គណៈប្រតិភូខេត្តស្ទឹងត្រែង ចុះសួរសុខទុក្ខ និងនាំយកអំណោយរាជរដ្ឋាភិបាល ទៅឧបត្ថម្ភកងទ័ព និងកងនគរបាលជាតិ ប្រចាំព្រំដែនកម្ពុជា-ឡាវ នៅមុនបុណ្យចូលឆ្នាំខ្មែរចូលមកដល់

ខេត្តស្ទឹងត្រែង៖ បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នឹងឈានចូលមកដល់ នៅមិនដល់១០ថ្ងៃទៀតនោះទេ ហើយនៅក្នុងរយះពេល នៃពិធីបុណ្យជាតិនេះ មន្ត្រីរាជការគ្រប់ស្ថាប័ន ត្រូវបានរាជរដ្ឋាភិបាល អនុញ្ញាតឲ្យឈប់សំរាក ប៉ុន្តែ កងកម្លាំងប្រដាប់អាវុធ នៅតែបន្តបេសកកម្មរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដី និងរក្សាសន្តិសុខជូនប្រជាពលរដ្ឋ។

នៅថ្ងៃឈប់សំរាកចុងសប្តាហ៍កន្លងទៅនេះ គណៈប្រតិភូខេត្តស្ទឹងត្រែង ដែលដឹកនាំដោយអ្នកតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែង លោកឡូយ សុផាត និងអភិបាលខេត្តស្ទឹងត្រែង លោកម៉ុម សារឿន បានធ្វើដំណើរឆ្ពោះទៅកាន់តំបន់ព្រំដែនកម្ពុជា-ឡាវ ដើម្បីសួរសុខទុក្ខ នាំយកថវិកា និងគ្រឿងឧបភោគបរិភោគរបស់ រាជរដ្ឋាភិបាល ទៅឧបត្ថម្ភដល់កងកម្លាំងប្រដាប់អាវុធ ដែលកំពុងឈរនៅខ្សែត្រៀមជួរមុខ ដើម្បីការពារបូរណភាពទឹកដីនិងអធិបតេយ្យជាតិ។

នៅក្នុងដំណើរឆ្ពោះទៅកាន់តំបន់ព្រំដែនរយះពេល១ថ្ងៃនោះ គណៈប្រតិភូ បានចូលជួបសួរសុខទុក្ខកងទ័ព នៃវរៈសេនាតូចលេខ២ ចំណុះអង្គភាពតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង ដែលមានមូលដ្ឋាននៅប្របនឹងដងទន្លេកុង ស្ថិតនៅក្នុងឃុំថ្មកែវ ស្រុកសៀមប៉ាង។ បន្ទាប់មក គណៈប្រតិភូខេត្ត បានចុះពិនិត្យពីវឌ្ឍនភាព នៃការសាងសង់មូលដ្ឋានជូនកងទ័ពថ្មី និងពិនិត្យពីការស្ថាបនាសមិទ្ធិផលនានា នៅតាមបណ្តោយខ្សែបន្ទាត់បន្ទាត់ព្រំដែន កម្ពុជា-ឡាវ របស់កងកម្លាំងវិស្វកម្មអគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ហើយក៏បានបន្តដំណើរ ចូលជួបកម្លាំងនគរបាល នៃវរៈការពារព្រំដែនគោកលេខ៧០១ នោះថែមទៀត។

