាតិប្រេស៊ីលដែលគេចាត់ទុកថា ជាវីរបុរសប្រេស៊ីលលោក Pele រកបាន ៦៤៣គ្រាប់ក្នុង១៩រដូវកាលស្មើនឹង៦៦៥ប្រកួតសម្រាប់ក្រុម Santos នៅស្រុកកំណើតរបស់គាត់ចន្លោះឆ្នាំ១៩៥៦ និង១៩៧៤។ ចំណែកខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Lionel Messi ដែលរកគ្រាប់បាល់ដំបូងឲ្យក្រុម Barcelona ក្នុងឆ្នាំ២០០៥ ហើយបានបន្តឈ្នះពាន La Liga ១០ដង និង Champions League ៤ដង ដែលគ្រាប់បាល់សរុបដែលកីឡាកររូបនរកបានក្នុងក្លិបបច្ចុប្បន្នមាន៦៤៤គ្រាប់ក្នុង៧៤៨ប្រកួត។

ខាងក្រោមនេះគឺជាកីឡាករដែលរកគ្រាប់បាល់បានច្រើនជាងគេ៥រូបពេលលេងឲ្យក្លិប៖
១- Lionel Messi (Barcelona ) ៦៤៤គ្រាប់
២- Pele (Santos) ៦៤៣គ្រាប់
៣- Gerd Muller (Bayern Munich) ៥៦៤គ្រាប់
៤- Fernando Peyroteo (Sporting) ៥៤៤គ្រាប់
៥- Josef Bican (Slavia Prague) ៥៣៤គ្រាប់ ៕

Loading...