គណៈកម្មការបង្ក្រាបនិងទប់ស្កាត់បទល្មើសព្រៃឈើប្ដឹងក្រុមហ៊ុនពីរនៅខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចចំនួនពីរនៅខេត្តមណ្ឌលគិរី កំពុងប្រឈមមុខតាមផ្លូវតុលាការ ពាក់ព័ន្ធពាក្យបណ្ដឹងរបស់គណៈកម្មការបង្ក្រាប និងទប់ស្កាត់បទល្មើសព្រៃឈើថ្នាក់ជាតិ បន្ទាប់ពីការស៊ើបអង្កេតបានបញ្ចប់។ មន្ត្រីឃ្លាំមើលបញ្ហាព្រៃឈើខេត្តមណ្ឌលគិរី សាទរចំពោះវិធានការផ្លូវច្បាប់នេះ។
មន្ត្រីអយ្យការតុលាការខេត្តមណ្ឌលគិរី គ្រោងកោះ ហៅតំណាងក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចចំនួនពីរមកបំភ្លឺ ក្នុងសំណុំរឿងស្តុកឈើខុសច្បាប់ បន្ទាប់ពីគណៈកម្មការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើថ្នាក់ជាតិ បានដាក់ពាក្យប្ដឹងក្រុមហ៊ុននេះមកស្ថាប័នអយ្យការ។
ពាក្យបណ្ដឹងលើក្រុមហ៊ុនទាំងពីរដែលរួមមាន ក្រុមហ៊ុន ប៊ិញភឿក១ (Bin Phuoek 1) និងក្រុមហ៊ុន យូនី ហ្គ្រីន (Uni Green) ត្រូវបានបញ្ជូនទៅដល់មន្ត្រីរដ្ឋបាលស្ថាប័នអយ្យការតុលាការខេត្តមណ្ឌលគិរី នៅថ្ងៃទី២៤ ខែកុម្ភៈ នេះ។
ព្រះរាជអាជ្ញាអមតុលាការខេត្តមណ្ឌលគិរី លោក ឡុង ហុងម៉េង បដិសេធមិនអធិប្បាយពិស្ដារពាក់ព័ន្ធរបាយការណ៍ស៊ើបអង្កេតបទល្មើសរបស់ក្រុមហ៊ុនទាំងពីរ ដែលគណៈកម្មការបង្ក្រាប និងទប់ស្កាត់បទល្មើសព្រៃ ឈើ បញ្ជូនមកនោះទេ ក៏ប៉ុន្តែលោកទទួលស្គាល់ថា ក្រុមហ៊ុនទាំងពីរ គឺជាក្រុមហ៊ុនដំបូងដែលមន្ត្រីស្ថាប័នអយ្យការ បានទទួលពាក្យបណ្ដឹងទាក់ទិនករណីស្តុកឈើខុសច្បាប់។ លោកបន្តថា នឹងចាត់វិធានការផ្លូវច្បាប់ដោយគ្មានការអនុគ្រោះចំពោះករណីរកឃើញ បទល្មើសព្រៃឈើទាំងនោះទេ៖ «អត់ទាន់ប្រាប់បានចាំមើលមកដល់ខ្ញុំសិន។ ឥឡូវគេកំពុងធ្វើការពិនិត្យមើលឈើណាមានច្បាប់ ឈើណាអត់ច្បាប់។ អត់ស្អីទេ យើងមិនអាចអនុគ្រោះឲ្យបានទេ ព្រោះគេកំពុងធ្វើការដុតដៃដុតជើង»។
កាលពីថ្ងៃទី២២ កុម្ភៈ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានក្នុងស្រុកថា គណៈកម្មការបង្ក្រាប និងទប់ស្កាត់បទល្មើសព្រៃឈើ បានបញ្ជូនរបាយការណ៍ករណីបទល្មើសព្រៃឈើដែលរកឃើញនាពេលថ្មីៗនេះ ទៅតុលាការខេត្តមណ្ឌលគិរី ខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ បន្ទាប់ពីបានបញ្ចប់បញ្ជីសារពើភ័ណ្ឌមួយចំនួន នៃឈើដែលត្រូវបានរកឃើញនៅក្នុងរោងអារឈើ ឃ្លាំងស្តុកឈើ និងនៅក្នុងចម្ការកៅស៊ូក្រុមហ៊ុន។
