គណបក្សនយោបាយត្រៀមធ្វើយុទ្ធនាការ​ឃោសនាបោះឆ្នោតថ្ងៃស្អែកនេះ

ភ្នំពញ: គជប បានរៀបចំការងារដើម្បីឲ្យគណបក្សនយោបាយធ្វើយុទ្ធនាការ​ឃោសនាបោះឆ្នោតប្រកបដោយសុវត្ថិភាព ខណៈយុទ្ធនាការឃោសនា​បោះឆ្នោតនឹងចាប់ផ្តើមនៅចុងសប្តាហ៍នេះហើយ។

អ្នកនាំពាក្យគណៈកម្មាធិការរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា បានថ្លែងនៅព្រឹកថ្ងៃទី០៥ ខែកក្កដាថា គជប បានធ្វើតារាងបែងចែកពេលវេលា​និងទីកន្លែង សម្រាប់គណបក្សចុះ​ឃោសនា​អស់​ហើយដោយបានសហការជាមួយអាជ្ញាធរដែនដីគ្រប់ជាន់ខ្ពស់នៅទូទាំង២៥ខេត្ត-ក្រុង។

លោកបានបញ្ជាក់ថា នៅថ្ងៃចាប់ផ្តើមយុទ្ធនាការឃោសនាដំបូង នៅថ្ងៃទី៧ កក្កដាខាងមុខនេះ គឺមានគណបក្សចំនួន៣ ចេញធ្វើសកម្មភាពយុទ្ធនាការ​ឃោសនាបោះឆ្នោតក្នុងទ្រង់ទ្រាយធំ នៅរាជធានីភ្នំពេញ គឺ មានគណបក្សប្រជាជន, គណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។​​ លោកបន្តថា ការបែងចែកពេលវេលានិងទីកន្លែង​សម្រាប់គណបក្ស​ចេញឃោសនានេះ គឺក្នុងគោលបំណងបញ្ចៀសនូវការប៉ះទង្គិចគ្នា​ដោយពាក្យសំដី និងការកកស្ទះចរាចរណ៍។

យោងតាមការបែងចែករបស់គជប បានឲ្យដឹងថា គណបក្សប្រជាជនកម្ពុជា នឹង អ្នកគាំទ្រខ្លួន ៦០,០០០នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ និងតាមបណ្ដាខណ្ឌទាំង១២ ចំណែកឯ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ នឹង អ្នកគាំទ្រខ្លួន ១៥,០០០នាក់ ដោយដង្ហែរក្បួនចេញពីផ្លូវ៦០ម៉ែត្រ ហើយបញ្ចប់នៅផ្លូវព្រះស៊ីសុវត្ថិ រីឯគណបក្ស​ហ្វ៊ុនស៊ិនប៉ិច នឹង អ្នកគាំទ្រខ្លួន ២០០០នាក់ ហែរក្បួនចេញពីទីស្នាក់ការបក្ស ហើយបញ្ចប់នៅធនាគារជាតិផ្លូវហាណូយ។សូមបញ្ជាក់ថា ប្រមុខរដ្ឋាភិបាលនៅថ្ងៃនេះ បានអំពាវនាវដល់ អាជ្ញាធរនិងសមត្ថកិច្ច ត្រូវខិតខំ ថែរក្សាបរិយាកាស ឃោសនាបោះឆ្នោត ឲ្យបានល្អ ដើម្បីធានាភាព អព្យាក្រិត តម្លាភាព និងយុត្តិធម៌ដល់ គ្រប់បក្ស នយោបាយទាំងអស់ ៕

Loading...