គណៈកម្មការទន្លេមេគង្គជំរុញឱ្យប្រទេសតាមដងទន្លេមេគង្គទាំងអស់ដោះស្រាយបញ្ហា លំហូរទឹកទាប ខណៈបឹងទន្លេសាបរបស់កម្ពុជាអាចជួបប្រទះស្ថានភាពស្ងួតខ្លាំង

ភ្នំពេញ ៖គណៈកម្មការទន្លេមេគង្គ (MRC) បានជំរុញដល់ប្រទេសតាមដងទន្លេមេគង្គទាំង ៦ ឱ្យ​ដោះ​ស្រាយបញ្ហាលំហូរទឹកទាបក្នុងតំបន់ ខណៈដែលអាងទន្លេមេគង្គក្រោមប្រឈមនឹង​កំណត់​ត្រាលំហូរទឹកទាបអស់រយៈពេល២ឆ្នាំបន្តបន្ទាប់គ្នា ជាពិសេសធ្វើឱ្យបឹងទន្លេសាបរបស់ ប្រទេសកម្ពុជាជួបប្រទះស្ថានភាពស្ងួតខ្លាំងដែលបង្ក​ឱ្យ​បរិមាណលំហូរត្រឡប់ចូលបឹងធ្លាក់ ដល់កម្រិតទាបបំផុត។ នេះបើយោងតាមរបាយ​ការណ៍​របស់​គណៈកម្មការទន្លេមេគង្គ។

ក្នុងរបាយការណ៍របស់MRC ដែលពិនិត្យលើស្ថានភាពជលសាស្ត្រក្នុងអាងទន្លេ​មេគង្គក្រោម អំឡុងពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២០នេះ បានកំណត់នូវបុព្វហេតុបឋម​ជាច្រើនដែលអាចបង្កឱ្យមានលំហូរទឹកទាប និងគ្រោះរាំងស្ងួតសម្រាប់ឆ្នាំនេះ។ មូលហេតុ​ទាំងនេះ រួមមានបរិមាណភ្លៀងធ្លាក់តិចតួចខុសប្រក្រតីដែលបង្កដោយបាតុភូតអាកាស​ធាតុ​អែល នីណូ (El Nino)​ ស្ថានភាពលំហូរទាបរយៈពេលយូរដែលបន្តអូសបន្លាយ​ចាប់ពី​ឆ្នាំ២០១៩ មក និងលំហូរទឹកកម្រិតទាបជាងមុនពីដៃទន្លេមេគង្គ។ សម្រាប់លំហូរទាប​បែប​នេះ បានធ្វើឱ្យបឹងទន្លេសាបរបស់ប្រទេសកម្ពុជាជួបប្រទះ“ស្ថានភាពស្ងួតខ្លាំង”ដែល បង្ក​ឱ្យ​បរិមាណលំហូរត្រឡប់ចូលបឹងធ្លាក់ដល់កម្រិតទាបបំផុតនៅក្នុងកំណត់ត្រាគិតចាប់ពីឆ្នាំ ១៩៩៧ មក។

ដោយប្រើប្រាស់ទិន្នន័យតាមដានទិន្នន័យទឹកភ្លៀង និងអាកាសធាតុពី MRC និងពីប្រភពជាសកលផ្សេងៗទៀត ក្នុងរបាយការណ៍នេះបន្ថែមថា ប្រតិបត្តិការនៃទំនប់​នានាតាមទន្លេមេក្នុងអាងទន្លេមេគង្គលើ និងទំនប់តាមដៃទន្លេផ្សេងៗក្នុងអាងទន្លេមេគង្គ​ក្រោម​អាចនឹងជះឥទ្ធិពលលើស្ថានភាពលំហូរទឹកទាប​ នាពេលនេះ។ ទោះជាយ៉ាង​ណា​ក៏ដោយ លេខាធិការដ្ឋានMRCមិនមានទិន្នន័យ និងព័ត៌មានជាផ្លូវការ ដើម្បីផ្ទៀងផ្ទាត់ពី ផលប៉ះពាល់ដែលអាចកើតមាននៃប្រតិបត្តិការទំនប់វារីអគ្គិសនីក្នុងអាងទន្លេមេគង្គលើទេ។

