គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ និងរដ្ឋបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំ ដើម្បីផ្ទៀងផ្ទាត់ និងធ្វើបច្ចុប្បន្នភាពចំនួនកោះក្នុងដែនខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ នៅថ្ងៃសុក្រ ៩កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ នៅខេត្តព្រះសីហនុ មានរៀបចំកិច្ចប្រជុំ ក្រោមអធិបតីភាព លោក យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ, លោកឧត្តមសេនីយ៍ឯក សួន សំណាង សមាជិកប្រចាំការ និងជាប្រធានក្រុមការងារបច្ចេកទេសគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ, ព្រមទាំងមានការអញ្ជើញចូលរួមពីមន្រ្តីកងទ័ពជើងទឹក, គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ, រួមជាមួយភាគីពាក់ព័ន្ធនានាផងដែរ។

លោក យន្ត មីន បានថ្លែងអោយដឹងថា បច្ចុប្បន្ននៅខេត្តព្រះសីហនុ មានកោះចំនួន៣២។ ជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ឯក សួន សំណាង បានអោយដឹងថា មានកោះមួយទៀត ដែលយើងពុំទាន់ច្បាស់លាស់ថា ស្ថិតក្នុងខេត្តកំពត រឺខេត្តព្រះសីហនុ អោយបានច្បាស់នៅឡើយនោះទេ។ លោកបន្តថា ចំពោះកិច្ចការនេះ យើងធ្វើការរងចាំ ដើម្បីថ្នាក់ជាតិធ្វើការសម្រេច ហើយយើង នឹងធ្វើការចុះសិក្សាស្រាវជ្រាវអោយបានច្បាស់លាស់ ទាក់ទងនឹងតំបន់កោះក្នុងខេត្តព្រះសីហនុ ដើម្បីបានទិន្នន័យច្បាស់លាស់។

គួរបញ្ជាក់ផងដែរថា គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ នឹងធ្វើការចុះស្រាវជ្រាវ ចងក្រងទន្និន័យពាក់ព័ន្ធ នឹងចំនួនកោះ ព្រមទាំងប្រជុំកោះ នៅភូមិសាស្រ្ត ខេត្តព្រះសីហនុ និងខេត្តកោះកុងផងដែរ។ ការងារនេះចាប់ផ្តើមពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ៕

 

 

Loading...