គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ត្រៀមពង្រាយកម្លាំង ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ សម្រាប់ថ្ងៃបិទយុទ្ធនាឃោសនាបោះឆ្នោត

ភ្នំ​ពេញ​៖ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ត្រៀមដាក់ពង្រាយកម្លាំង កងកម្លាំងនគរបាលជាង៦ពាន់៥០០នាក់ ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ សាធារណៈជូនគណបក្សនយោបាយទាំង២០ សម្រាប់ថ្ងៃបិទយុទ្ធនាឃោសនាបោះឆ្នោត ថ្ងៃបោះឆ្នោត និងក្រោយថ្ងៃបោះឆ្នោត នីតិកាលទី៦ នៃរដ្ឋសភា។

នេះបើតាមការលើកឡើង របស់ឯកឧត្តម ឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ថ្លែងក្នុងពិធីសំណេះសំណាល និងត្រួតពិនិត្យ កម្លាំងទាំង៣ប្រភេទ នៅខាងមុខវិមានពហុកីឡដ្ឋានជាតិ នាព្រឹកថ្ងៃទី២៥ ខែកក្ដដា ឆ្នាំ២០១៨នេះ។

ឯកឧត្តម ឃួង ស្រេង បានថ្លែងថា នៅថ្ងៃទី២៩ ខែកក្ដដា គឺជាតំណាក់ដ៏មានសារៈសំខាន់បំផុតនិងជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តថ្មីមួយទៀត ដែលរាជធានីភ្នំពេញ ត្រូវធានាឲ្យបានកិច្ចការ ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈទាំងស្រុង សម្រាប់ដំណើរការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឲ្យទទួលបានជោគជ័យតាមការគ្រោងទុក ។

ឯ ឧ. អភិបាលរាជធានី មានប្រសាសន៍ថា កងកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញទាំងអស់ ពួកគេបានប្តេជ្ញាចិត្តខ្ពស់ រួមគ្នាសម្រេចឲ្យខាងតែបានការងារ ការពារជាអាទិភាព ដូចជាទប់ស្កាត់ រាល់អំពើភេរវកម្ម និងការបង្កចលាចលនយោបាយផ្សេងៗ មិនឲ្យកើតមានក្នុងរាជធានីភ្នំពេញ ព្រមទាំងកាត់បន្ថយបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ ឲ្យថយចុះក្នុងកម្រិតទាបបំផុត ដើម្បីធានាស្ថិរភាពនយោបាយសន្តិសុខ និងសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ចាប់ពីពេលនេះរហូតដល់ដំណើរបោះឆ្នោតចប់ជាស្ថាពរ ។

បើតាមរបាយការណ៍ របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ជូន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងនគរបាលរាជធានីភ្នំពេញ បានបង្ហាញដឹងថា “កងកម្លាំងនគរបាលប្រមាណ៦.៥០៤នាក់ គឺមកពីអធិការដ្ឋាននគរបាលនៃខណ្ឌទាំង១២ និងកងកម្លាំងមកពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ ឯ ឧ ជូន សុវណ្ណ បានបន្ថែមថា ស្នងការដ្ឋាននគរបាលគឺបានរៀបចំការពារសន្តិសុខជា៣តំណាក់កាល ទី១ ការពារសកម្មភាព យុទ្ធនាការឃោសនាបោះឆ្នោត របស់គណៈបក្សនយោបាយទាំង១៩ដែលបានឈរឈ្មោះបោះឆ្នោត នៅរាជធានីភ្នំពេញ។ ទី២ ប្រមូលផ្តុំកម្លាំងទាំងអស់ ការពារគ្រប់ទីស្នាក់ការបោះឆ្នោត ការិយាល័យបោះឆ្នោត ការរាប់សន្លឹកឆ្នោត ការដឹកជញ្ជូនសម្ភារឯកសារបោះឆ្នោត និងកំណត់ហេតុបូកសរុបលទ្ធផល នៃការបោះឆ្នោត នៅតាមការិយាល័យបោះឆ្នោតនីមួយៗ។ និងទី៣ ប្រមូលផ្តុំកម្លាំងត្រៀមអន្តរាគមន៍ សម្រាប់ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ នៅពេល មុន-ក្នុង និងក្រោយ ការប្រកាសលទ្ធផល នៃការបោះឆ្នោត ចប់ជាស្ថាពរ។

ឯកឧត្តម នាយឧត្តមសេនីយ៍ បញ្ជាក់ថា កម្លាំងការពារយុទ្ធនាការឃោសនាបោះឆ្នោតមាន ១.២៥៥នាក់។ កម្លាំងការពារការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត មាន ៤.៥០៥នាក់ ។ កម្លាំងត្រៀមអន្តរាគមន៍ចល័តការពារភូមិសាស្ត្រខាងក្រៅមានចំនួន៤៨០នាក់ និងកម្លាំងវិទ្យុទាក់ទង ២៦៤នាក់ ៕

 

 

 

 

Loading...