ក្រចេះ ៖ ពិតជាមិនធម្មតាឡើយ ក្បួនរថយន្ត រួមនឹងរ៉ឺម៉កម៉ូតូ កំពុងធ្វើសកម្មភាពដឹកឈើ យ៉ាងគគ្រឹងគគ្រេង ចូលទីតាំងស្តុកឈើរបស់លោកឧកញ៉ាគង់ ក្រឹង ដូចហែក្បួនឃោសនាគណបក្សអ៊ីចឹង នៅខេត្តក្រចេះតែម្តង ដោយដឹកចេញពីស្រុកសំបូរ ឆ្លងកាត់ស្រុកចិត្របុរី ឆ្ពោះទៅស្រុកស្នួល លក់ឱ្យមេឈ្មួញជាខ្មែរឥស្លាមជាមន្ត្រីយោធា និងមានងារជាឧកញ៉ា ដើម្បីដឹកនិងលក់ចេញទៅប្រទេសវៀតណាម ដោយគ្មានសមត្ថកិច្ច និងរដ្ឋបាលព្រៃឈើ ណាចេញហ៊ានចេញមុខបង្ក្រាបឡើយ ដែលសកម្មភាពនេះត្រូវបានមហាជនលើកឡើងថា គង់ គ្រឹង មានឋានះមិនដល់ផ្កាយ១ផង តែមានអំណាចខ្លាំងក្លា អស់លោកផ្កាយ២ ដល់ផ្កាយ៤ រួមទាំងរដ្ឋមន្ត្រី ចៅហ្វាយខេត្ត ក៏ខ្លាចគាត់ស្ទើរមិនហ៊ានមើលមុខចំ ។
សេចក្តីបញ្ជាក់ពីអ្នករកស៊ីដឹកឈើថា ពួកគាត់យកទៅលក់ឲ្យឧកញ៉ា ដែលមានឈ្មោះល្បីល្បាញម្នាក់គឺ ឧកញ៉ា គង់ ក្រឹង ជាខ្មែរឥស្លាម ជាមេឈ្មួញរកស៊ីឈើខុសច្បាប់ដ៏ធំប្រចាំខេត្តក្រចេះ ជាយូរណាស់មកហើយ ស្ថិតនៅក្នុងស្រុកស្នួល ខេត្តក្រចេះ ហើយមន្ត្រីរាជការ ក៏ដូចជាប្រជាពលរដ្ឋ ប្រចាំខេត្តក្រចេះ ពិសេសអ្នកនៅស្រុកស្នួល បានរាយការណ៍ថា ឈើដែលគេកាប់ និងដឹកដូចកណ្ដៀរនេះបានដឹកយកមកស្តុកទុក ដោយខុសច្បាប់ នៅត្រង់ចំណុចក្រោលគោ ខាងក្រោយបន្ទាយទាហ៊ាន វរៈការពារព្រំដែនលេខ០៤ ស្ថិតនៅក្នុង ឃុំ២ធ្នូ ស្រុកស្នួល ដែលឧកញ៉ារូបនេះ នឹងរៀបចំដឹកឆ្លងដែនបន្ត ចូលទៅលក់ នៅក្នុងទឹកដី ប្រទេសវៀតណាម ដែលមានចំងាយ តែ២គីឡូម៉ែត្រ ពីទីតាំងស្តុកឈើ តាមច្រករបៀងមួយកន្លែង ហៅថា ច្រករបៀង “ដេពីរ ដេបី ” ដែលអង្គភាពលោក គង់ក្រឹង កំពុងគ្រប់គ្រង។
ច្រករបៀងនេះ ស្ថិតនៅភូមិត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ គឺជិតនឹងច្រកទ្វារទ្វេភាគីអន្ដរជាតិវ៉ាលី ផងដែរ ហើយលើសពីនេះទៅទៀត អ្នករកស៊ីដឹកឈើយកទៅលក់ឲ្យឧកញ៉ា គង់ ក្រឹង នោះថា ពួកគាត់បានរត់ការឲ្យសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ទាំងអស់ ទើបធ្វើឲ្យពួកគាត់អាចរកស៊ីដឹកឈើបានយ៉ាងរលូនរហូតមកដល់សព្វថ្ងៃនេះ។
