គណៈកម្មការទី១សភាគ្រោងស្នើរដ្ឋមន្ត្រីមកបំភ្លឺរឿងអាជីវកម្មខ្សាច់បកនៅខេត្តកណ្ដាល

ខេត្តកណ្ដាល ៖អ្នកតំណាងរាស្ត្រ និងប្រជាពលរដ្ឋនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល កំពុងព្រួយបារម្ភពីអាជីវកម្មជីកយកខ្សាច់ ឬហៅថា អាជីវកម្មខ្សាច់បក ដែលអាចធ្វើឲ្យបាក់រណ្ដៅដីនោះ ប៉ះពាល់ដល់ផ្ទះ ដីភូមិ ឬស្រែចម្ការពលរដ្ឋដែលនៅជិតអាជីវកម្មនោះ។

ចំណែកម្ចាស់អាជីវកម្មខ្សាច់វិញ ពន្យល់ថា ពួកគាត់ធ្វើដោយប្រុងប្រយ័ត្ន និងគោរពតាមបទដ្ឋានបច្ចេកទេស ដែលកំណត់ដោយមន្ត្រីជំនាញនៃក្រសួងក្រសួងរ៉ែ និងថាមពល។

តំណាងរាស្ត្របក្សប្រឆាំង និងប្រធានគណៈកម្មការទីមួយនៃរដ្ឋសភា លោក អេង ឆៃអ៊ាង គ្រោងនឹងដាក់លិខិតស្នើសុំឲ្យរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បំភ្លឺនៅក្នុងសប្ដាហ៍នេះជុំវិញការផ្ដល់អាជ្ញាប័ណ្ណឲ្យធ្វើអាជីវកម្មខ្សាច់បកនៅខេត្តកណ្ដាល។

គម្រោងការកោះហៅនេះ បន្ទាប់ពីលោកចុះទៅអង្កេតការដ្ឋានជីកយកខ្សាច់នៅឃុំដើមឫស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល តាមបណ្ដឹងប្រជាពលរដ្ឋដែលកំពុងមានកង្វល់លើអាជីវកម្មនេះដោយខ្លាចបាក់ដី និងផ្ទះពួកគាត់។

លោក អេង ឆៃអ៊ាង មានប្រសាសន៍ថា អាជីវកម្មកាយយកខ្សាច់នៅតំបន់នោះមានច្រើនការដ្ឋាន ប៉ុន្តែហាក់ពុំឃើញមានការអនុវត្តតាមបទដ្ឋានបច្ចេកទេសច្បាស់លាស់ ឬមានអ្នកជំនាញពីក្រសួងចុះទៅត្រួតពិនិត្យលើអាជីវកម្មទាំងនោះឡើយ ដោយរណ្ដៅដីខ្លះជីកកៀកនឹងព្រំដី និងរបងផ្ទះប្រមាណ ២ ទៅ ៣ម៉ែត្រប៉ុណ្ណោះ។ លោកថា បញ្ហានេះបានធ្វើឲ្យអ្នកភូមិមានការភ័យខ្លាចបាក់ដីស្រែ ចម្ការ ឬផ្ទះចូលក្នុងរណ្ដៅខ្សាច់នោះ៖ «អ្នកជិតខាងហ្នឹងពួកគាត់ចង់តវ៉ាដែរ តែមិនដឹងតវ៉ាទៅអ្នកណាគេ ហើយខ្ញុំទៅមើលទៅខ្ញុំឃើញអ៊ីចឹងក្នុងសប្ដាហ៍នេះ ខ្ញុំនឹងធ្វើសំណើមួយទៅរដ្ឋមន្ត្រីរ៉ែ និងថាមពល ដើម្បីឲ្យពិនិត្យអាជីវកម្មខ្សាច់នៅក្នុងស្រុកកណ្ដាលស្ទឹង ព្រោះតំបន់នោះមានអាជីវកម្មខ្សាច់ច្រើនណាស់ ធ្វើម៉េចកុំឲ្យបាក់ដីអ្នកជិតខាង ព្រោះក្រុមហ៊ុនគេទទួលបានផលប្រយោជន៍ហើយ បើមិនត្រួតពិនិត្យឲ្យម៉ត់ចត់ទេ អ្នកជិតខាងនឹងបាត់បង់ផលប្រយោជន៍ដោយតែបាក់ដីរបស់ពួកគាត់»។

ទាក់ទងបញ្ហានេះ អ្នកភូមិបាង ឃុំដើមឫស លោក ស៊ន ហាន ដែលកំពុងជួបបញ្ហានេះផ្ទាល់ មានប្រសាសន៍ថា អាជីវកម្មនៅតំបន់នោះមានជាង ១០ការដ្ឋានដែលកំពុងជីកដីយកខ្សាច់លក់ ប៉ុន្តែពុំមានមន្ត្រីជំនាញ ឬអាជ្ញាធរណាចុះមកពិនិត្យបច្ចេកទេសនៃការជីកនោះ អនុវត្តបានត្រឹមត្រូវ ឬអត់ ឬអាចមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋទៅថ្ងៃមុខ ឬយ៉ាងណា ហើយអ្នកណាជាអ្នកទទួលខុសត្រូវនៅពេលមានបញ្ហាគ្រោះថ្នាក់កើតឡើងចំពោះប្រជាពលរដ្ឋនោះទេ៖ «ខ្ញុំបារម្ភដែរ បើរណ្ដៅខ្សាច់ហ្នឹងវារាក់មិនសូវអីទេ តែពេលរណ្ដៅដីហ្នឹងវាជ្រៅពេក កាលណាជ្រៅពេកវាបាក់ដីហើយ»។

តែទោះយ៉ាងណា ម្ចាស់ការដ្ឋានជីកខ្សាច់មួយកន្លែងឈ្មោះ ១៦៨ លោក ឱក សំអាត ហៅ តាម៉ាប់ បានឲ្យដឹងនៅថ្ងៃទី១៨ សីហា ថា អាជីវកម្មរបស់លោកមានច្បាប់អនុញ្ញាតត្រឹមត្រូវចេញពីក្រសួងរ៉ែ និងថាមពល ហើយលោកក៏បានគិតពីបញ្ហាគ្រោះថ្នាក់បាក់ដីអ្នកជិតខាងនោះដែរ៖ «ពាក់ព័ន្ធបញ្ហាហ្នឹង ខ្ញុំបាននិយាយជាមួយគាត់ហើយ ថាពេលខ្ញុំធ្វើហើយ ខ្ញុំនឹងចងប្រព័ន្ធព្រំកុំឲ្យបាក់ដីគាត់ គាត់ក៏ព្រមផ្ដិតមេដៃឲ្យខ្ញុំធ្វើតើ»។

លោកបន្តថា ចម្ងាយកំណត់មាត់រណ្ដៅចេញពីព្រំដីលោកទុកយ៉ាងតិច ៧ម៉ែត្រ ទៅ ៨ម៉ែត្រ ចំពោះជម្រៅកំណត់ត្រឹម ៤ ទៅ ៥ម៉ែត្រ។

ករណីអាជីវកម្មខ្សាច់បកនេះដែរ ក៏កំពុងធ្វើឲ្យប្រជាពលរដ្ឋនៅឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង មានក្ដីព្រួយបារម្ភដូចគ្នាដែរ និងប្ដឹងទៅអាជ្ញាធរឲ្យជួយដោះស្រាយ តែរហូតមកដល់ពេលនេះពុំទាន់មានលទ្ធផលយ៉ាងណានៅឡើយ៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *