គណបក្សប្រជាជនកម្ពុជាបើកមហាសន្និបាតវិសាមញ្ញតំណាងទូទាំប្រទេស

ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា បើកមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស ដើម្បីពិនិត្យវាយតម្លៃអំពីសភាពការណ៍ទូទៅ ព្រមទាំងអនុម័ត សេចក្ដីព្រាង កម្មវិធីនយោបាយរបស់ គណបក្សប្រជាជនកម្ពុជា សម្រាប់ការកសាងនិងការពារមាតុភូមិ ឆ្នាំ ២០១៨ -២០២៣ និងបោះឆ្នោតបំពេញបន្ថែម សមាជិកគណៈកម្មាធិការកណ្ដាលមួយចំនួន ។

មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា ដែលមានរយៈពេល៣ថ្ងៃ បើកឡើងនាព្រឹកថ្ងៃទី១៩មករានេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស។

ថ្លែងសុន្ទរកថា បើកមហាសន្និបាតនេះ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន គូសបញ្ជាក់ថា រយៈពេល ៥ឆ្នាំចុងក្រោយ ដែលគណបក្សប្រជាជនកម្ពុជាបន្តទទួលអាណត្តិដឹកនាំប្រទេស នៅក្នុងបរិស្ថាននយោបាយ ប្រជាធិបតេយ្យ សេរីពហុបក្ស គណបក្សយើងបានជួបប្រទះនិងឆ្លងកាត់នូវឧបសគ្គតូចធំរាប់មិនអស់ ។ ចាប់ផ្ដើមតាំងពីក្រោយការបោះឆ្នោតជាតិឆ្នាំ ២០១៣ សភាពការណ៍មានលក្ខណៈតានតឹង ស្មុគស្មាញ និងគ្រោះថ្នាក់បំផុត ហើយជាបន្តបន្ទាប់មកទៀត ក៏បានលេចឡើងនូវឧបាយកល និងសកម្មភាពជាច្រើនដែលមានបំណងបន្ទុចបង្អាក់ បង្កចលាចល និងរារាំងដល់ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា រហូតឈានដល់ មានពួកក្បត់ជាតិ បានឃុបឃិតជាមួយបរទេស រៀបចំផែនការផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ តាមរយៈបដិវត្តនពណ៌ ដូចនៅប្រទេសមួយចំនួន ដោយមិនខ្វល់អំពីផលវិបាក ដែលនឹងទាញឲ្យសង្គមកម្ពុជា ធ្លាក់ក្នុងគ្រោះមហន្តរាយធ្ងន់ធ្ងរជាថ្មីទៀត មិនអាចស្មានដល់ឡើយ ។

ប៉ុន្តែទោះជាយ៉ាងណាក៏ គណបក្សប្រជាជនកម្ពុជា នៅតែជម្នះ បានរាល់ឧបសគ្គ ដោយទប់ទល់នឹងទ្រទ្រង់បានសភាពការណ៍ តាំងពីដើមដំបូង ធ្វើឲ្យរដ្ឋសភា និងរាជរដ្ឋាភិបាលនីតិកាលទី៥ ត្រូវបាន បង្កើតឡើងស្របតាមការកំណត់ នៃរដ្ឋធម្មនុញ្ញរក្សាបាន សន្តិភាព ស្ថេរភាពនយោបាយ ធានាបាន និរន្តភាពរបស់រដ្ឋ ធានាបានប្រក្រតីភាព នៃជីវភាពសង្គម ធានាបានដំណើរការយ៉ាង សកម្ម នៃការងារការបរទេស, សម្រេចបានល្អប្រសើរដំណើរការ អភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច ដែលធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាជន ទូទៅ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ និយោជិត ត្រូវបានកែលម្អជាបន្តបន្ទាប់ ស្របតាមគោលដៅ នៃយុទ្ធសាស្ត្រ ចតុកោណ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ។

