គណៈកម្មការជំនាញរដ្ឋសភា បញ្ចប់ការពិនិត្យពិភាក្សា សេចក្តីព្រាងច្បាប់ថវិកាឆ្នាំ២០២១និងសេចក្តីព្រាងច្បាប់ការទូទាត់ថវិការដ្ឋឆ្នាំ២០១៩

(ភ្នំពេញ)៖ គណៈកម្មការជំនាញរដ្ឋសភា បញ្ចប់ការពិនិត្យពិភាក្សា សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ និងសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩ ត្រូវបានគណៈកម្មការជំនាញរដ្ឋសភា បញ្ចប់ការពិនិត្យសិក្សាតាមនីតិវិធីទំាងស្រុង និងបានត្រៀមផ្ញើជូនទៅគណៈកម្មាធិការ  អចិន្រ្តៃយ៍រដ្ឋសភាវិញ ដើម្បីបញ្ចូលក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភា នាពេលខាងមុខ ។

កាលពីព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា និងតំណាងរាជរដ្ឋាភិបាល ដែលដឹកនាំដោយ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ទំាងពីរខាងលើជាចុងក្រោយ ដោយមានការចូលរូមពីលោកជំទាវបណ្ឌិត សោម គឹមសួគ៌ អគ្គសវនករនៃអាជ្ញាធរសវនកម្មជាតិផងដែរ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ ២០២១ ត្រូវបានរៀបចំឡើងនៅក្នុងបរិការណ៍ដែលជំងឺកូវីដ-១៩ ដែលនាំមកនូវផលប៉ះពាល់ បញ្ហាប្រឈម និងហានិភ័យជាច្រើន ដែលមិនធ្លាប់មានពីមុនមក  ចំពោះតំបន់ និងពិភពលោកទាំងមូល។ កម្ពុជាក៏មិនអាចគេចរួចពីផលវិបាកអាក្រក់ទាំងនេះដែរ  ហើយបាននិងកំពុងទទួលរងនូវផលប៉ះពាល់អវិជ្ជមានពីជំងឺនេះមកលើបញ្ហាសុខភាពសង្គម-សេដ្ឋកិច្ច ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន ពិសេសគ្រួសារប្រជាជនក្រីក្រ និងងាយរងគ្រោះ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានជម្រាបកិច្ចប្រជុំថា  សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ នឹងរក្សាលំនឹងសង្គម-សេដ្ឋកិច្ចកម្ពុជា និងជីវភាពរស់នៅរបស់ប្រជាជន ព្រមទាំងការស្ដារ និងជំរុញការងើបឡើងវិញនូវកំណើនសេដ្ឋកិច្ចក៏ដូចជាដើម្បីសម្រេចឱ្យបាននូវគោលដៅសំខាន់ៗនៃកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ២០១៩-២០២៣ ពិសេសការជំរុញអនុវត្តកិច្ចការកែទម្រង់គ្រប់វិស័យក្នុងឆ្នាំ២០២១ ដែលជាឆ្នាំពាក់កណ្ដាលអាណត្តិរបស់រាជរដ្ឋាភិបាលនីតិកាលទី៦ សំដៅឈានទៅសម្រេចបាននូវបំណងប្រាថ្នារយៈពេលវែងរបស់ប្រទេសកម្ពុជា ដែលចង់ឱ្យកម្ពុជាក្លាយជាប្រទេសមានមោទនភាពជាតិ មានអនាគតដ៏រុងរឿងភ្លឺស្វាង ត្រចះត្រចង់ និងជារដ្ឋអធិបតេយ្យមួយរឹងមាំ ដែលគោរពខ្ជាប់ខ្ជួននូវគោលការណ៍ប្រជាធិបតេយ្យ និងនីតិរដ្ឋ និងមានសន្តិភាពពេញលេញ ព្រមទាំងមានកិត្យានុភាពខ្ពស់ត្រដែតលើឆាកអន្តរជាតិ។

តំណាងរាជរដ្ឋាភិបាលបានបន្តថា ថវិកាឆ្នាំ២០២១ ជាឧបករណ៍ដ៏មានប្រសិទ្ធភាពដែលអាចជួយរាជរដ្ឋាភិបាលឆ្លើយតបទៅនឹងបញ្ហាប្រឈម និងហានិភ័យផងទាំងពួង ទាំងក្នុង និងក្រៅប្រទេស សំដៅធានាលំនឹងសង្គម-សេដ្ឋកិច្ចកម្ពុជា និងការពារអាយុជីវិតប្រជាជនពីការរាតត្បាតនៃជំងឺកូវីដ១៩ ព្រមទាំងស្ដារនិងជំរុញការងើបឡើងវិញនូវកំណើនសេដ្ឋកិច្ចក្រោយពីវិបត្តិកូវីដ១៩ ។

ចំណែកសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថា គឺជាការរៀបចំឡើងតាមគោលនយោបាយពង្រឹងការគ្រប់គ្រងថវិកា ក្នុងគោលដៅដោះស្រាយឱ្យបានជាសារវ័ន្តនូវសេចក្តីត្រូវការក្នុងការឆ្លើយតបទៅនឹងអាទិភាពគោលនយោបាយធំៗរបស់រាជរដ្ឋាភិបាល និងតម្រូវការចាំបាច់ជាមូលដ្ឋានរបស់ក្រសួង ស្ថាប័ននានា ដើម្បីបម្រើ និងផ្ដល់នូវការឆ្លើយតបប្រកបដោយប្រសិទ្ធភាពទៅនឹងការទន្ទឹងរង់ចាំ និងបំណងប្រាថ្នារបស់ប្រជាជនដែលជាម្ចាស់ឆ្នោតនៅក្នុងឆ្នាំ២០១៩ ដែលជាឆ្នាំទី១នៃរាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា ជាពិសេសពីការអនុវត្តឱ្យចេញជាលទ្ធផលជាក់ស្ដែងប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប និងសមាជិកចូលរួមប្រជុំ បានគំាទ្រដល់សេចក្តីព្រាងច្បាប់ទំាងពីរ និងបានគូសបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ មានសារៈសំខាន់ណាស់ក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសកម្ពុជា របស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានគូសបញ្ជាក់ថា សេចក្តីព្រាងច្បាប់ទាំងពីរនេះរៀបចំឡើងស្របតាមច្បាប់ជាធរមាន និងទាន់ពេលវេលា និងសមស្របទៅនឹងស្ថានភាពបច្ចុប្បន្ន និងកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។ គណៈកម្មការរដ្ឋសភា បានឯកភាពគាំទ្រទាំងស្រុងលើសេចក្តីព្រាងច្បាប់និងសម្រេចបញ្ជូនសេចក្តីព្រាងច្បាប់ទាំងពីរនេះ  ទៅគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ដើម្បីពិនិត្យដាក់បញ្ចូលក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភា នាពេលខាងមុខ៕

 

Loading...