នៅក្នុងដំណើរចុះសួរសុខទុក្ខកងកម្លាំងព្រំដែន របស់គណៈប្រតិភូខេត្តស្ទឹងត្រែង នៅមុនបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរឈានចូលមកដល់នោះ កងកម្លាំងប្រដាប់អាវុធការពារព្រំដែន ប្រមាណជិត៧០០នាក់ បានទទួលស្វាគមន៍ដំណើររបស់ គណៈប្រតិភូខេត្តយ៉ាងរាក់ទាក់បំផុត។ កងកម្លាំងប្រាដាប់អាវុធការពារ និងស្ថាបនាផ្លូវ និងស្ពាន ខ្សែក្រវ៉ាត់ព្រំដែន ដែលមានចំនួនជិត៧០០នាក់ ទាំង៣អង្គភាពជួរមុខនោះ ក្នុងអង្គភាពនិមួយៗ ទទួលបានមី ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអ៊ីវ ប្រហុក ទឹកបរិសុទ្ធ និងស្រាបៀរនោះទៀតផង។ ក្រៅពីទទួលបានគ្រឿងឧបភោគបរិភោគទាំងនោះរួចមក គណៈប្រតិភូបានឧបត្ថម្ភ ថវិកាជូនអង្គភាពវរៈសេនាតូចលេខ២ ចំណុះតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង មានទឹកប្រាក់៧លានរៀល និងនាយទាហាន និងពលទាហាន២៥៧នាក់ ក្នុងម្នាក់ៗទទួលបាន៥ម៉ឺនរៀល កម្លាំងកងវិស្វកម្មអគ្គបញ្ជាការ ជូនអង្គភាព៣លានរៀល និងកងកម្លាំង២៨៥នាក់ ម្នាក់ៗទទួលបាន២ម៉ឺនរៀល អង្គភាពនគរបាលវរៈការពារព្រំដែនគោក លេខ៧០១ ចំនួន១៣១នាក់ ម្នាក់ៗទទួលបានថវិកា៥ម៉ឺរៀលនោះថែមទៀត។

នាយសេនាធិការ និងជាមេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង លោកវរៈសេនីយ៍ឯក ខាំ ធឹប បានឡើងរាយការណ៍ជូនគណៈអធិបតី អំពីសភាពការណ៍រួម និងលក្ខណៈភូមិសាស្ត្រទូទៅ ដែលមាន និងបានកើតឡើងនាពេលកន្លងមក នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ។ លោកថា ខេត្តស្ទឹងត្រែង មានព្រំប្រទល់ជាប់ជាមួយ ខេត្តពីររបស់ឡាវ គឺខេត្តចំប៉ាសាក់ និងខេត្តអត្តពឺ មានប្រវែង២៥៧គីឡូម៉ែត្រ គិតចាប់ពីបង្គោលព្រំដែន លេខ០២៩ រហូតដល់បង្គោលលេខ០៩៩។ ហើយខាងកម្ពុជា មានស្រុកជាប់ព្រំដែនចំនួន៣ និងឃុំចំនួន៧ ចំណែក ខាងឡាវនោះវិញ មានស្រុក៤ និងភូមិ១០ជាប់ជាមួយកម្ពុជា។

លោកថា ក្រោយព្រឹត្តិការថ្ងៃ១២សីហា២០១៧នោះមក អង្គភាពតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង ដែលមានលោកឧត្តមសេនីយ៍ទោ ស្វាយ ញ៉ន ជាមេបញ្ជាការ បានធ្វើការកែសម្រួលរូបភាពឈរជើង ពីចំណុចប្រឈមមុខដាក់គ្នា រវាងកងទ័ពកម្ពុជា និងឡាវ មកឈរជើងចាប់ពីចំណុចខ្សែស្រប«០០»ដល់កោះឬស្សី ហើយកសាងជម្រកស្នាក់នៅបាន៥ខ្នង ឃ្លាំងស្បៀង១ ឃ្លាំងអាវុធ១ កសាងលេណដ្ឋានចល័តបាន២៥០ម៉ែត្រ លេណដ្ឋានគម្របចំនួន២០ លេណដ្ឋានបុគ្គលបាន១២០ កសាងស្ពានឆ្លងអូរបានចំនួន៧កន្លែង និងធ្វើផ្លូវចល័តយោធាបានប្រវែង១ម៉ឺន ២៥០ម៉ែត្រ។ នៅដើមឆ្នាំ២០១៨នេះ អង្គភាពមានផែនការកសាងជម្រកស្នាក់នៅ សំរាប់ទ័ពថ្មីចំនួន៦គោលដៅ ស្មើនឹង៨២ខ្នងផ្ទះ និងសំរេចលើការសាងសង់បាន៥៥ខ្នងហើយ ក្នុងនោះផ្ទះកងអនុសេនាធំ៤ខ្នង កងអនុសេនាតូច៤៦ខ្នង និងបន្តសាងសង់២៧ខ្នងទៀត អង្គភាពសឹករងខេត្ត ស្នើថ្នាក់ដឹកនាំខេត្ត ជួយជាថវិកា និងជាសម្ភារៈសំរាប់សាងសង់ទីជម្រកជូនកងទ័ព ព្រមទាំងសុំបង្កើតសម្ព័ន្ធមេត្រីភាព រវាងរដ្ឋបាលខេត្ត និងអង្គភាពតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែងនោះផងដែរ។​

