គម្រោងវាយប្រហារទម្លាក់យន្តហោះនៅអូស្ត្រាលីរបស់ក្រុមភេរវកម្ម បរាជ័យ

ក្រុមភេរវកម្មបានឡើងគម្រោងវាយប្រហារទម្លាក់យន្តហោះមួយគ្រឿងនៅក្នុងប្រទេសអូស្ត្រាលី ប៉ុន្តែមិនទទួលបានជោគជ័យឡើយ ហើយត្រូវប៉ូលិសទីក្រុងស៊ីដនីចាប់ខ្លួនជនសង្ស័យបាន៤នាក់ថែមទៀតក្នុងការឆ្មក់ ។ នេះបើតាមការបញ្ជាក់ពីអាជ្ញាធរអូស្ត្រីលី​កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧។

នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Malcolm Turnbull បានប្រាប់ក្រុមអ្នកយកព័ត៌មានថា “ខ្ញុំអាចជម្រាបជូនថា កាលពីយប់មិញ មានប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នាដ៏ធំមួយដើម្បីកម្ទេចផែនការរបស់ក្រុមភេរវកម្មដែលគ្រោងវាយប្រហារទម្លាក់យន្តហោះ” ។

លោកបានបន្ថែមថា កម្លាំងសន្តិសុខត្រូវដាក់បន្ថែមនៅទីតាំងព្រលានយន្តហោះសំខាន់ៗ ទាំងក្នុងស្រុក និងអន្តរជាតិ ហើយអ្នកធ្វើដំណើរទាំងអស់ តម្រូវឲ្យមកកាន់អាកាសយានដ្ឋានឲ្យបានមុនរយៈពេលពីរម៉ោងដើម្បីស្កែនត្រួតពិនិត្យសន្តិសុខ។

អាជ្ញាធរអូស្ត្រាលីមិនបានបញ្ជាក់ថា តើផែនការវាយប្រហារភេរវកម្មនោះ ក្រុមភេរវកម្មគ្រោងធ្វើឡើងទៅលើជើងហោះហើរក្នុងស្រុក ឬក្រៅស្រុកនោះឡើយ ។ ប៉ុន្តែទោះបីយ៉ាងណា ទីភ្នាក់ងារព័ត៌មានរបស់ស៊ីដនី ដេលី តេឡេក្រាបហ៍ រាយការណ៍ថា ជើងហោះហើរក្នុងតំបន់ជាកម្មវត្ថុ។

ស្នងការប៉ូលិសសហព័ន្ធអូស្ត្រាលី លោក Andrew Colvin បានថ្លែងថា បុរស៤នាក់ត្រូវឃាត់ខ្លួន ក្នុងករណីប្រតិបត្តិការឆ្មក់បង្ក្រាបនៅទូទាំងទីក្រុងស៊ីដនីកាលពីថ្ងៃទី២៩ ខែកក្កដា ពួកគេត្រូវចោទថា មានទំនាក់ទំនងនឹងគម្រោងការដែលបំផុតគំនិតដោយពួករដ្ឋអិស្លាម ។

លោកបន្តប្រាប់ក្រុមអ្នកយកព័ត៌មានថា “ប៉ុន្មានថ្ងៃថ្មីៗនេះ កម្លាំងអនុវត្តច្បាប់បានដឹងព័ត៌មានដែលគេបានឲ្យការណ៍មកថា មានមនុស្សនៅក្នុងទីក្រុងស៊ីដនី គ្រោងវាយប្រហារភេរវកម្មដោយប្រើប្រាស់ឧបករណ៍បំផ្ទុះគ្រាប់បែក” ។

ប៉ុន្តែលោក Andrew Colvin បានបន្ថែមថា សមត្ថកិច្ចមិនទាន់ទទួលបានព័ត៌មានគ្រប់គ្រាន់ស្តីពីការវាយប្រហារជាក់លាក់ពីទីតាំងកាលបរិច្ឆេទ ឬពេលវេលានោះឡើយ ដោយការស៊ើបអង្កេតនេះ ត្រូវចំណាយពេលវេលាយូរអង្វែងទៀត។

លោក Turnbull បានថ្លែងថា មិនមែនមនុស្សម្នាក់ជាអ្នករៀបគម្រោងវាយប្រហារខាងលើនេះឡើយ។ ពួកគេរៀបផែនការយ៉ាងល្អិតល្អន់ ។ ប៉ុន្តែទោះបីយ៉ាងណា កម្រិតប្រុងប្រយ័ត្នផ្នែកសន្តិសុខជាតិនៅតែបន្តអនុវត្តយ៉ាងមានប្រសិទ្ធភាព។

ទីក្រុង កង់បេរ៉ា (Canberra)បានបង្កើនកម្រិតប្រុងប្រយ័ត្នផ្នែកសន្តិសុខតាំងពីខែកញ្ញា ឆ្នាំ២០១៤មកម្ល៉េះ គឺបានណែនាំអំពីច្បាប់សន្តិសុខជាតិថ្មី ចំពេលមានការព្រួយបារម្ភពីអំពើវាយប្រហារភេរវកម្មដោយបុគ្គល ដែលចាំបំផុសគំនិតពីក្រុមអង្គការរដ្ឋអ៊ីស្លាមនោះ។

តាំងពីពេលនោះមក ប៉ូលិសប្រឆាំងភេរវកម្មអូស្ត្រាលីបានឆ្មកបង្ក្រាបជាបន្តបន្ទាប់ ដោយបំផ្លាញផែនការវាយប្រហារភេរវកម្មរបស់ក្រុមភេរវកចំនួន១២លើកនៅក្នុងទឹកដីថែមទៀតផង។

ប៉ុន្តែទោះបីយ៉ាងណា អំពើភេរវកម្មកើតឡើងញឹកញាប់ដែរ ដូចជាការវាយប្រហារនៅហាងកាហ្វេមួយកន្លែងក្នុងឆ្នាំ២០១៤ សម្លាប់ចំណាប់ខ្មាំង២នាក់ និងប៉ូលិសស៊ីដនីម្នាក់ត្រូវសម្លាប់កាលពីឆ្នាំ២០១៥ដោយក្មេងប្រុសម្នាក់អាយុ១៥ឆ្នាំ ៕ សុមេធ

Loading...