គណៈកម្មាធិការជាតិវាយតំលៃទីក្រុងស្អាត បូកសរុបលទ្ធផលចុងក្រោយសម្រាប់ក្រុង ខណ្ឌបេក្ខភាព ២០១៨-២០២១

Sarim:
ភ្នំពេញ៖ ស្តង់ដាទីក្រុងស្អាត ត្រូវបានគណៈកម្មាធិការជាតិ វាយតម្លៃទីក្រុងស្អាត បានដាក់ចេញនូវ សូចនាករ មួយចំនួន ដើម្បីឲ្យក្រុង/ខណ្ឌបេក្ខភាពទាំងអស់ចូលរួម ចលនាប្រឡងប្រណាំងទីក្រុងស្អាត សម្រាប់ ហើយទទួលបានការវាយតម្លៃពីគណៈកម្មាធិការជាតិ សម្រាប់សុពលភាពឆ្នាំ២០១៨ដល់២០២១ រួមមាន ០៧ សូចនាករគោល ចែកជា ៣៣សូចនាករលំអិត និងត្រូវបានកំណត់ធ្វើការវាយតម្លៃដោយផ្អែកលើ ៧៧លក្ខណវិនិច្ឆ័យ ហើយជ័យលាភី ក្រុង/ខណ្ឌ មាន៣កម្រិត។ នេះបើតាមការបញ្ជាក់ របស់ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៏ និងជាប្រធានវាយតំលៃទីក្រុងស្អាត កាលពីរសៀលថ្ងៃពុធ ១៤រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨។

លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៏ និងជាប្រធានវាយតំលៃទីក្រុងស្អាតមានប្រសាសន៍ បញ្ជាក់ថា ស្តង់ដាទីក្រុងស្អាតរួមមាន ០៧ សូចនាករគោល ចែកជា ៣៣សូចនាករលំអិត និងត្រូវបានកំណត់ធ្វើការវាយតម្លៃដោយផ្អែកលើ ៧៧លក្ខណវិនិច្ឆ័យ។ ក្រុង/ខណ្ឌជ័យលាភីមានបីកម្រិត គឺ – ផ្ការំដួល៣ទង សំរាប់ក្រុងទទួលបានពិន្ទុចាប់ពី ៥៨ ដល់៧៧ – ផ្ការំដួល២ទង សំរាប់ក្រុងទទួលបានពិន្ទុចាប់ពី ៤៦ ដល់៥៧- និង ផ្ការំដួល ១ទង សំរាប់ក្រុងទទួលបានពិន្ទុចាប់ពី ៣១ ដល់៤៥ ។

លោក បានបន្តថា សម្រាប់ចលនាប្រឡងប្រណាំងទីក្រុងស្អាត លើកទី២ (សុពលភាព ឆ្នាំ២០១៨-២០២១) គ្រោងនឹងប្រកាសជ័យលាភីនៅក្នុងឱកាសសន្និបាទការងារទេសចរណ៍ឆ្នាំ២០១៧និងទិសដៅអនុវត្តបន្តឆ្នាំ២០១៨ អមជាមួយពិធីអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី៦ ក្រោមប្រធានបទ “ទីក្រុងស្អាត ដើម្បីទាំងអស់គ្នា” និងពិធីចែកជ័យលាភីទីក្រុងស្អាតលើកទី២ នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។

គួររំលឹកថា សម្រាប់ជ័យលាភីចលនាប្រឡងប្រណាំងទីក្រុងស្អាតលើកទី១ (សុពលភាព ឆ្នាំ២០១៥-២០១៨) ដែលបានចែកជូនកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៥ ( មានទីក្រុងចំនួន២៦ និងខណ្ឌចំនួន៩ជាបេក្ខភាព) ក្នុងនោះ ជ័យលាភីផ្ការំដួល៣ទង មាន០៤ក្រុង និង០១ខណ្ឌ(ក្រុងបាត់ដំបង ក្រុងកែប ក្រុងកំពត ក្រុងសៀមរាប និងខណ្ឌដូនពេញ), ផ្ការំដួល២ទង មាន១០ក្រុង និង០២ខណ្ឌ, ផ្ការំដួល១ទង មាន១១ក្រុង និង០៦ខណ្ឌ និងមាន១ក្រុងមិនបានទទួលចំណាត់ថ្នាក់ ៕

 

 

Loading...