អ្នកដំណាងរាស្ត្រមណ្ឌលស្ទឹងត្រែង លោក ឡូយ សុផាត បានថ្លែងកោតសរសើរដល់កងទ័ព និងកងនគរបាលជាតិ ដែលបានធ្វើពលីកម្មដ៏ធំធេង បានតស៊ូគ្រប់ការលំបាក មកឈរជើងនៅទីនេះ «ព្រំដែន» អស់រយះជាច្រើនឆ្នាំកន្លងមក ហើយបានសំរេចភារកិច្ចយ៉ាងសំខាន់ ក្នុងបុព្វហេតុការពារមាតុភូមិ ព្រមទាំងបានខិតខំកសាងអង្គភាព ធ្វើឲ្យមានការវិវឌ្ឍរីកចំរើនជាលំដាប់។ លោកថា កម្ពុជាបច្ចុប្បន្ន កំពុងស្ថិតក្រោមរបត់នយោបាយមួយ ដែលមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ដូច្នេះ កងទ័ពត្រូវតែមានភារកិច្ចការពាររដ្ឋាភិបាល ដើម្បីធានាឲ្យប្រទេសមួយមានសុខសន្តិភាពពេញលេញ ព្រោះថា កន្លងមកប្រទេសយើងមានសង្គ្រាម យើងបានប្រយុទ្ធឆ្លងកាត់សង្គ្រាមដ៏លំបាក ហើយនៅពេលនេះសង្គ្រាមក៏ត្រូវបានបញ្ចប់នោះដែរ។
លោក ឡូយ សុផាត បានបញ្ជាក់ថា នៅតំណាក់កាលចុងក្រោយនេះ ខ្សែក្រវ៉ាត់ព្រំដែននៅប៉ែកខាងលិចដែលធ្លាប់មានជម្លោះ ឥឡូវបានប្រែក្លាយជាតំបន់អភិវឌ្ឍ មានផ្លូវ មានស្ពានតភ្ជាប់ខ្សែក្រវ៉ាត់ព្រំដែន បានកសាងរួចរាល់ហើយ និងនៅប៉ែកឥសានប្រទេសនេះ រាជរដ្ឋាភិបាល ក៏បាន និងកំពុងបន្តកសាង តភ្ជាប់ផ្លូវខ្សែក្រវ៉ាត់ព្រំដែនជុំវិញប្រទេស ធ្វើឲ្យព្រំដែនដែលធ្លាប់តែបង្ហូរឈាម ប្រែក្លាយទៅជាព្រំដែនមិត្តភាព សន្តិភាព និងការអភិវឌ្ឍ។ លោកបានផ្តាំផ្ញើ ដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវរក្សាកម្លាំងសាមគ្គីភាព និងឯកភាពផ្ទៃក្នុងគ្នាឲ្យបានល្អ ដើម្បីឈរជាសសរទ្រូង ការពារបូរណភាពទឹកដី ឲ្យបានគង់វង្ស៕

 

Loading...