គណៈកម្មការអន្តរក្រសួង គម្រោងអភិវឌ្ឍន៍ និងធ្វើឲ្យប្រសើរឡើង នូវគោលដៅអេកូទេសចរណ៍ចំនួន៤ជាកញ្ចប់ ដើម្បីជំរុញកំណើនទេសចរក្នុងស្រុក 

(ភ្នំពេញ)៖ មន្ត្រីជំនាញនៃក្រសួងទេសចរណ៍ បានលើកឡើងនូវគោលដៅសហគមអេកូទេសចរណ៍អាទិភាពចំនួន ៤កន្លែង ដែលមានសក្ដានុពល ស្រូបទាញយ៉ាងខ្លាំងលើវិស័យទេសចរណ៍ ។ ទន្ទឹមនឹងនេះសហគមន៍ទាំង៤ទាមទារឱ្យមានការជួយជ្រោមជ្រែង ពីគណកម្មការអន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធ ជួយជ្រោមជ្រែង ក្នុងការអភិវឌ្ឍន៍បន្ថែម ក្នុងគោលបំណង ឆ្លើយតបចំពោះតម្រូវការជាក់ស្តែង របស់សហគមន៍នីមួយៗ កំពុងប្រទះនាបច្ចុប្បន្ន ។

របាយការណ៍នេះ ត្រូវបានលើកឡើង ក្នុងកិច្ចប្រជុំលើកទី៥ របស់ ក្រុមការងារអន្តរក្រសួងគ្រប់គ្រង និងអភិវឌ្ឍសហគមទេសចរណ៍ និងអេកូទេសចរណ៍ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងទេសចរណ៍ ដែលប្រព្រឹត្តទៅក្រោមវត្តមាន លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ប្រធានក្រុមករងារ អន្តរក្រសួងដោយមានការចូលរួមលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាអនុប្រធានអចិន្ត្រៃយ៍ ក្រុមកាងារអន្តរក្រសួង រដ្ឋមន្រ្តីប្រតិភូអម នាយករដ្ឋមន្ត្រី តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត។

កិច្ច្នប្រជុំនេះបានលើកឡើង ពីគោលដៅសហគមទេសចរណ៍អាទិភាពចំនួន ៤កន្លែង គឺសហគមន៍ទេសចរណ៍ធម្មជាតិរលាក់កងជើង (ភ្នំខ្នងផ្សារ) ស្ថិតនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ , សហគមនេសាទផាត់សណ្ដាយ ស្ថិតនៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ, សហគមអេកូទេសចរណ៍ទឹកជប់ខ្នារពោធិ៍ ស្ថិតនៅស្រុកសូទ្រនិគម ខេត្តសៀមរាប និងសហគមទេសចរណ៍ទួលព័ន្ធតាឡី (បឹងស្នេហ៍) ស្ថិតនៅស្រុកស្វាយអន្ធរ ខេត្តព្រៃវែង។

សហគមទាំង៤នេះ ជាទើបតែបង្កើតថ្មី ហើយបានបញ្ចូលសកម្មភាព និងសេវាកម្មទេសចរណ៍ថ្មីថ្មោង គឺទាមទារឱ្យមានការជួយ ជ្រោមជ្រែងអភិវឌ្ឍដល់សហគមន៍បន្ថែមពីក្រុមការងារអន្តរក្រសួង ។

បញ្ហាដែលកំពុង ប្រឈមក្នុងសហគមន៍ទាំង៤នោះ រួមមាន៖ ខ្វះប្រព័ន្ធហេដ្ឋារចនាសម្ពន្ធតភ្ជាប់ របស់សហគមន៍ ដូចជា៖ បញ្ហាបរិស្ថាន អនាម័យ និងសំរាម កង្វះទឹកស្អាត និងអគ្គិសនីប្រើប្រាស់ ប្រព័ន្ធសេវាទូរស័ព្ទ និងអ៉ីនធើណេតដំណើរមិនទាន់ល្អប្រសើរ មិនទាន់មានការបណ្ដុះបណ្ដាលមគ្គុទ្ទេសក៍ទេសចរណ៍ ការផ្សព្វផ្សាយ និងចំណុចខ្វះចន្លោះមួយចុះនួនទៀត។

ពាក់ព័ន្ធនឹងបញ្ហាខ្វះខាតនេះ ក្រសួងទេសចរណ៍បានស្នើដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រៀម ចូលរួមជួយ ជ្រោមជ្រែងការអភិវឌ្ឍន៍រួមជាកញ្ចប់ៗទៅដល់សហគមន៍ ដើម្បីឱ្យគោលដៅទេសចរណ៍សហគមន៍ទាំងនោះ មានការរីកចម្រើនប្រកបដោយចីរភាព នវានុវត្តន៍ និងការទទួលខុសត្រូវ។

លោក ថោង ខុន បានបញ្ជាក់ថា ការបញ្ចូលសកម្មភាពទេសចរណ៍ និងអេកូទេសចរណ៍នៅក្នុងសហគមន៍ដែលមានសក្តានុពល បានផ្តល់ប្រយោជន៍ជាច្រើន ដូចជាការបង្កើតការងារ ប្រាក់ចំណូល និងការអភិវឌ្ឍនៅតាមមូលដ្ឋានផ្ទាល់ មិនថាសហគមន៍នោះស្ថិតក្រោមក្រសួងណាឡើយ។ តួយ៉ាងដូចក្នុងករណីរបស់សហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើងរបស់ក្រសួងបរិស្ថាន សហគមន៍នេសាទផាត់សណ្ដាយរបស់រដ្ឋបាលជលផល សហគមន៍អេកូទេសចរណ៍ទឹកជប់ខ្នារពោធិ៍របស់រដ្ឋបាលព្រៃឈើ និងសហគមន៍ទេសចរណ៍ទួលព័ន្ធតាឡី (បឹងស្នេហ៍) ដែលមានការចូលរួមរបស់ក្រសួងពាក់ព័ន្ធជាច្រើន ។

ក្នុងឱកាសនោះលោករដ្ឋមន្ត្រីក៏បានផ្ដល់អនុសាសន៍មួយចំនួនជូនដល់អង្គប្រជុំ ក៏ដូចជាក្រុមការងារអន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធមួយចំនួនផងដែរ ក្នុងនោះរួមមាន៖

* លេខាធិការដ្ឋានត្រូវសម្របសម្រួលជាមួយតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាជូនសហគមន៍ខាងលើ។

* ឯកភាពក្នុងការរៀបចំវេទិកាជាតិអេកូទេសចរណ៍លើកទី២ ប៉ុន្តែស្នើសុំរៀបចំតាមស្មារតីអង្គប្រជុំ និងស្ថានភាពជាក់ស្ដែង ស្របតាមវិធានសុវត្ថិភាពទេសចរណ៍ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩។

* លេខាធិការដ្ឋានត្រូវធ្វើរបាយការណ៍អំពីលទ្ធផលនៃកិច្ចប្រជុំនេះ គោរពជូន រាជរដ្ឋាភិបាលដើម្បីជ្រាបនិងផ្តល់អនុសាសន៍ណែនាំ

* ក្រុមការងារត្រូវខិតខំរៀបចំកិច្ចប្រជុំក្រុមការងារលើកទី៦ យ៉ាងយូរ៦ខែទៀត ដើម្បីជំរុញការដោះស្រាយបញ្ហានានារបស់សហគមន៍ ដូចដែលយើងបានដាក់ចេញនាកិច្ចប្រជុំលើកទី៥ នេះ៕

Loading...