គណៈកម្មាធិការអចិន្រ្តៃយ៍ឯកភាពទទួលយកសេចក្តីព្រាងច្បាប់ថ្មីចំនួន៤ របស់រាជរដ្ឋាភិបាល ដើម្បីពិនិត្យនិងសិក្សា

(ភ្នំពេញ)៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅវិមានរដ្ឋសភា។

កិច្ចប្រជុំបានអនុម័តបញ្ចូលក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦ ដែលនឹងប្រព្រឹត្តិទៅ ក្នុងពេលឆាប់ៗនេះ នូវសេចក្តីព្រាងច្បាប់ចំនួន ៤ (បួន) ដែលគណៈកម្មករជំនាញរដ្ឋសភាបានពិនិត្យសិក្សារួចរាល់ និងបានទទួលយកសេចក្តីព្រាងច្បាប់ថ្មីចំនួន៤ទៀត ដែលជាសំណើរបស់រាជរដ្ឋាភិបាល ដើម្បីប្រគល់ជូនគណៈកម្មការជំនាញនានារបស់រដ្ឋសភា ពិនិត្យនិងសិក្សា។

សេចក្តីព្រាងច្បាប់ចំនួន៤ ដែលគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានទទួលយកមកពិនិត្យ តាមសំណើរបស់រាជរដ្ឋាភិបាល និងបានសម្រេចប្រគល់ដល់គណៈកម្មការជំនាញរបស់រដ្ឋសភា ដើម្បីពិនិត្យ និងសិក្សា រួចហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា វិញនោះមាន៖

១-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារខណ្ឌសីមានិងបោះបង្គោលព្រំដែនគោក រវាងព្រះរាជណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។

២-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីការហាមឃាត់អាវុធនុយក្លេអ៊ែរ។

៣-សេចសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ៖

– ពិធីសារទី៣ស្តីពី សិទ្ធិសហការលើជើងហោះហើរក្នុងស្រុក ក្នុងរង្វង់ទឹកដីនៃប្រទេសជាសមាជិក អាស៊ានណាមួយ។

– ពិធីសារទី៤ស្តីពី សិទ្ធិហោះហើរកូធ័រមីណល រវាងអាកាសយានដ្ឋាននៅក្នុងទឹកដីនៃ ប្រទេសជាសមាជិកអាស៊ាន។

៤-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារអនុវត្តកញ្ចប់កិច្ចសន្យាទី៩ និងទី១០ នៃសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពីសេវាកម្ម ៕

 

 

 

Loading...