គណៈកម្មាធិការជាតិ ដើម្បីទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបការកាប់រាន ដុត ឈូសឆាយ និងហ៊ុំព័ទ្ធដីព្រៃឈើ វាទយកដីធ្វើជាកម្មសិទ្ធិ បានចុះពន្លឿនលើយន្តការត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងការប្រមូលទិន្នន័យដីអាស្រ័យផលជាក់ស្តែង របស់ប្រជាពលរដ្ឋ នៅក្នុងខេត្តព្រះវិហារ !

ខេត្តព្រះវិហារ៖ ប្រធានការិយាល័យពង្រឹងការអនុវត្តច្បាប់ និងអភិបាលកិច្ច នៃរដ្ឋបាលព្រៃឈើ លោក អ៊ិត ភូម្រា ដែលជាតំណាងឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញវត្តមាន នៅក្នុងវេទិកាផ្សព្វផ្សាយមួយ ស្តីពីការត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងការប្រមូលទិន្នន័យ ដែលប្រជាពលរដ្ឋបានមកដាក់ពាក្យស្នើសុំ កាន់កាប់ដីអាស្រ័យផល ជាក់ស្តែង យូរឆ្នាំ ដើម្បីសិក្សា និងចងក្រងទីតាំងដីនៅតាមបណ្តាក្រុង-ស្រុកទាំង៨ ក្នុងដែនសមត្ថកិច្ចគ្រប់គ្រងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។
វេទិកានោះ រៀបចំឡើងដោយក្រុមការងារតំណាងឲ្យគណៈម្មាធិការជាតិ ទទួលបន្ទុកខេត្តព្រះវិហារ ដោយមានការចូលរួមពី អភិបាលស្រុកឆែប លោក សុខសាន ដារា ,ប្រធានក្រុមប្រឹក្សាស្រុកឆែប លោក ឆេង ហោន ,នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ លោក នួន សុខុម ,មន្ត្រីការិយាល័យជំនាញពាក់ព័ន្ធជុំវិញស្រុក ,មេឃុំ ,ស្មៀនឃុំ ,មេភូមិ និងកងកម្លាំងទាំង៣ នៃរដ្ឋបាលស្រុកឆែប ខេត្តព្រះវិហារ នាថ្ងៃទី១៩វិច្ឆិកាឆ្នាំ២០២០។

លោក អ៊ិត ភូម្រា បានថ្លែងថា កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីមួយ ត្រូវបានរៀបចំឡើង នៅវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ ,ការគ្រប់គ្រងល្បែងពាណិជ្ជកម្ម និងបញ្ហាផ្សេងៗ កាលពីថ្ងៃទី៣កក្កដាឆ្នាំ២០២០។

