គង់ ច័ន្ទស្រីមុំ ចេញមុខ បកស្រាយ​រឿងគេថា ស្នេហារបស់​នាង និងសង្សារ​ប្រេះឆា

ការបង្ហាញពីអារម្មណ៍ខកចិត្តមួរម៉ៅរបស់តារាសម្តែងស្រស់សោភានាង គង់ ច័ន្ទស្រីមុំ បានធ្វើឲ្យមហាជន​មួយចំនួន​ធំមានការយល់​ច្រឡំថា ស្នេហារបស់នាង​មានការប្រេះឆា។ ប៉ុន្តែយ៉ាងណា នៅពេលមាន​ការលើកឡើងទាំង​នេះភ្លាម គង់ ច័ន្ទស្រីមុំ បានចេញមុខ​បញ្ជាក់ថា ស្នេហារបស់នាង គឺមានតែ​ស្រឡាញ់ទ្វេឡើង ពោលគឺ មិនមាន​ការប្រេះឆា​នោះ​ទេ។

មុននេះបន្តិចតារាសម្តែង និងជាតារាម៉ូដែល​ល្បីល្បាញនាង គង់ ច័ន្ទស្រីមុំ បានបង្ហោះសារ​តាមរយៈ​បណា្តញ​សង្គម​ហ្វេសប៊ុកដោយបង្ហាញ​ពីអារម្មណ៍កើត​ទុក្ខហាក់បីដូចជា​ ប្រេះឆាស្នេហារវាងនាង និងម្ចាស់ស្នេហ៍គឺ​ លោក គឹម សីហា។ បញ្ហានេះបានធ្វើ​ឲ្យមហាជនដែលធ្លាប់​តែគាំទ្រនាង និងលោក គឹម សីហា មានការភ្ញាក់ផ្អើលជាខ្លាំង។

ដើម្បីកុំឲ្យការយល់ច្រឡំ​កាន់តែរីកធំនោះ គង់ ច័ន្ទស្រីមុំ ក៏បានចេញមុខ​បកស្រាយឲ្យដឹងថា នាងគ្មាន​ការ​ប្រេះឆា​ស្នេហានោះទេ សម្ព័ន្ធភាព​រវាងអ្នកទាំងពីរកាន់​តែស្អិតល្មួត និងស្រឡាញ់​គ្នាលើសដើម។ នាងទទួលស្គាល់​ចំពោះ​សារខូចចិត្ត ប៉ុន្តែនាងបាន​បញ្ជាក់ថា មិនបានខកចិត្ត ព្រោះរឿងស្នេហា​នោះឡើយ។

នាងបញ្ជាក់បន្ថែមថា អ្វីដែលនាង​សរសេររៀបរាប់​លើហ្វេសប៊ុក វាគ្រាន់តែជា​អារម្មណ៍មួរម៉ៅ នឹងការធ្វើ​ការងារ​ខ្លះមិនសម្រេច ទើបបញ្ចេញអារម្មណ៍​មិនល្អខ្លះតែម្តងទៅ ក្រែងបាន​ធូរអារម្មណ៍។

ដើម្បីបញ្ជាក់បន្ថែមពី​ចំណងស្នេហ៍​គ្មានការប្រេះឆានោះ គង់ ច័ន្ទស្រមុំ និង គឹម សីហា ថែមទាំងបាន​ថតរូបឱប​ថើប​គ្នាបង្ហោះនៅលើ​ហ្វេសប៊ុក និងអ៊ីនធឺក្រាម​ទៀតផង។

គួរបញ្ជាក់ថា ស្នេហាវ័យក្មេង​របស់តារាសម្តែងទាំង​ពីរគឺ លោក គឹម សីហា និងកញ្ញា គង់ ច័ន្ទស្រីមុំ បានចាប់​ផ្តើម​អស់រយៈពេល ៦-៧ ឆ្នាំមកហើយ ប៉ុន្តែពួកគេមិនទាន់​ដាក់កាលបរិច្ឆេទ​ចូលរោងការជាផ្លូវ​ការនៅឡើយ​នោះទេ។

កញ្ញា គង់ ច័ន្ទស្រីមុំ ធ្លាប់ប្រាប់ថា ស្នេហារបស់នាងនឹង​អាចដឹកដៃគ្នាចូលរោង​ការនៅពេលណាមួយ ក្រោយពេល​មុខជំនួញថ្មីរបស់​នាងជោគជ័យ ប៉ុន្តែពេលនេះមិន​ទាន់​ហ៊ានកំណត់ទេ៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *