គណ:ប្រតិភូកាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ ព្រឹទ្ធាចារ្យភិរម្យ ប្រាជ្ញ ឈួន ព្រឹទ្ធាចារ្យចាប៉ីដងវែង ជាលើកទី៣

ខេត្តតាកែវ ៖ នៅព្រឹកថ្ងៃទី ២៧ ខែមករា ឆ្នាំ២០១៨ កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចាត់ គណ:ប្រតិភូ ដែលដឹកនាំដោយ ឯកឧត្ដមវេជ្ជ. អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ និងសហការី នាំយកគ្រឿងឧបភោគ-បរិភោគ និងថវិកាមួយចំនួន ចុះសួរសុខទុក្ខ ជាលើកទី៣ ដល់ ព្រឹទ្ធាចារ្យភិរម្យ ប្រាជ្ញ ឈួន ដែលជាព្រឹទ្ធាចារ្យចាប៉ីដងវែងដ៏ល្បីល្បាញរបស់ប្រទេសកម្ពុជា ដល់គេហដ្ឋាននៅភូមិសម៉ក្រោម ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ។

ក្នុងឱកាសនោះដែរ ឯកឧត្ដមវេជ្ជ. បានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដែលផ្តាំផ្ញើនូវការគិតគូរពីសុខភាព និងសុខទុក្ខរបស់លោកតា ដែលជាសិល្បករជើងចាស់​ បានបន្សល់ទុកស្នាដៃសិល្បៈជាច្រើនសម្រាប់អ្នកជំនាន់ក្រោយ​ និងសូមជូនពរលោកតាមានសុខភាពល្អ ជន្មាយុយឺនយូរ។

លោកព្រឹទ្ធាចារ្យ បច្ចុប្បន្នមានព្រះជន្មាយុ ៨២ឆ្នាំ មានសេចក្ដីរំភើបក្រៃលែង និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងគិតគូរ​ចំពោះទុក្ខ​លំបាកគ្រួសារលោកតា និងបានជួយឧបត្ថម្ភគ្រឿងឧបភោគ-បរិភោគ​ សម្ភារៈប្រើប្រាស់​ និងថវិកាបានចំនួន៣លើកមកនេះ។

សូមបញ្ជាក់ថា ៖ លោកព្រឹទ្ធាចារ្យ ភិរម្យ ប្រាជ្ញ ឈួន អាចច្រៀងបញ្ចេញសំនៀងវោហារ លាយឡំនឹងការដេញចាប៉ីដងវែងរបស់ខ្លួនបានយ៉ាងពិរោះរណ្តំបំផុត។ ព្រមទាំងបានចូលរួមចំណែកលើកស្ទួយវប្បធម៌ជាតិ ឱ្យកាន់តែល្បីល្បាញនៅលើឆាកអន្តរជាតិ និងបានជួយបណ្ដុះស្មារតីកូនខ្មែរឱ្យចេះស្រឡាញ់និងសិក្សាស្វែងយល់ពីចាប៉ីដងវែងរបស់ខ្មែរ៕

Loading...