រីឯការងារបោះឆ្នោត នៅគ្រប់ថ្នាក់វិញ ក៏បានប្រព្រឹត្តទៅទៀងទាត់ តាមកាលកំណត់ នៃច្បាប់និងរដ្ឋធម្មនុញ្ញ ដែលបញ្ជាក់ច្បាស់ អំពីដំណើរការប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជាគឺនៅតែរឹងមាំ ជានិច្ចឥតមានងាករេឡើយ។ ដោយឡែកនៅក្នុងរយៈពេលចុង ក្រោយនេះ រាជរដ្ឋាភិបាលបាននិងកំពុងជំរុញអនុវត្ត នូវគោល នយោបាយឧស្សាហកម្មជាតិឆ្នាំ ២០១៥-២០២៥ និងគោល នយោបាយគាំពារសង្គម យ៉ាងសកម្មបំផុត ដែលធ្វើឲ្យមជ្ឈដ្ឋាន ពាក់ព័ន្ធទាំងអស់ទទួលបាននូវអត្ថប្រយោជន៍គួរជាទីពេញចិត្ត។

សុន្ទរកថា សម្ដេចមហាពញាចក្រី ហេងសំរិន គូសបញ្ជាក់ដែរថា អ្វីដែលយើងត្រូវយកចិត្តទុកដាក់នៅពេលនេះ គឺឆ្នាំ២០១៨ គឺជាឆ្នាំ ដែលត្រូវបញ្ចប់អាណត្តិរដ្ឋសភា និងរាជរដ្ឋាភិបាល ឆ្នាំ ២០១៣-២០១៨ និងក៏ជាឆ្នាំដែលត្រូវចាប់ផ្ដើមនីតិកាលថ្មីរយៈពេល ៥ឆ្នាំទៀតនៅពេលខាងមុខនេះដែរ ។ ក្នុងនោះក៏ត្រូវរួមគ្នា ធ្វើរាល់ កិច្ចការឲ្យបានល្អ ដើម្បីបម្រើឲ្យការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី ៤ នាថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០១៨ នឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៦ នាថ្ងៃទី ២៩ ខែកក្កដាឆ្នាំ ២០១៨ ។ សម្ដេចបន្តថា បទពិសោធន៍បានបង្ហាញថា ដើម្បីឈានទៅឈ្នះឆ្នោតបាន ត្រូវមានការសន្សំពិន្ទុពីម្ចាស់ឆ្នោត គ្រប់ពេល តាមរយៈគុណភាពការងារ និងអំពើល្អរបស់មន្ត្រីយើង។ ព្រមជាមួយនេះ គណបក្សយើង ក៏ត្រូវតែមានកម្មវិធីនយោបាយមួយ ដែលសុក្រឹត្យបំផុត ដើម្បីបង្ហាញម្ចាស់ឆ្នោត ឱ្យមានសង្ឃឹមសម្រាប់ អនាគត ហើយសម្រេចចិត្តគាំទ្រគណបក្សយើង។ ផ្ដើមចេញពីនេះ សេចក្ដីព្រាងកម្មវិធីនយោបាយ របស់គណបក្សសម្រាប់ការកសាង និងការពារមាតុភូមិឆ្នាំ ២០១៨-២០២៣ ដែលដាក់ជូនមហាសន្និបាត ត្រូវបានកសាងឡើងដោយផ្អែកលើមូលដ្ឋាន សមិទ្ធផលសង្គមជាតិ រយៈពេល ៣៩ឆ្នាំកន្លងមក, ផ្អែកលើសំណូមពរដ៏ពិសិដ្ឋរបស់ប្រជាជន កម្ពុជា និងផ្អែកលើការវិវត្តន៍ នៃសភាពការណ៍ជាតិ និងអន្តរជាតិ ក្នុង ដំណាក់កាលបច្ចុប្បន្នផងដែរ។

មហាសន្និបាតវិសាមញ្ញនេះ មានរបៀបវារៈចំនួន៣ រួមមាន ឆ្លង និង អនុម័តលើសេចក្តីព្រាងរបាយការណ៍ ស្តីពីសភាពការណ៍ទូទៅ និង ការងារគណបក្សឆ្នាំ២០១៧ និងទិសដៅភារកិច្ចឆ្នាំ២០១៨ ។ ឆ្លងនិងអនុម័តសេចក្តីព្រាងកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការកសាង និងការពារមាតុភូមិ ឆ្នាំ២០១៨-២០២៣, និង បោះឆ្នោតបំពេញបន្ថែមសមាជិកគណៈកម្មាធិការកណ្តាលមួយចំនួន ៕

Loading...