ពួកគាត់បានបញ្ជាក់ទៀតថា ក្នុងមួយថ្ងៃៗម៉ូតូ១គ្រឿងគឺចំណាយលុយជិត មួយលានរៀល ឯណោះ ក្នុងការបង់ឲ្យសមត្ថកិច្ចពាក់ព័ន្ធ ដែលចាំយកនៅតាមដងផ្លូវ ពួកគាត់ដឹកឈើរាល់ថ្ងៃទាំងរថយន្ត និងម៉ូតូនេះ បើមិនយកទៅលក់ឲ្យ ឧកញ៉ា គង់ ក្រឹង ទេនោះ លោកនឹងប្រើសមត្ថកិច្ច និងមនុស្សមួយចំនួនតាមយាយី និងចាប់ឈើរបស់ពួកគាត់ជាមិនខាន។
ចំណែករថយន្តដែលឆ្លងកាត់ផ្លូវដែលឧកញ៉ាគ្រប់គ្រងនោះផងដែរ ត្រូវបង់ឲ្យលោកឧកញ៉ាមួយគូប មិនក្រោម ២០០ដុល្លារនោះទេ ជាក់ស្ដែង ថ្មីៗនេះ ឈើដឹកយ៉ាងគគ្រឹកគគ្រេងមិនក្រោម២០ ឡានសាំយ៉ុងកែឆ្នៃឡើយ ហើយក្នុងមួយឡានៗមិនក្រោម៩ម៉ែត្រគូប និងឡានសាំយ៉ុងបិទគូទក៏មិនក្រោម៤ម៉ែត្រគូបដែរ រីឯរ៉ឺម៉កវិញមិនក្រោម១៥០គ្រឿង និងម៉ូតូមិនក្រោម៣០០គ្រឿងទេ ដោយដឹកចូលទៅក្រោលគោ ឧកញ៉ាគង់ ក្រឹង និងបន្តចូលទៅលក់ប្រទេសវៀតណាមតាមច្រករបៀង “ដេពីរ ដេបី” ហើយលោក អភិបាលខេត្តក្រចេះ ដូចជាគ្មានបទបញ្ជាក្នុងការបង្ក្រាប និងទប់ស្កាត់បទល្មើសព្រៃឈើដែលកំពុងក្លាយជារឿងចម្រូងចម្រាស់យ៉ាងក្តៅគគុក ព្រោះមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធកំពុងឃុបឃិតគ្នាឲ្យលោកគង់ ក្រឹង បន្តសកម្មភាពបំផ្លាញព្រៃយ៉ាងមហន្តរាយ ដោយគ្មានចំណាត់ការលើលោកគង់ ក្រឹង នេះទាល់តែសោះ។
មិនដឹងថា លោកគង់ ក្រឹង មានឥទ្ធិពលដល់តម្រិតណានោះទេ បានជា ថ្នាក់ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ថ្នាក់ចៅហ្វាយខេត្ត រហូតដល់ថ្នាក់លោកផ្កាយមាស៤ ក៏អត់ហ៊ានប៉ះលោកគង់ ក្រឹង នេះដែរ កុំថាឡើយ សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងខាងប្រធានគណៈកម្មការបង្ក្រាបព្រៃឈើថ្នាក់ជាតិ ។
សូមបញ្ជាក់ថា ក្រុមមេឈ្មួញឧក្រិដ្ឋជន ខ្មែរឥស្លាម គង់ ក្រឹង រូបនេះ នៅតែឈ្លៀតឱកាស បន្តសកម្មភាពធ្វើព្យុះធ្វើភ្លៀងយ៉ាងគឃ្លើញក្នុងជំនួញឈើល្មើសច្បាប់ដដែលទេ ៕