លោកបណ្ឌិត អាន ពេជ្រហត្ថដា នាយកប្រតិបត្តិនៃលេខាធិការដ្ឋាននៃគណៈ​កម្មការទន្លេ មេគង្គ(MRC)បានអំពាវនាវឱ្យប្រទេសតាមដងទន្លេមេគង្គទាំង ៦ បង្កើនការ​ចែករំលែក​ទិន្នន័យ និងព័ត៌មានអំពីប្រតិបត្តិការទំនប់ និងហេដ្ឋារចនាសម្ព័ន្ធទឹក​របស់​សាម៉ី​ប្រទេស ជាមួយនឹង MRC ឱ្យបានរហ័ស និងប្រកបដោយតម្លាភាព។ លោកបណ្ឌិត​បានបញ្ជាក់ថា “វាដល់ពេលហើយ ដែលប្រទេសទាំងអស់ ត្រូវអនុវត្តន៍នូវអ្វីដែល​ខ្លួនបាន​អះអាង និងធ្វើ​សកម្មភាពដើម្បីប្រយោជន៍រួមសម្រាប់អាងទន្លេមេគង្គទាំងមូល និងសម្រាប់​សហគមន៍​ដែល​រងផលប៉ះពាល់”។

បើតាមរបាយការណ៍របស់ MRC បានបង្ហាញថា លំហូរទាបនាពេលបច្ចុប្ប​ន្ន​អាច​នឹង​ជះឥទ្ធិពលធ្ងន់ធ្ងរលើប្រទេសកម្ពុជា ដោយសារការបាត់បង់នូវសក្តានុពលជលផល និងធារាសាស្ត្រ។ ប្រទេសវៀតណាម អាចនឹងជួបប្រទះការកាត់បន្ថយផលិតកម្មស្រូវ​លើដី​សណ្ត ហើយផលិតផលកសិកម្មក្នុងប្រទេសឡាវ និងថៃ ក៏អាចនឹងរងផលប៉ះ​ពាល់​ផងដែរ។ ក្រៅពីនេះ អតុល្យភាពបែបអេកូឡូស៊ីអាចនឹងកើតមានដោយសារបម្រែ​បម្រួល​ខ្លាំងនៃការកំណត់ពេល ថិរៈវេលា និងវិសាលភាពនៃការជន់លិចក្នុងបឹងទន្លេសាប​ និង​តំបន់លិចទឹកជុំវិញបឹងនេះ។ ស្ថានភាពបែបនេះអាចនឹងធ្វើឱ្យការបន្តពូជត្រីថយចុះ ដោយ​សារការបាត់បង់នូវតំបន់លូតលាស់នានា ដែលជប៉ះពាល់ដល់ការលូតលាស់នៃមច្ឆា សត្វ និងរុក្ខជាតិក្នុងទឹកដទៃទៀត។ គេព្យាកណ៍ថា ការធ្លាក់ចុះនៃទិន្នផលត្រីអាចនឹងកើត​មាន​ឡើងដែលបញ្ហានេះនឹងគំរាមកំហែងដល់សន្តិសុខស្បៀងសម្រាប់សហគមន៍ដែលងាយរងគ្រោះបំផុតនៅក្នុងតំបន់។

សូមបញ្ជាក់ថា បឹងទន្លេសាប គឺជាបឹងទឹកសាបធំជាងគេ និងមានផលិតភាព​ខ្ពស់​បំផុតនៅក្នុងអាស៊ីអគ្នេយ៍។ បឹងនេះត្រូវបានចាត់ទុកជាទីជម្រកជីវចម្រុះមួយ​ក្នុងពិភព​លោក និងជារោងចក្រត្រីដ៏សំខាន់របស់ទន្លេមេគង្គ។  ជាទូទៅ លំហូរត្រឡប់ចូល​បឹងពី​ទន្លេមេគង្គ កើតមានចាប់ពីពាក់កណ្តាលខែឧសភា ដល់ពាក់កណ្តាលខែតុលា ដែលមាន​រយៈពេល ១២០ ថ្ងៃជាមធ្យម។ ប៉ុន្តែនៅឆ្នាំនេះ លំហូរត្រឡប់នៅក្នុងបរិមាណ​ប្រក្រតីនៅ​មិនទាន់កើតមានទេ បើទោះបីជាមានលំហូរបរិមាណតិចបំផុតពីរដងនៅក្នុងខែកក្កដាក្តី។