លោក អ៊ិត ភូម្រា បានបន្តថា កិច្ចប្រជុំនោះ ដើម្បីពង្រឹងក្របខ័ណ្ឌច្បាប់ រចនាសម្ព័ន្ធស្ថាប័ន និងលើកកម្ពស់សមត្ថភាពស្ថាប័ន ក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ជាអាថ៌ ការកំណត់អំពីប្រភពប្រភេទទ្រព្យសម្បត្តិរដ្ឋ របបគតិយុត្តិគ្រប់គ្រង និងចាត់ចែងទ្រព្យសម្បត្តិរដ្ឋ ច្បាស់លាស់ ជាក់លាក់ ការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ការផ្ទេរសិទ្ធិកាន់កាប់ ការអភិរក្ស ការអភិវឌ្ឍ ការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ ការធ្វើអធិការកិច្ចនិងសវនកម្ម និងការកំណត់អំពីការលើកទឹកចិត្ត និងការដាក់ទណ្ឌកម្មចំពោះអំពើល្មើសច្បាប់ នានាជាដើម។ លោកបានបន្តថា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចឲ្យរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ,ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវកាត់ឆ្វៀលដី និងផ្តល់កម្មសិទ្ធិដី ជូនប្រជាពលរដ្ឋ ដែលបានកាន់កាប់ និងអាស្រ័យផលជាក់ស្តែង យូរឆ្នាំមកហើយ នៅលើទីតាំងដីដែលស្ថិតនៅក្នុងផែនទីតំបន់ការពារធម្មជាតិ និងគម្របព្រៃឈើ នៅតាមបណ្តាខេត្តនានា ដូចជា ខេត្តកោះកុង ព្រះវិហារ ឧត្តរមានជ័យ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី ជាដើម និងត្រូវបន្ថែមការត្រៀមបម្រុងដី១០ភាគរយ សម្រាប់ការប្រើប្រាស់រួម របស់សហគមន៍។ លោកថា សម្តេចនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់ ចំពោះកិច្ចដំណើរការនេះ ត្រូវចុះអនុវត្តដោយផ្ទាល់ ជាក់ស្តែង និងឲ្យបានច្បាស់លាស់។ ទន្ទឹមនេះ ក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវទប់ស្កាត់ដាច់ខាត កុំឲ្យមានការរុករានទន្ទ្រានដីដោយខុសច្បាប់ ដើម្បីបង្ការកុំឲ្យក្លាយជាសង្គ្រាមដីធ្លី។ ចំពោះអង្គភាពប្រឆាំងអំពើពុករលួយ ត្រូវបន្តធ្វើការងារនេះ ព្រោះជាដំណាក់កាលដែលត្រូវធ្វើការវៈកាត់ រាល់ជនខិលខូចទាំងឡាយណា ដែលឃុបឃិតគ្នាយកដីរដ្ឋ និងដីប្រជាពលរដ្ឋ ហើយប្រើកលល្បិចផ្សេងៗ គឺត្រូវផ្តន្ទាទោស និងឈានដល់ការដកមុខតំណែង និងត្រូវបណ្តេញចេញពីគណបក្សប្រជាជនកម្ពុជា តែម្តង។ ចំពោះបណ្ណកម្មសិទ្ធិដីធ្លីទាំងឡាយណា ដែលចេញពីអំពើទុច្ចរិត គឺត្រូវធ្វើមោគភាពចោល។
លោក អ៊ិត ភូម្រា បានបន្តទៀតថា ក្រោយទទួលបានសេចក្តីសម្រេចនេះ ក្រុមការងារត្រូវចុះជួបអាជ្ញាធរថ្នាក់ក្រោមជាតិ មន្ត្រីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីជម្រុញការអនុវត្តអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់ប្រមុខរាជរដ្ឋាភិបាល នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី៣កក្កដាឆ្នាំ២០២០ ដើម្បីកាត់ឆ្វៀលដី និងផ្តល់កម្មសិទ្ធិដីជូនប្រជាពលរដ្ឋ។ លោកបានបញ្ជាក់ថា នៅក្នុងការចុះត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងការប្រមូលទិន្នន័យដីអាស្រ័យផលជាក់ស្តែង របស់ប្រជាពលរដ្ឋនៅក្នុងពេលនេះ នៅមានចំណុចខ្វះចន្លោះរបស់អាជ្ញាធរភូមិ ឃុំ ក្នុងការបំពេញនៅលើពាក្យស្នើសុំសាលាកបត្រ ដូចជា មិនបានបិទរូបថត ការចុះថ្ងៃ ខែ ឆ្នាំ ស្នាមមេដៃ និងឯកសារភ្ជាប់ជាមួយ ។ល។ ចំពោះជនបរទេសដែលបានចូលមករស់នៅលើទឹកដី ព្រះរាជាណាចក្រកម្ពុជា និងបានយកធ្វើជាប្តី ឬប្រពន្ធ ហើយមកស្នើសុំចុះឈ្មោះ សុំសិទ្ធិកាន់កាប់ដីអាស្រ័យផល និងបំពេញទៅលើសាលាកបត្រ ដែលមិនមានអត្តសញ្ញាណបណ្ណ័ជាសញ្ជាតិខ្មែរនោះ គឺមិនអាចដាក់ពាក្យស្នើសុំបានឡើយ។

អភិបាលស្រុកឆែប លោក សុខសាន ដារា និងប្រធានក្រុមប្រឹក្សាស្រុកឆែប លោក ឆេង ហោន បានទទួលស្គាល់ និងសន្យាថា នឹងបន្តចូលរួម គាំទ្រលើការចុះអនុវត្តការត្រួតពិនិត្យ ផ្ទៀងផ្ទាត់ ការស្រង់ទិន្នន័យដីធ្លី និងការកាត់ឆ្វៀលដីអាស្រ័យផលជាក់ស្តែង យូរឆ្នាំ របស់គណៈកម្មាធិការជាតិ ដើម្បីទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបការកាប់រាន ដុត ឈូសឆាយ និងហ៊ុំព័ទ្ធដីព្រៃឈើ វាទយកដីធ្វើជាកម្មសិទ្ធិ នៅក្នុងភូមិសាស្ត្រស្រុកឆែប ខេត្តព្រះវិហារ ដើម្បីជម្រុញឲ្យដំណើរកានេះ បានប្រកបដោយភាពជោគជ័យ៕

 

Loading...