មិនអាចស្វែងរកតំណាងក្រុមហ៊ុន ប៊ិញភឿក១ និងក្រុមហ៊ុន យូនី ហ្គ្រីន ដើម្បីសុំបញ្ជាក់ពីពាក្យបណ្ដឹងលើក្រុមហ៊ុនទាំងពីរបានទេ នៅថ្ងៃទី២៤ ខែកុម្ភៈ។
ទាក់ទិនករណីនេះដែរ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី លោក វង សុកសិរី បញ្ជាក់ថា សមត្ថកិច្ចបានរកឃើញឈើប្រមាណ ៤ពាន់ម៉ែត្រគូបនៅក្នុងបរិវេណដីសម្បទានរបស់ក្រុមហ៊ុន ប៊ិញភឿក១។ ដោយឡែកឈើនៅក្នុងក្រុមហ៊ុន យូនី ហ្គ្រីន មន្ត្រីជំនាញមិនទាន់បញ្ចប់បញ្ជីសារពើភ័ណ្ឌអំពីបរិមាណឈើរកឃើញ ក្នុងក្រុមហ៊ុននេះនៅឡើយ៖ «ប៊ិញភឿក រួចហើយ ចំណែក យូនី ហ្គ្រីន ប្រហែលចុងសប្ដាហ៍បានហើយ យើងនៅវាស់វែង។ បាទ! នៅរាយប៉ាយដែរនៅនេះបន្តិច នោះបន្តិចក្នុងក្រុមហ៊ុន»។
កាលពីខែមុន (ខែមករា) គំនរ ឈើធំៗជាច្រើននៅលើដីសម្បទានរបស់ក្រុមហ៊ុន ប៊ិញភឿក១ និងក្រុមហ៊ុនសម្បទានមួយចំនួនទៀតនៅខេត្តមណ្ឌលគិរី និងខេត្តក្រចេះ ត្រូវបានអណ្ដាតភ្លើងឆាបឆេះ ដែលក្រុមមន្ត្រីសង្គមស៊ីវិល និងប្រជាពលរដ្ឋនៅតំបន់ជិតនោះសង្ស័យថា ត្រូវគេលួចដុតដើម្បីបំបាត់វត្ថុតាងបទល្មើសកាប់បំផ្លាញព្រៃឈើដ៏ ច្រើនករណី ខណៈក្រុមការងារគណៈកម្មការបង្ក្រាប និងទប់ស្កាត់បទល្មើសព្រៃឈើរបស់រាជរដ្ឋាភិបាល កំពុងចាត់វិធានការក្តៅបង្ក្រាបករណីនេះនៅខេត្តប៉ែកឦសាន។
មន្ត្រីឃ្លាំមើលបញ្ហាព្រៃឈើខេត្តមណ្ឌលគិរី នៃសមាគមអាដហុក (ADHOC) លោក សុក រដ្ឋា សាទរចំពោះវិធានការផ្លូវតុលាការនេះ ដើម្បីកំណត់ទោសទណ្ឌចំពោះអ្នកប្រព្រឹត្តិល្មើស និងអ្នកឃុបឃិតនៅពីក្រោយការកាប់បំផ្លាញព្រៃឈើនេះ។ លោកកត់សម្គាល់ថា មិនមែនតែព្រៃឈើដែលជាទ្រព្យសម្បត្តិជាតិទេដែលត្រូវគេកាប់ បំផ្លាញ សូម្បីដើមឈើផលិតជ័រទឹកមុខរបរប្រពៃណីជនជាតិដើមភាគតិច ក៏ត្រូវគេកាប់យកអស់គ្មានសល់ បើទោះបីជាសហគមន៍បានប្ដឹងតវ៉ាយ៉ាងណាក្តី៖ «ទាក់ទិន ករណីនេះ បើសិនរដ្ឋាភិបាលរកឃើញភស្តុតាងកាប់បំផ្លាញព្រៃឈើហើយ មិនត្រូវលើកលែងទេ ហើយស្វែងរកភាគីពាក់ព័ន្ធ តុលាការត្រូវកោះអញ្ជើញភាគីពាក់ព័ន្ធមកសាកសួរឲ្យបានច្បាស់លាស់»។
ទោះជាយ៉ាងណាក៏ដោយ ព្រះរាជអាជ្ញាអមតុលាការខេត្តមណ្ឌលគិរី លោក ឡុង ហុងម៉េង អះអាងថា នឹងមានពាក្យបណ្ដឹងបន្ថែមទៀត នឹងមកដល់មន្ត្រីស្ថាប័នអយ្យការ ពាក់ព័ន្ធបទល្មើសព្រៃឈើនៅកន្លែងផ្សេងទៀតក្នុងខេត្តមណ្ឌលគិរី៕

IMG-7

Loading...

Leave a Reply

Your email address will not be published. Required fields are marked *