លោកបណ្ឌិត អាន ពេជ្រហត្ថដា បានលើកឡើងថា ប្រសិនបើកម្រិតទឹកក្នុងអំឡុង​រដូវទឹកជំនន់ឆ្នាំ២០២០នេះ មិនមានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់នោះទេ​ សូមស្នើ​ឱ្យប្រទេសជាសមាជិករបស់ MRC ដែលរួមមានប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម​ពិចារណាផ្តល់ព័ត៌មានណែនាំដល់អ្នកប្រើប្រាស់ទឹក និងប្រតិបត្តិករតាមដងទន្លេអំពី​ស្ថាន​ភាពនេះ ដើម្បីធានាថា ការប្រើប្រាស់ទឹកត្រូវបានគ្រប់គ្រងដោយយកចិត្តទុកដាក់ខ្ពស់។ លោកបណ្ឌិតបន្ដថា ប្រទេសទាំងនេះ គួរតែស្វែងរកនូវប្រភពទឹកជំនួសផ្សេងទៀត ដើម្បី​ធានាឱ្យមានការផ្គត់ផ្គង់ទឹកគ្រប់គ្រាន់់ លោ​កបណ្ឌិតបានបន្ថែមថា ប្រទេសជាសមាជិក គួរតែសំណូមពរដល់ប្រតិបត្តិករទំនប់វារីអគ្គិសនី និងប្រតិបតិ្តករធារាសាស្ត្រ ឱ្យកែសម្រួល ប្រតិបត្តិការរយៈពេលខ្លីរបស់ពួកគេ និងធ្វើការតាមដានលើសំណឹកតាមច្រាំងដែលចអាច កើតមាន។ ជាមួយគ្នានេះ ក្នុងរបាយការណ៍ក៏បានលើកឡើងដែរថា ប្រសិនបើលំហូរទាប​នៅតែបន្ត ប្រទេសទាំងបួន គួរតែពិចារណាសំណូមពរឱ្យប្រទេសចិនបង្ហូរ“ទឹកបន្ថែម” ដូច​ដែលបានអនុវត្តន៍នៅឆ្នាំ ២០១៦ ដើម្បីជួយសម្រាលស្ថានភាពកទន្លេមេគង្គក្រោម ជាពិសេសក្នុងអំឡុងរដូវប្រាំងខាងមុខនេះ។

យោងតាមរបាយការណ៍របស់ MRC ដែលការព្យាករណ៍របបទឹកភ្លៀង​សម្រាប់​រយៈ​ពេលចុងក្រោយនៃរដូវវស្សាឆ្នាំ២០២០ នេះ មានភាពខុសៗគ្នា ការប៉ាន់ស្មានជាទូទៅគឺថា បរិមាណភ្លៀងធ្លាក់ក្នុងខែសីហា និងកញ្ញា អាចនឹងមានបរិមាណច្រើនជាងធម្មតា ហើយ​ចំនួននេះនឹងត្រូវធ្លាក់ចុះក្នុងខែតុលា។ ទន្ទឹមនេះ ដោយមានការព្យាករណ៍ទុកថា​បរិយា​កាស​​សម្ពាធទាប ព្យុះស៊ីក្លូន ឫព្យុះផ្សេងៗទៀត អាចនឹងកើតឡើងក្នុងខែសីហា​ និងកញ្ញា របាយការណ៍នេះបានបន្ថែមថា លំហូរត្រឡប់​ចូលបឹងទន្លេសាប អាចនឹងកើតមាននៅ​ពេលនេះ ដោយលើកនេះគេរំពឹងថា នឹងមាន​បរិមាណ​ទឹកច្រើនជាងលើកមុន។ បើ
តាម​ទិន្នន័យតាមដានកម្រិតទឹកពី MRC នៅថ្ងៃនេះ បានបង្ហាញថា​ ជារួមកម្រិតទឹកនៅ​ទូទាំង​អាង​ទន្លេ​មេគង្គក្រោមបានកើនឡើង ហើយ​និន្នាការនេះ ត្រូវបានគេប៉ាន់ស្មានថា នឹងបន្ត​រហូតដល់សប្តាហ៍ក្រោយ៕

Loading...